Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចព្រមព្រៀមពាណិជ្ជកម្មសេរី កម្ពុជា-ចិន ជាឱកាសដ៏ល្អសម្រាប់កម្ពុជា

  • បោះពុម្ព

(ប៉េកាំង)៖ ក្នុងរយៈពេលជាងមួយទសវត្សរ៍ មុនពេលមានការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា មានកំណើនប្រចាំឆ្នាំជាមធ្យមក្នុងអត្រាខ្ពស់ជាង ៧% ដែលនេះគឺជាកំណើនមួយដ៏ខ្ពស់ បើធៀបទៅនឹងកំណើនរបស់ប្រទេសនានា នៅក្នុងតំបន់អាស៊ាន។

សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើវិស័យចម្បងៗចំនួនបី គឺវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា មានការប្រែប្រួលគួរឲ្យកត់សម្គាល់ ដោយចំណែករបស់វិស័យឧស្សាហកម្ម និងសេវាកម្មនៅក្នុងផលិតផលក្នុងស្រុកសរុប បានកើនឡើងគួរឲ្យកត់សម្គាល់ ដោយជាមធ្យម វិស័យទាំងពីរនេះ បានរួមចំណែករហូតទៅដល់ជាង ៦០% នៃផលិតផលក្នុងស្រុកសរុប រីឯចំណែករបស់វិស័យកសិកម្ម បានថយចុះមកនៅត្រឹមជាង ២០% តែប៉ុណ្ណោះជាមធ្យម។

នេះគឺជាការវិវត្តដ៏គួរឲ្យរីករាយ ពីព្រោះរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យ ប្រែក្លាយសេដ្ឋកិច្ចកម្ពុជាដែលជាប្រពៃណី ពឹងផ្អែកលើវិស័យកសិកម្ម ទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម ដោយប្រើប្រាស់វិស័យឧស្សាហកម្ម និងសេវាកម្មជាវិស័យគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ប៉ុន្តែការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់នូវភាពផុយស្រួយ និងភាពងាយរងគ្រោះនៃសេដ្ឋកិច្ចមួយ ដែលពឹងផ្អែកលើវិស័យឧស្សហកម្ម និងសេវាកម្មជាចម្បង។

នៅពេលការរីករាលដាលនៃជំងឺកូវីដ-១៩ បានផ្ទុះឡើងនៅដើមឆ្នាំ២០២០ វិស័យទេសចណ៍កម្ពុជា ដែលជាឆ្អឹងខ្នងនៃវិស័យសេវាកម្មរបស់កម្ពុជា បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការអនុវត្តវិធានការបិទប្រទេស និងរឹតបន្តឹងចរាចរណ៍ឆ្លងកាត់ព្រំដែន នៅស្ទើរពាសពេញពិភពលោក ដោយរួមទាំងប្រទេសកម្ពុជាផងដែរ។

ចំនួនទេសចរបរទេសមកទស្សនាប្រទេសកម្ពុជា បានធ្លាក់ចុះយ៉ាងគំហុក ដែលការបាត់បង់ភ្ញៀវទេសចរនេះ បានវាយប្រហារវិស័យសេវាកម្មយ៉ាងធ្ងន់ធ្ងរ។

វិស័យវាយនភណ្ឌ ដែលជាសសរទ្រូងនៃវិស័យឧស្សាហកម្មកម្ពុជា ក៏ជួបប្រទះនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរស្រដៀងគ្នានេះផងដែរ ដោយសារតែតម្រូវការទំនិញបានធ្លាក់ចុះ មានភាពរអាក់រអួលក្នុងការផលិត ដែលបណ្ដាលមកពីការរាំងស្ទះនូវការដឹកជញ្ជូនវត្ថុធាតុដើម និងការលំបាកក្នុងការដឹកជញ្ជូនផលិតផលទៅកាន់ទីផ្សារ។

ជារួម ដោយសារតែវិស័យសំខាន់ៗដែលជាសសរទ្រូងនៃសេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយប្រហារដោយការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២០ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាបានធ្លាក់ចុះរហូតដល់ -៣.១% ដែលនេះគឺជាអត្រាទាបបំផុតមួយ ដែលកម្ពុជាមិនធ្លាប់ជួបប្រទះ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។

