Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រី​កសិកម្ម​ជួប​នាយក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក ទទួលបន្ទុក​ការអភិវឌ្ឍន៍​ចីរភាព​សកល និង​សហការី​នៃ​ធនាគារពិភពលោក​

  • បោះពុម្ព

ភ្នំពេញៈ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោក រដ្ឋមន្ត្រី វេង សាខុន បានទទួលជួបពិភាក្សា ការងារជាមួយ លោក បេណ័ បូស្កេត ( Benoir Bosquet) នាយកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ទទួលបន្ទុកការអភិវឌ្ឍន៍ចីរភាពសកល និងសហការីនៃធនាគារពិភពលោក នៅឯទីស្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គោលបំណង នៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យ និងវាយតម្លៃទៅលើដំណើរការគម្រោងនានានៅក្នុងវិស័យកសិកម្ម និងការរៀបចំផែនការគាំទ្រគម្រោងកម្មវិធីសម្រាប់វិស័យកសិកម្មបន្ថែមទៀតនាពេលអនាគត។

លោករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះធនាគារពិភពលោក ដែលបានចូលរួមគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងជាពិសេសក្នុងវិស័យកសិកម្ម។

នៅក្នុងបរិបទការរាតត្បាតនៃជំងឺកូវីត ធនាគារពិភពលោកបានចូលរួមគាំទ្រដល់ការទ្រទ្រង់ជីវភាពកសិករ និងគ្រួសារដែលរងផលប៉ះពាល់ពីជំងឺ១៩ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលបានចូលរួមដោះស្រាយបញ្ហាសន្តិសុខស្បៀង និងចំណូលរបស់ប្រជាកសិករ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានជម្រាបជូនថា ដំណើរគម្រោងទាំងឡាយក្រោមហិរញ្ញប្បទានឥណទាន របស់ធនាគារពិភពលោកមានដំណើរការរលូនល្អ និងបានជួយជំរុញកំណើនផលិតផលកសិកម្ម ជាពិសេសចូលរួមក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច។

លោក បេណ័ បូស្កេត បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការសហការជាមួយធនាគារពិភពលោក ក្នុងដំណើរការរៀបចំ និងអនុវត្តគម្រោងបានជោគជ័យនាពេលកន្លងមក។

ជាមួយគ្នានេះ ធនាគារពិភពលោកកំពុងពិនិត្យពិចារណាលើការគាំទ្របន្ថែមទៀត នៅក្នុងអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងវិស័យកសិកម្ម និងដើម្បីធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ សុខមាលភាពសាធារណៈ និងបង្កើនការនាំចេញផងដែរ។

ក្រៅពីនេះធនាគារពិភពលោក ក៏មានគម្រោងរៀបចំផែនការយុទ្ធសាស្ត្រឆ្លើយតប និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យកសិកម្ម ដើម្បីធានានិរន្តភាពនៅក្នុងវិស័យនេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា