Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាបន្តទទួលបានកូតានាំចេញអង្ករ៣០ម៉ឺនតោន និងថ្នាំជក់៣ពាន់តោន ក្នុងអត្រាពន្ធសូន្យ ពីវៀតណាម

  • បោះពុម្ព

(ភ្នំពេញ)៖ វៀតណាមបានសម្រេចបន្តផ្តល់កូតា ឱ្យកម្ពុជាក្នុងការចេញអង្ករចំនួន៣០ម៉ឺនតោន និងថ្នាំជក់៣ពាន់តោន ក្រោមការអនុគ្រោះពន្ធសូន្យ រយៈពេល២ឆ្នាំ។

នេះបើតាមការឱ្យដឹងពីលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ។

លោកបានឱ្យដឹងថា ជាទូទៅរៀងរាល់២ឆ្នាំម្តង វៀតណាមបានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា ដើម្បីផ្តល់ការអនុគ្រោះពន្ធដល់ការនាំចេញអង្ករ និងថ្នាំជក់កម្ពុជា ក្នុងនាមជាប្រទេសជាប់របងគ្នា និងកាត់បន្ថយការប្រកួតប្រជែងរវាងឈ្នួញនៃប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងនេះ ត្រូវចុះហត្ថាលេខាកាលពីចុងឆ្នាំ២០២០ ដើម្បីផ្តល់ការអនុគ្រោះពន្ធនាំចេញសម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ ប៉ុន្តែដោយសារតែការរាតត្បាតជំងឺកូវីដ១៩ បានពន្យារពេលរហូតមកដល់ពេលនេះ។

លោកបានគូសបញ្ជាក់ថា «ចំពោះទំនិញអង្ករ និងទំនិញថ្នាំជក់នេះ ភាគីវៀតណាមក៏មានដូចយើងដែរ បានន័យថា គាត់មានផលិតអង្ករ ថ្នាំជក់សម្រាប់ការនាំចេញដូចយើងដែរ។

អីចឹងគាត់ជៀសវាងថា កុំឱ្យមានការប្រកួតប្រជែងខ្លាំងពេក រវាងឈ្មួញវិស័យឯកជននៃប្រទេសទាំងសងខាង។

ហេតុនេះ រៀងរាល់ឆ្នាំគាត់មានកិច្ចព្រមព្រៀងមួយកំណត់របៀបនេះ គឺអង្ករ៣០ម៉ឺនតោន និងថ្នាំជក់៣ពាន់តោន ដែលភាគីសងខាងត្រូវចេញប្រភពដើមទំនិញឱ្យគ្នាទៅវិញទៅមក»។

លោកបន្ថែមថា សម្រាប់អ្នកនាំចេញដែលចង់ទទួលបានការអនុគ្រោះពន្ធក្រោមលក្ខខណ្ឌនេះ ចាំបាច់ត្រូវមកសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ S ពីក្រសួងពាណិជ្ជកម្មកម្ពុជា។

រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានចុះហត្ថលេខាលើសារាចរមួយ ដោយកំណត់បទប្បញ្ញត្តិ ស្តីពីការនាំចូលអង្ករ និងស្លឹកថ្នាំជក់ស្ងួតដែលមានប្រភពមកពីកម្ពុជាសម្រាប់ ឆ្នាំ២០២១ និងឆ្នាំ២០២២។ សារាចរនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២តទៅ។

នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានវៀតណាម កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។

សម្រាប់ការនាំចេញស្លឹកថ្នាំជក់ស្ងួត អ្នកនាំចេញត្រូវបង្ហាញអាជ្ញាប័ណ្ណនាំចូលថ្នាំជក់ឆៅក្រោមការអនុគ្រោះពន្ធ ដែលចេញដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ស្របតាមក្រឹត្យចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ និងសារាចររបស់ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្ម វៀតណាម។

លោក ប៉ែន សុវិជាតិ បានឱ្យដឹងផងដែរ ក្រៅពីអង្ករ និងថ្នាំជក់ ក៏មានទំនិញពីកម្ពុជាជាច្រើនទៀតផងដែរ ដែលបានបាននាំចេញក្នុងអត្រាពន្ធសូន្យ ទៅប្រទេសវៀតណាម៕

ដកស្រង់ពី៖ Fresh News