Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន៖ កងទ័ពរុស្ស៉ី មិនអាច​ផ្តួលរំលំអ៊ុយក្រែន តាមរយៈកម្លាំងយោធាបានទេ

  • បោះពុម្ព

ភ្នំពេញ៖ នាយប់ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ដែលជាថ្ងៃទី៤ ដែលកងទ័ពរុស្ស៊ី លើកទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្សព្វផ្សាយនូវការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា កងទ័ពរុស្ស៉ី មិនអាចផ្តួលរំលំអ៊ុយក្រែន តាមរយៈកម្លាំងយោធាបានទេ ឯអ៊ុយក្រែន ក៏មិនអាចកំទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ ពោលគឺមិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ ច្រកចេញតែមួយគត់ គឺការចរចាដោយសន្តិវិធី។

ជុំវិញបញ្ហារុស្ស៊ី លើកទ័ពចូលឈ្លានពានអ៊ុយក្រែននេះ សម្តេចតេជោ ហ៊ុន សែន ដែលកំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ក បន្ទាប់ពីប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ បានលើកឡើងថា «តាមទស្សនៈផ្ទាល់របស់ខ្ញុំ កងទ័ពរបស់ប្រទេសរុស្ស៉ី ប្រហែលជាមិនអាចផ្តួលរំលំប្រទេសអ៊ុយក្រែន តាមរយៈការប្រើប្រាស់កម្លាំងយោធាបានទេ។

ចំណែកឯយោធារបស់អ៊ុយក្រែន ក៏មិនអាចកំទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ ពោលគឺមិនអាចយកសង្គ្រាមបញ្ចប់សង្រ្គាមបាននោះទេ នៅសល់ច្រកចេញតែមួយគត់ គឺការចរចាដោះស្រាយដោយសន្តិវិធី»។

សម្តេចតេជោ ហ៊ុន សែន បន្តថា «ការវាយប្រហារគ្នាយ៉ាងខ្លាំងក្លារវាងអ៊ុយក្រែន និងរុស្ស៉ី រយៈពេលប៉ុន្មានថ្ងៃមកនេះ កម្លាំងយោធារបស់រុស្ស៉ីសម្លាប់យោធារបស់អ៊ុយក្រែន មិនដល់១០០០នាក់នោះទេ បើទោះបីចូលកាន់កាប់ទីក្រុងមួយចំនួនក៏ដោយ

តើត្រូវការរយៈពេលប៉ុន្មានថ្ងៃ និងកងទ័ពច្រើនប៉ុន្មានណា ទើបអាចឈ្នះសង្រ្គាម ឬបញ្ចប់សង្រ្គាមនេះ ប្រហែលជាមិនអាចនោះទេ បើទោះបីរុស្ស៉ីចូលកាន់កាប់ប្រទេសអ៊ុយក្រែនទាំងមូល និងប្រធានាធិបតីត្រូវបានសម្លាប់ ឬត្រូវចាប់ខ្លួនតើប្រជាជនរបស់គេ (អ៊ុយក្រែន) សុខចិត្តនៅស្ងៀមទេ ប្រជាជនអាចនឹងក្រោកឡើងតស៊ូ

ដើម្បីប្រទេសរបស់ពួកគេ ចូលក្រឡេកមើលប្រទេសមួយចំនួនដូចជា អ៊ីរ៉ាក់ ស៊ីរី លីប៊ី តើរហូតមកដល់ពេលនេះ បានបញ្ចប់សង្រ្គាម ទទួលបានសន្តិភាពហើយ ឬនៅ?»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «រុស្ស៉ី អាចនឹងផុងខ្លួន នៅក្នុងទឹកដីរបស់អ៊ុយក្រែន ប្រសិនរុស្ស៉ី ត្រូវទុកកងទ័ពរយៈពេលយូរក្នុងទឹកដីអ៊ុយក្រែន ដែលមានជាបទពិសោធន៍រួចហើយ សម្រាប់កងទ័ពសូវៀត នៅអាហ្វហ្គានីស្ថាន នាទសវត្សរ៍១៩៨០ និងកងទ័ពអាមេរិកនិងណាតូ នៅអាហ្វហ្គានីស្ថានក្នុងសតវត្សទី២១។

កិច្ចការសំខាន់បំផុត នៅចំពោះមុខនោះ គឺការចរចាដោយសន្តិវិធី ដោយផ្តល់នូវប្រយោជន៍គ្នាទៅវិញទៅមក ទើបឈានដល់ការបញ្ចប់សង្រ្គាមបង្ហូរឈាមគ្នា និងរកឃើញសន្តិភាពយ៉ាងពិតប្រាកដ។

ដូចដែលខ្ញុំធ្លាប់លើកឡើងជាច្រើនដងរួចហើយថា ខ្ញុំគ្មានជំនឿថាយកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាមបាននោះទេ។ ទីកន្លែង និងពេលវេលាចរចាមិនគួរក្លាយជាឧបសគ្គ សម្រាប់ការចចារនោះឡើយ ព្រោះវានាំដល់ពន្យារការឈឺចាប់ សម្រាប់ប្រជាជន ដែលពេលនេះ កំពុងរត់ភៀសខ្លួន និងជ្រកក្រោមជំរកសុវត្ថិភាពគួរឱយអាណិត»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «កម្ពុជាទទួលបានសន្តិភាពពេញលេញ ដូចសព្វថ្ងៃ ប្រជាជនរស់នៅសុខសាន្តពោរពេញដោយសេចក្តីសុខ ក៏ដោយសារចរចាដោយសន្តិភាព ជាមួយនឹងនយោបាយឈ្នះឈ្នះ កាលពីឆ្នាំ១៩៩៨។

បើមិនមានការចរចាសន្តិវិធីរកសន្តិភាពនោះទេ ប្រហែលជាពេលនេះ កម្ពុជាអាចនឹងកំពុងស្ថិតនៅក្នុងសង្រ្គាម ក៏អាចថាបានដែរ ហើយនៅពេលនេះ ខ្ញុំក៏សូមអំពាវនាវឱ្យមានកិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី សម្រាប់បញ្ហារុស្ស៉ី និងអ៊ុយក្រែន»

ដកស្រង់ពី៖ កោះសន្តិភាព