នៅក្នុងស្ថានភាពនៃវិបត្តិបែបនេះ យើងសង្កេតឃើញថា វិស័យដែលមានភាពធន់មាំ ដែលអាចទ្រាំទ្រនឹងវិបត្តិបានរឹងមាំជាងគេបំផុត គឺវិស័យកសិកម្ម។

ទាំងរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពិភពលោក ដូចជាធនាគារពិភពលោកជាដើម សុទ្ធតែទទួលស្គាល់ថា វិស័យកសិកម្ម មានភាពធន់មាំខ្លាំងជាងគេបំផុត នឹងជាមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ។

នៅក្នុងបរិបទនេះ រដ្ឋាភិបាលកម្ពុជាបានអនុវត្តគោលនយោយបាយ ជំរុញលើកទឹកចិត្តឲ្យប្រជាជនបង្កើនការដាំដុះ និងការផលិតនៅក្នុងវិស័យកសិកម្ម ដើម្បីស្រូបយកកម្លាំងពលកម្មមកពីវិស័យផ្សេងៗទៀត ដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

ជាការពិត ការជំរុញលើកទឹកចិត្តនេះ ហាក់ដូចជាទទួលបានជោគជ័យ ដោយគេសង្កេតឃើញនូវកំណើននៃផលិតផលកសិកម្ម។ ក៏ប៉ុន្តែជោគជ័យនោះ ក៏បង្កើតបាននូវបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់កម្ពុជាផងដែរ គឺកង្វះទីផ្សារដើម្បីស្រូបយកផលិតផលកសិកម្ម ពីព្រោះទីផ្សារក្នុងស្រុកមានទំហំតូច ដែលមិនអាចស្រូបយកអស់នូវផលិតផលកសិកម្ម ដែលត្រូវផលិតបាន។

បញ្ហាកង្វះទីផ្សារ គឺជាបញ្ហាប្រឈមដ៏រ៉ាំរ៉ៃមួយ ដោយស្ទើរតែនៅគ្រប់ពេលនៃរដូវប្រមូលផល ប្រជាកសិករតែងតែត្អូញត្អែរអំពីការធ្លាក់ចុះ នៃតម្លៃផលិតផលកសិកម្មរបស់ពួកគេ និងកង្វះអ្នកទិញ។

ប៉ុន្តែការរីករាល ដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យបញ្ហានេះកាន់តែមានសភាពធ្ងន់ធ្ងរ។

ជាធម្មតា ផលិតផលកសិកម្មទាំងនេះ ត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាងរបស់កម្ពុជាជាមុនសិន មុនពេលដែលផលិតផលកសិកម្មទាំងនេះ ត្រូវនាំចេញបន្តទៅកាន់ប្រទេសគោលដៅ

ប៉ុន្តែនៅពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ចរាចរណ៍ឆ្លងកាត់ព្រំដែនត្រូវបានរឹតបន្តឹង ឬត្រូវបានបិទទាំងស្រុង ដែលធ្វើឲ្យរាំងស្ទះដល់ការនាំចេញផលិតផលកសិកម្មទាំងនោះ ទៅកាន់ប្រទេសជិតខាងកម្ពុជា។

វិធានការដោះស្រាយជាបណ្ដោះអាសន្ន ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលកម្ពុជា ដូចជាការបញ្ចេញទុន ដើម្បីទិញផលិតផលកសិកម្មទាំងនោះយកមករក្សាទុក និងការអំពាវនាវឲ្យប្រជាជនចូលរួមទិញ

និងប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក មិនអាចដោះស្រាយបញ្ហាប្រឈមនេះ ក្នុងរយៈពេលវែងប្រកបដោយប្រសិទ្ធភាព និងចីរភាពបាននោះឡើយ ពីព្រោះតម្រូវការក្នុងស្រុកនៅមានកម្រិតទាប។

ការនាំចេញផលិតផលកសិកម្មទាំងនោះ ឆ្ពោះទៅកាន់ប្រទេសជិតខាង ដែលមិនមែនជាទីផ្សារប្រើប្រាស់ផ្ទាល់ ក៏មិនអាចដោះស្រាយបញ្ហាប្រឈមនេះ ប្រកបដោយប្រសិទ្ធភាព និងចីរភាពផងដែរ។

