Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឌីជីថលូបនីយកម្ម មានសារៈសំខាន់ សម្រាប់ការបន្តសកម្មភាពអាជីវកម្ម នៅកម្ពុជា អំឡុងវិបត្ដិកូវីដ-១៩

  • បោះពុម្ព

ភ្នំពេញៈ របាយការណ៍ថ្មីមួយ ដែលចេញផ្សាយ ដោយក្រុមហ៊ុន Meta បានឱ្យដឹងថាៈ សហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម (MSME) ជិតពាក់ កណ្ដាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់មុខងារឌីជីថល សម្រាប់សកម្ម ភាព អាជីវកម្ម របស់ពួកគេ ខណៈក្រុមហ៊ុន មានសកម្មភាពអាជីវកម្ម តាមអនឡាញ របស់កម្ពុជា ភាគច្រើន មើលឃើញមុខងារទាំងនេះថា មានគុណតម្លៃដ៏សំខាន់ ក្នុងដំណើរការអាជីវកម្មរបស់ពួកគេ ក្នុងអំឡុងវិបត្ដិកូវីដ-១៩។

របាយការណ៍ ក្រោមចំណងជើងថា «សហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម និងការប្រើប្រាស់មុខងារ ឌីជីថល ក្នុងអំឡុងពេលរាតត្បាត ជំងឺកូវីដ-១៩» ត្រូវបាន ដាក់បង្ហាញ ជាសាធារណៈ ក្នុងព្រឹត្ដិការណ៍មួយ ដែលមានការចូលរួមជាអធិបតីភាព ដោយអ្នកតំណាង មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។

មន្ដ្រីរាជរដ្ឋាភិបាល មកពីក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍ និងក្រសួងមហាផ្ទៃ ក៏ដូចជា តំណាងមកពីស្ថានប័នរដ្ឋ និងវិស័យឯកជន ក៏មានវត្ដមាន

នៅក្នុងព្រឹត្តិការណ៍ នេះផងដែរ។ ការសិក្សានេះ បានរកឃើញថា ជាងពាក់កណ្តាល (៧៣%) នៃសហគ្រាស MSME ដែលមានសកម្មភាព អាជីវកម្មអនឡាញ ដែលត្រូវបានអង្កេត បានរាយ ការណ៍ថា មុខងារឌីជីថល មានសារៈសំខាន់ ឬសារៈប្រយោជន៍ ក្នុងការបន្ដដំណើរការ អាជីវកម្ម ក្នុងអំឡុងពេលវិបត្ដិ ជំងឺកូវីដ-១៩ នេះ ដោយមានការកើនឡើង នូវសកម្ម ភាពប្រើប្រាស់ ចេញពីគេហដ្ឋាន។

MSMEs ដែលមានសកម្មភាពអាជីវកម្ម អនឡាញ ដែលត្រូវបានអង្កេត បានរាយការណ៍ថា កម្មវិធីផ្សេងៗរបស់ហ្វេសប៊ុក (៦៧ ភាគរយ) និងជាពិសេសកម្មវិធីហ្វេសប៊ុក (៦៦ ភាគរយ) បានជួយពួកគេឱ្យ សម្របខ្លួនទៅនឹងបរិស្ថាន ជំងឺកូវីដ-១៩។

ដោយបច្ចុប្បន្ន មនុស្សកាន់តែច្រើន លេងអ៊ីនធឺណិត ជាងពេលមុន របៀបរស់នៅថ្មី របស់អ្នកប្រើប្រាស់ កំពុងលេចចេញ ឡើង ពោលគឺ ជាទម្លាប់ទិញថ្មី របៀបស្វែងរកថ្មី និងការរំពឹងទុកថ្មី។

របាយការណ៍នេះ ដែលអាចរកបានទាំង នៅលើអនឡាញ និងជារបាយការណ៍ បោះពុម្ព ក៏បានរកឃើញផងដែរថា សហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម នៅកម្ពុជា បានបង្កើនការប្រើប្រាស់ មុខងារឌីជីថល ប្រហែល ១០ភាគរយ

ដើម្បីប្រតិបត្ដិការ អាជីវកម្មរបស់ខ្លួន ក្នុងអំឡុងពេលរីករាលដាល ជំងឺកូវីដ-១៩ ដោយ ៣៦ ភាគរយ នៃក្រុមហ៊ុនអាជីវកម្ម ដែលត្រូវបានស្ទង់មតិ បានរាយការណ៍ ពីការប្រើប្រាស់ មុខងារឌីជីថល សម្រាប់អាជីវកម្ម មុនសម័យកូវីដ បើធៀបនឹង ៤៥ ភាគរយ ក្នុងរយៈពេលមួយឆ្នាំ កន្លងមកនេះ។

លោក ហេង ភក្ដី នាយកផ្នែកគោលនយោបាយសាធារណៈ ប្រចាំប្រទេសកម្ពុជារបស់ ហ្វេសប៊ុក បានថ្លែងថាៈ «យើងបន្តផ្តោតការយកចិត្តទុកដាក់ លើការពន្លឿនការស្ទុះ ងើបឡើងវិញ នៅកម្ពុជា តាមរយៈការធ្វើកិច្ចការ ដែលប្រសើរបំផុត ដែលយើងអាច ធ្វើបាន ដោយផ្តល់លទ្ធភាពទទួលបាន និងការតភ្ជាប់ការចែករំលែក ព័ត៌មានស៊ីជម្រៅ ដើម្បីជួយសហគមន៍ និងអាជីវកម្ម ឱ្យដំណើរការអាជីវកម្ម តាមគន្លងប្រក្រតីភាពថ្មី។

លទ្ធផលនៃការស្ទង់មតិនេះ បានបង្ហាញពីការកើនឡើង យ៉ាងខ្លាំង ក្នុងការប្រើប្រាស់ មុខងារឌីជីថល ជាពិសេស ហ្វេសប៊ុក និងមុខងារសារឆ្លើយឆ្លង ដោយផ្ទាល់ (direct messaging) ដើម្បីប្រតិបត្ដិការ អាជីវកម្មនៅកម្ពុជា។

កត្តានេះ បានបង្កើតទាំងឱកាស និងឧបសគ្គ ក៏ដូចជា ជួយយើងឱ្យសម្រេចចិត្តថា តើគួរផ្សារ ភ្ជាប់ទំនាក់ទំនងជាមួយ MSME ដោយរបៀបណា។

យើងត្រូវជួយពួកគេ ឱ្យស្វែងរកលទ្ធភាពបន្ថែមទៀត អំពីពាណិជ្ជកម្ម លើបណ្ដាញសង្គម និងផ្ដល់ការអប់រំ អំពីវិធីសាស្ដ្រប្រសើរបំផុត ក្នុងការប្រើប្រាស់ មុខងារឌីជីថល ដើម្បីធ្វើឱ្យអាជីវកម្ម របស់ពួកគេ មានភាពប្រសើរឡើង»។

ការស្ទង់មតិលើសហគ្រាសមីក្រូ ធុនតូច និងធុនមធ្យមនេះ ត្រូវបានធ្វើឡើងដោយ ក្រុមហ៊ុន DAI និងក្រុមហ៊ុន Ipsos ចាប់ពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ទៅលើម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងជាន់ខ្ពស់ របស់ សហគ្រាសមីក្រូ (មាននិយោជិតម្នាក់) ធុនតូច (មាននិយោជិតពី ២-៩នាក់) និងធុនមធ្យម (មាននិយោជិតពី ១០-២៤៩នាក់) នៅកម្ពុជា សរុបមានចំនួន ៩៩៧ នាក់។

ការស្ទង់មតិនេះ គឺជាផ្នែកមួយនៃការសិក្សា ទូលំទូលាយមួយ ទៅលើសហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម (MSMEs) ដោយប្រើប្រាស់ទិន្នន័យស្ទង់មតិថ្មី ដែលបាន មកពីថ្នាក់ដឹកនាំអាជីវកម្ម ទូទាំងពិភពលោក ក្នុងតំបន់អាមេរិកខាងត្បូង អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។

