Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីការងារ៖ រោងចក្រផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរមួយចំនួននៅកម្ពុជានឹងជ្រើសរើសកម្លាំងពលកម្មបន្ថែម

  • បោះពុម្ព

(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគាំទ្រចំពោះសមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ ដែលចង់ជ្រើសរើសកម្លាំងពលកម្មបន្ថែមសម្រាប់បម្រើការងារនៅក្នុងរោងចក្រដែលជាសមាជិករបស់សមាគម ព្រោះកំពុងខ្វះកម្លាំងពលកម្មដើម្បីបម្រើការងារ។

ការគាំទ្រនេះធ្វើឡើងនាឱកាសលោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសសមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងលោក លឹម តុង ប្រធានសមាគមក្នុងអាណត្តិ ចូលជួបជាមួយលោករដ្ឋមន្រ្តី អ៉ិត សំហេង នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងការងារ។

លោកឧកញ៉ា លី ឃុនថៃ បានបញ្ជាក់ថា «រោងចក្រមួយចំនួនដែលជាសមាជិករបស់សមាគមនាពេលបច្ចុប្បន្ននេះ កំពុងតែខ្វះកម្លាំងពលកម្មដើម្បីបម្រើការងារនៅក្នុងផ្នែកផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនេះផងដែរ ដូច្នេះសមាគមចង់សហការបន្ថែមជាមួយក្រសួង ដើម្បីជ្រើសរើសកម្លាំងពលកម្មសម្រាប់បម្រើការងារនៅក្នុងច្រវាក់ផលិតកម្មរបស់រោងចក្រ»។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី អ៉ិត សំហេង បានណែនាំឱ្យសមាគមសហការជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីធ្វើការផ្សព្វផ្សាយពីឱកាសការងារ និងរើសកម្លាំងពលកម្មផ្គត់ផ្គង់កម្លាំងពលកម្មមកដល់រោងចក្រទាំងនោះ។

សម្រាប់កម្លាំងពលកម្មជំនាញវិញ ខាងសមាគមអាចទាក់ទងផ្ទាល់តាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទរបស់ក្រសួងបានគ្រប់ពេលដើម្បីរើសជំនាញតាមអ្វីដែលជាតម្រូវការ។

លោករដ្ឋមន្ត្រីក៏បានស្នើឱ្យកំណត់ពេលជាទៀងទាត់ណាមួយ ដើម្បីជួបពិភាក្សាការងារជាមួយសមាគម តែប្រសិនបើខាងសមាគមមានបញ្ហាប្រឈមអ្វីមួយចង់ឲ្យក្រសួងជួយដោះស្រាយ អាចធ្វើការទំនាក់ទំនង ឬមកកាន់ក្រសួងដោយផ្ទាល់ក៏បាន ដើម្បីក្រសួងធ្វើការដោះស្រាយ និងសម្របសម្រួលជូន។

លោក អ៉ិត សំហេង បានបញ្ជាក់ថា ការបង្កើតសមាគមនេះជាយន្តការមួយក្នុងការចូលរួមជាមួយអ្នកវិនិយោគ និងវេទិការបស់រាជរដ្ឋាភិបាល

និងក៏ជាការចូលរួមចំណែកលើការសម្របសម្រួលក្នុងក្របខណ្ឌត្រីភាគីអនុវត្តតាមបទដ្ឋានការងារ កាតព្វកិច្ចរបស់រោងចក្រ អត្ថប្រយោជន៍របស់កម្មករ និងការដោះស្រាយវិវាទការងារជាដើម។

គួរជម្រាបថា សមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ តែដោយសារតែមានការរំខានពីការរាតត្បាតនៃជំងឺកូវីដ-១៩ ទើបធ្វើឱ្យមានការកាត់បន្ថយសកម្មភាព ប៉ុន្តែសមាគមក៏ចាប់មានសកម្មភាពឡើងវិញក្នុងឆ្នាំ២០២២នេះ៕

ដកស្រង់ពី៖ Fresh News