ការស្វែងរកទីផ្សារដែលប្រើប្រាស់ផ្ទាល់នូវផលិតផលកសិកម្មកម្ពុជា គឺជាដំណោះស្រាយរយៈពេលវែង ដែលមានចីរភាព និងមានប្រសិទ្ធភាព។

ការយល់ព្រមរបស់ប្រទេសចិន ក្នុងទទួលទិញផលិតផលកសិកម្មដោយផ្ទាល់ពីកម្ពុជា និងការចុះកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីកម្ពុជាចិន ដែលនឹងចូលជាធរមាននៅដើមឆ្នាំ២០២២ ខាងមុខនេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា ពីព្រោះទីផ្សារចិន គឺជាទីផ្សារធំជាងគេបំផុតដែលមានប្រជាជនជាង ១,៤០០លាននាក់ ហើយប្រទេសចិនក៏ជាប្រទេសនាំចូលផលិតផលកសិកម្ម ធំជាងគេបំផុតមួយនៅលើពិភពលោក ផងដែរ។

ការបោះជំហានចូលទៅកាន់ទីផ្សារចិន គឺជាឱកាសដ៏ល្អសម្រាប់រដ្ឋាភិបាល វិស័យឯកជន និងប្រជាកសិករកម្ពុជា។ ការបើកចំហទីផ្សារចិនកាន់តែធំទូលាយ ដើម្បីទទួលយកផលិតផលកសិកម្មកម្ពុជា នឹងជួយជំរុញកំណើននៃវិស័យកសិកម្ម ដែលនឹងជួយរក្សាស្ថេរភាពសេដ្ឋកិច្ចកម្ពុជា នៅក្នុងបរិបទជំងឺកូវីដ-១៩ និងជួយស្ដារសេដ្ឋកិច្ចកម្ពុជា នៅក្រោយពេលជំងឺកូវីដ-១៩ ដោយវិស័យនេះនឹងជួយស្រូបយកកម្លាំងពលកម្ម ដែលបានបាត់បង់ការងារនៅក្នុងវិស័យដទៃផ្សេងទៀត។

ទន្ទឹមគ្នានេះដែរ ការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន ក៏នឹងជួយរដ្ឋាភិបាលកម្ពុជា សម្រេចគោលដៅនៃគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មរបស់ខ្លួនផងដែរ ដោយកម្ពុជាមានគោលដៅបង្កើនការនាំចេញ ទំនិញកែច្នៃកសិកម្មឲ្យបាន ១២% នៃបរិមាណនាំចេញសរុបនៅត្រឹមឆ្នាំ២០២៥។

ជាងនេះទៅទៀត ការអនុញ្ញាតឲ្យផលិតផលកសិកម្មកម្ពុជា ចូលទៅកាន់ទីផ្សារប្រទេសចិន ក៏នឹងជួយកាត់បន្ថយ ឱនភាពពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ដែលឱភាពពាណិជ្ជកម្មនេះ បានក្លាយជាប្រធានបទដ៏ពេញនិយមមួយ

ដែលអ្នកវិភាគជាច្រើនបានលើកយកមកធ្វើជាហេតុផល សម្រាប់រិះគន់គោលនយោបាយការបរទេសរបស់កម្ពុជាចំពោះចិន ដោយអ្នករិះគន់ទាំងនោះ មិនបានវាយតម្លៃប្រកបដោយតុល្យភាព អំពីសារៈសំខាន់នៃការនាំចូលវត្ថុធាតុដើម និងសម្ភារៈបរិក្ខាចាំបាច់ដទៃទៀត ពីប្រទេសចិនដើម្បីទ្រទ្រង់ផលិតកម្ម របស់កម្ពុជា ជាពិសេសផលិតកម្មនៅក្នុងវិស័យវាយនភណ្ឌ ដើម្បីបម្រើឲ្យការនាំចេញទំនិញរបស់កម្ពុជា នោះឡើយ។

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាចិននៅក្នុងឆ្នាំ២០២០ មានតម្លៃប្រហែល ៨.១ពាន់លានដុល្លារអាមេរិក ដោយមានការថយចុះប្រហែល ៥% បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ ដោយសារតែទទួលរងផលប៉ះពាល់ មកពីការរីករាលដាលនៃជំងឺកូវីដ-១៩។

ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២០ មានតម្លៃជាង ១ពាន់លានដុល្លារអាមេរិក ដែលវាបង្ហាញនូវឱនភាពពាណិជ្ជកម្មរបស់កម្ពុជា នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន ប៉ុន្តែបើយើងពិនិត្យមើលទៅលើ និន្នាការនៃការនាំចេញ យើងសង្កេតឃើញថាការនាំចេញទំនិញពីកម្ពុជា ទៅកាន់ប្រទេសចិន កំពុងកើនឡើងជាសន្សឹមៗ

ដោយតម្លៃនៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២០ មានកំណើន ៨.១១% បើធៀបទៅនឹងតួលេខនៅក្នុងឆ្នាំ២០១៩ ជាងនេះទៅទៀត ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២១នេះ

ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសចិន មានកំណើនរហូតទៅដល់ជាង ៥០% បើធៀបទៅនឹងតម្លៃនៃការនាំចេញទំនិញទៅកាន់ប្រទេសចិន ក្នុងរយៈពេលដូចគ្នានេះ នៅក្នុងឆ្នាំ២០២០កន្លងទៅ ដោយក្នុងរយៈពេល ៨ខែដំបូងនេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសចិន ដែលមានតម្លៃជាងមួយពាន់លានដុល្លារអាមេរិករួចទៅហើយ។

ទន្ទឹមនឹងនេះ ការបំពេញតាមលក្ខខណ្ឌតម្រូវ ដើម្បីធ្វើការនាំចេញទំនិញទៅកាន់ប្រទេសចិនដោយផ្ទាល់ ក៏នឹងផ្ដល់ការត្រៀមខ្លួនយ៉ាងល្អសម្រាប់កម្ពុជា ក្នុងការទាញយកអត្ថប្រយោជន៍ពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនផ្សេងទៀត ដែលនឹងចូលជាធរមាននាពេលខាងមុខផងដែរ។ ក៏ប៉ុន្តែឱកាសនេះ គឺជាឱកាសដោយត្រូវអមទៅដោយបញ្ហាប្រឈម។

នៅក្នុងចំណោមបញ្ហាប្រឈមចម្បងនានា ការបំពេញតាមលក្ខខណ្ឌបទដ្ឋានអនាម័យ និងភូតគាមអនាម័យ និងសុវត្ថិភាពចំណីអាហារ គឺជាបញ្ហាប្រឈមចម្បង ដែលភាគីពាក់ព័ន្ធទាំងអស់ដោយរួមទាំងរដ្ឋាភិបាល វិស័យឯកជន និងប្រជាកសិករ ត្រូវចូលរួមដោះស្រាយជាមួយគ្នា។

ការកែលម្អរចនាសម្ព័ន្ធ និងសេវាដឹកជញ្ជូន និងឡូជីស្ទីក ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនប្រសិទ្ធភាព និងល្បឿននៃការដឹកជញ្ជូន ដែលនឹងជួយបង្កើនភាពប្រកួតប្រជែង របស់ទំនិញកសិកម្មកម្ពុជា ក៏ជាបញ្ហាប្រឈមដ៏ចម្បងមួយផងដែរ។

សរុបមក យើងមិនអាចរំពឹងថា ការអនុញ្ញាតរបស់ប្រទេសចិនឲ្យផលិតផលកសិកម្មកម្ពុជាចូលទៅកាន់ទីផ្សារចិន និងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន

នឹងធ្វើឲ្យផលិតផលកសិកម្មកម្ពុជាហូរចូលទៅកាន់ទីផ្សារចិន ដោយឯកឯងយ៉ាងរលូននោះឡើយ ភាគីពាក់ព័ន្ធទាំងអស់ត្រូវខិតខំប្រឹងប្រែងរួមគ្នា ធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីអនុញ្ញាតឲ្យកម្ពុជាអាចទាញយក អត្ថប្រយោជន៍ជាអតិបរិមាពីឱកាសនេះ៕

ដកស្រង់ពី៖ Fresh News