អ្នកនាង អាំ វាសនា ដែលជាសហគ្រិនមួយរូប បានថ្លែងថាៈ «បណ្ដាញទំនាក់ទំនង សង្គម ជាពិសេស ហ្វេសប៊ុក បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់អាជីវកម្ម ក្នុងអំឡុង ពេលរាតត្បាតជំងឺកូវីដ-១៩។

អំឡុងពេលពិបាកបំផុត ក្នុងវិបត្ដិនេះ យើងបានប្រែក្លាយ អាជីវកម្មទាំងអស់ របស់យើង ទៅជាអនឡាញ ហើយសូម្បីតែពេលនេះ ជាពេល ដែលអត្រាឆ្លងជំងឺកូវីដ-១៩ បានធ្លាក់ចុះទៅហើយក្តី ក៏យើងនៅតែបន្ដប្រើប្រាស់ ហ្វេសប៊ុក និងមុខងារឌីជីថល ផ្សេងៗទៀត ធ្វើជាមធ្យោបាយចម្បង ដើម្បីទាក់ទង និងផ្សារភ្ជាប់ ជាមួយអតិថិជន របស់យើងផងដែរ»។

ភាពប្រសើរឡើង នៃការតភ្ជាប់ទំនាក់ទំនង និងការកើនឡើង ឱកាសបណ្ដុះបណ្ដាល ត្រូវបានចាត់ទុកថា ជាកត្ដាសំខាន់ សម្រាប់ក្រុមហ៊ុននានា ដែលមានបំណងធ្វើឱ្យ អាជីវកម្មរបស់ខ្លួន ទៅជាសកម្មភាព អនឡាញបន្ថែមទៀត ដោយ ៦៤ ភាគរយ នៃសហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម ដែលត្រូវបានស្ទង់មតិ បានរាយការណ៍ ពីចំណាប់អារម្មណ៍ ចង់សិក្សាបន្ថែម អំពីការប្រើប្រាស់ មុខងារឌីជីថល ដើម្បីស្វែងរក អតិថិថជនថ្មីៗ។

លោក គង់ ម៉ារី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ ថាៈ «ឌីជីថលូបនីយកម្មសហគ្រា គឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភ ចម្បង ចំនួន៣ ដែលដាក់ចេញនៅក្នុង “ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥។

ក្នុងន័យនេះ ក្រសួងដែលមានតួនាទី នាំមុខគេ ក្នុងការសម្របសម្រួលការងារនេះ បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជួយដល់ ក្រុមហ៊ុនអាជីវកម្ម ដើម្បីឱ្យពួកគេ មានលទ្ធភាពសម្របខ្លួន ទៅនឹងបច្ចេកវិទ្យា ឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលនេះ ដើម្បីលើកកម្ពស់ ប្រតិបត្តិការ និងពង្រីកទីផ្សាររបស់ខ្លួន។

ឌីជីថលូបនីយកម្ម របស់ក្រុមហ៊ុនអាជីវកម្ម គឺជាគន្លឹះសំខាន់ ក្នុងការគាំទ្រដល់ ការអភិវឌ្ឍសេដ្ឋកិច្ច ពន្លឿនកំណើនសេដ្ឋកិច្ច និងកសាងភាពធន់ របស់ប្រទេសយើង នៅក្រោយពេលការរាតត្បាតជំងឺ។

ក្រសួងនឹងបន្តធ្វើការងារ យ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន Meta និងកម្មវិធីរបស់ ក្រុមហ៊ុននេះ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីគាំទ្រដល់ បេសកកម្មដ៏សំខាន់នេះ ដើម្បីសម្រេចបានពេញលេញ នូវការផ្លាស់ប្តូរទៅជាឌីជីថល របស់កម្ពុជា នៅឆ្នាំខាងមុខ»៕

ដកស្រង់ពី៖ រស្មំីកម្ពុជា