Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គលេខាធិការនៃប្រទេសប្រើភាសាបារាំងនឹងអញ្ជើញមកបំពេញទស្សនិច្ចនៅប្រទេសកម្ពុជា ដោយអមមកជាមួយអ្នវិនិយោគិនជាច្រើន ដើម្បីឈ្វេងយល់អំពីសក្តានុពលសេដ្ឋកិច្ចនៅប្រទេសកម្ពុជា

  • បោះពុម្ព

ភ្នំពេញៈអគ្គលេខាធិការនៃ ប្រទេសប្រើភាសាបារាំងនឹងអញ្ជើញមកបំពេញទស្សនិច្ចនៅប្រទេសកម្ពុជា នៅខែមីនា ឆ្នាំ២០២២ ដោយអមមកជាមួយអ្នវិនិយោគិនជាច្រើន ដើម្បីឈ្វេងយល់អំពីសក្តានុពលសេដ្ឋកិច្ចនៅប្រទេស កម្ពុជា។

ជាមួយគ្នានេះ ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំងជាមួយព្រឹទ្ធសភាកម្ពុជា ក៏គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។នេះបើតាមការឱ្យដឹងរបស់លោក ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតវិសាមញ្ញ

និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពេលចូលជួបធ្វើសវនាការ និងសម្តែងការគួរសម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

លោក ហ្សាក់ ប៉ឺឡេត បានជម្រាបសម្តេចប្រធានព្រឹទ្ធសភាថា៖លោកបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជា មានការផ្លាស់ប្តូរ និងរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។

មានជំនឿជឿជាក់ថា ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរនឹងកានតែរីកចម្រើនថែមទៀត។

តាមរយៈបេកសកកម្មការទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា លោកត្រៀមខ្លួនជាស្រេចដើម្បីសម្របសម្រួលកិច្ចការទាំងអស់នេះ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍បន្តថា ព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាបារាំងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចាប់តាំងពីឆ្នាំ១៩៩៩ ហើយគណៈប្រតិភូព្រឹទ្ធសភានៃប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក រហូតដល់ឆ្នាំ២០១៩ ទើបមានការពន្យាពេលដោយសារតែជំងឺកូវីដ១៩។

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងនូវការអបអរសាទរចំពោះលោក ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោក លោកនឹងខិតខំប្រឹងប្រែងបន្តលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាជាងនេះទៅទៀត។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសប្បាយរីករាយដោយបានមើលឃើញថា ទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនឥតឈប់ឈរ។

ទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមករវាងថ្នាកដឹកនាំជាតិកំពូលៗ មន្រ្តីជាន់ខ្ពស់គ្រប់ លំដាប់ថ្នាក់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ទន្ទឹមនេះ ប្រទេសទាំងពីរបានបន្តគាំទ្រគ្នាជាបន្តបន្ទាប់ នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានរំលឹកអំពី ការជួបគ្នាដំបូងរវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅហ្វែអង់តាដឺណ័រ ប្រទេសបារាំង ដើម្បីស្វែងរកសន្តិភាព និងការផ្សះផ្សាបង្រួបបង្រួមជាតិ ដែលមានសាធារណរដ្ឋបារាំង ជាអ្នកសម្របសម្រួល។

ជំនួបជាប្រវត្តិសាស្រ្តនេះ បានក្រាលផ្លូវនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សម្តេចបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីស្នូលរបស់ប្រទេសបារាំង ក្នុងដំណើរការស្វែងរកសន្តិភាព និងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅប្រទេសកម្ពុជា។

ក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនបារាំង ដែលបានផ្តល់ជំនួយឥតសំណង កម្ចីអធិបតេយ្យ និងកម្ចីមិនអធិបតេយ្យ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។

ជាមួយគ្នានេះ សម្តេចបានថ្លែងអរគុណដល់រដ្ឋាភិបាលបារាំង ដែលបានជួយអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសបារាំងជាច្រើននាក់ និងបណ្តុះបណ្តាលភាសាបារាំងនៅវិទ្យាស្ថានភាសាបារាំងនៅកម្ពុជា។

ដោយឡែកសម្រាប់ឆ្នាំសិក្សា២០២១-២០២២ បារាំងបានផ្តល់អាហារូបករណ៍ចំនួន ៥០ កន្លែងបន្ថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ចាប់តាំងពីសភាកម្ពុជាចូលជាសមាជិកសភានិយាយភាសាបារាំង សភាកម្ពុជាបានយកចិត្តទុកដាក់ចូលរួមមហាសន្និបាត និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌសភានិយាយភាសាបារាំងដោយទៀងទាត់។

ក្នុងបរិបទកូវីដ-១៩នេះ សភាកម្ពុជាបានចូលរួមគ្រប់វេទិការបស់មហាសន្និបាតសភានិយាយភាសាបារាំង តាមប្រព័ន្ធនិមិត្ត។

សម្តេចប្រធានព្រឹទ្ធសភាបានបង្ហាញអំពីពេញចិត្តជាខ្លាំង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយព្រឹទ្ធសភាបារាំង ដែលមានលទ្ធផលជាបន្តបន្ទាប់។

សម្តេចមានជំនឿជឿជាក់ថា ព្រឹទ្ធសភានៃប្រទេសទាំងពីរនឹងបន្តសកម្មភាពកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន ក្នុងពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះស្ថានទូតបារាំងប្រចាំកម្ពុជា និងព្រឹទ្ធសភាបារាំង ដែលបានជួយគាំទ្រដល់ដំណើរទស្សនកិច្ចសិក្សារបស់សមាជិកព្រឹទ្ធសភា ទៅដកស្រង់បទពិសោធន៍ឈ្វេង យល់ពីប្រព័ន្ធការងាររបស់ព្រឹទ្ធសភាបារាំង និងសូមអរគុណដល់ការផ្តល់ជំនួយឯកសារច្បាប់ ជំនួយសម្ភារៈបច្ចេកទេស

និងការទទួលមន្រ្តីព្រឹទ្ធសភាទៅធ្វើកម្មសិក្សានៅព្រឹទ្ធសភាបារាំង និងនៅសាលារដ្ឋបាលជាតិបារាំង ព្រមទាំងជួយបណ្តុះបណ្តាលភាសាបារាំងនៅមជ្ឈមណ្ឌលភាសាបារាំង។

ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភាបានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ ជិតស្និទជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព

និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា