សម្តេចតេជោ ប្រកាសស្ម័គ្រចិត្តទទួលជនភៀសខ្លួនអ៊ុយក្រែន តែមិនគាំទ្រឲ្យពលរដ្ឋខ្មែរទៅធ្វើទាហាននៅទីនោះ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ខណៈដែលសង្គ្រាមរុស្ស៊ី និងអុយក្រែនបានកំពុងវាយប្រហារគ្នាអស់ពេលជាច្រើនថ្ងៃមកហើយ ព្រមទាំងមានការមានជម្លៀសប្រជាពលរដ្ឋទៅប្រទេសជិតខាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានប្រកាសថា កម្ពុជាស្ម័គ្រចិត្តទទួលជនភៀសខ្លួនរបស់ប្រទេសអ៊ុយក្រែន ប៉ុន្ដែមិនលើកទឹកឲ្យប្រជាពលរដ្ឋកម្ពុជាទៅធ្វើទាហាននៅអ៊ុយក្រែននោះទេ ។
ការលើកឡើងរបស់ប្រមុខដឹកនាំកម្ពុជាដែលរំដោះប្រទេសទទួលបានសន្តិភាពជូនប្រជាពលរដ្ឋបែបនេះ បន្ទាប់ពី ប្រទេសរុស្ស៊ី បានចាប់ផ្តើមបើកប្រតិបត្តិការកងទ័ពវាយប្រហារប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយលើកហេតុផលថា ដើម្បីរំដោះប្រជាជនអ៊ុយក្រែនភាគខាងកើតពីអំពើប្រល័យពូជសាសន៍ធ្វើឡើងដោយរដ្ឋាភិបាលទីក្រុងកៀវ ។
យ៉ាងណាក្តី ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ភូមិកុមារ SOS ព្រៃវែង» នៅក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេចមិនអនុញ្ញាឲ្យប្រជាពលរដ្ឋកម្ពុជាធ្វើជាទាហានស្ម័គ្រចិត្តនៅប្រទេសអ៊ុយក្រែននោះទេ ។
សម្ដេចបានថា ទុកឲ្យអ៊ុយក្រែន និងរុស្ស៊ីរកដំណោះស្រាយដោយខ្លួនឯង ។ ជាមួយគ្នានោះដែរ សម្ដេចតេជោ បានបញ្ជាក់ថា «ប៉ុន្ដែក្នុងករណីដែលមានជនជាតិអ៊ុយក្រែនភៀសខ្លួនមកដល់កម្ពុជា រឿងហ្នឹងយើងត្រូវតែឲ្យនៅ» ។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីក៏បានផ្ដាំផ្ញើដល់ស្ថានទូតអាលឺម៉ង់ ប្រចាំកម្ពុជាឲ្យទៅសួរសុខទុក្ខជនជាតិរបស់ខ្លួនម្នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ ។
សម្ដេចថា រហូតមកដល់នេះមិនទាន់ឃើញមានមន្ដ្រីទូតណាមួយទៅសួរសុខទុក្ខពលរដ្ឋខ្លួនឡើយទេ ក្រោយពីសមត្ថកិច្ចរបស់កម្ពុជា បានជូនដំណឹងទៅដល់ស្ថានទូតផងដែរ ។សម្ដេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា«មិនចាំបាច់អ៊ុយក្រែនទេ ម្សិលមិញបានរកឃើញជនជាតិអាលឺម៉ង់ម្នាក់ ហើយទូតអាលឺម៉ង់ មិនដឹកទៅសួរសុខ ទុក្ខហើយឬនៅ?
គ្នាដើរឈឺផង អត់មានលិខិតឆ្លងដែនឃើញគេបង្ហោះហ្វេសប៊ុកខ្ញុំក៏ឲ្យគេតាមរកហើយយកទៅមន្ទីរពេទ្យកាលម៉ែត្រ ដើម្បីព្យាបាលជើងដែលឈឺ» ។
ជាមួយគ្នានោះដែរ សម្ដេចតេជោ ក៏បានត្រៀមថវិកាចេញឲ្យជនជាតិអាលឺម៉ង់ម្នាក់នោះផងដែរ បើសិនគាត់គ្មានថវិកា ។
សម្ដេចថា ទាំងនេះជាកាយវិការដ៏ល្អរបស់កម្ពុជាដោយមិនប្រកាន់ជាតិសាសន៍គេហៅថា «មនុស្សជាតិ»នោះទេ ៕
ដកស្រង់ពី៖ កោះសន្តិភាព