Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល និង​មន្ទីរពេទ្យ​វៃឆ្លាត​បៃតង​

  • បោះពុម្ព

ភ្នំពេញ៖ក្រសួងសុខាភិបាល ស្ថានទូតអាមេរិកប្រចាំកម្ពុជានិងកម្មវិធីពេទ្យយើងរបស់ក្រុមហ៊ុនហ្វឺស វីម៉ិនថេកអេស៊ា នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០២២ បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ លទ្ធផលគម្រោង ស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងមន្ទីរពេទ្យវៃឆ្លាតបៃតង»។

គម្រោងនេះ មានការឧបត្ថមគាំទ្រពីក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ គម្រោង «ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងមន្ទីរពេទ្យវៃឆ្លាតបៃតង»

ត្រូវបានអនុវត្តផែនការសកម្មភាព និងដឹកនាំដោយកម្មវិធីពេទ្យយើង ដោយបានផ្តួចផ្តើមកៀរគរមន្ទីរពេទ្យ និងគ្លីនិកឯកជន ចំនួន ២០ ឱ្យចូលរួមអនុវត្តគម្រោងនេះ និងបានដាក់ឈ្មោះថា «បណ្តាញសមាជិកមន្ទីរពេទ្យវៃឆ្លាតបៃតង»។

បណ្តាញមន្ទីរពេទ្យវៃឆ្លាតបៃតង គឺជាបណ្តាញសមាជិកមន្ទីរពេទ្យ និងគ្លីនិក ចំនួន ២០ ដែលបានចូលរួមនៅក្នុងយុទ្ធនាការស្តីពីបរិស្ថានទីក្រុងស្អាតនិងបៃតងដោយ បានផ្លាស់ប្តូរពីការប្រើប្រាស់ក្រដាសការព្រីនឯកសារនិងកាត់បន្ថយការប្រើប្រាស់សម្ភារៈនានានៅក្នុងមន្ទីរពេទ្យហើយងាកមកប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង» ដើម្បីលើកកម្ពស់បច្ចេកវិទ្យានៅក្នុងមន្ទីរពេទ្យបៃតង។

មន្ទីរពេទ្យនិងគ្លីនិកទាំង២០ដែលជាសមាជិកនៅក្នុងគម្រោងបានសម្រេចចិត្តចូលរួមនៅក្នុងបណ្តាញសមាជិកមន្ទីរពេទ្យវៃឆ្លាតបៃតង ដោយបានផ្លាស់ប្តូរមន្ទីរពេទ្យរបស់ខ្លួន ពីការប្រើប្រាស់ក្រដាស មកជាឌីជីថលវិញ ដើម្បីផ្តល់ភាពងាយស្រួល

ក្នុងការគ្រប់គ្រង និងប្រតិ បត្តិការ នៅក្នុងមន្ទីរពេទ្យរបបស់ខ្លួន ព្រមទាំងលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងវិស័យសុខាភិបាល នៅកម្ពុជា។

គម្រោងបណ្តាញមន្ទីរពេទ្យវៃឆ្លាតបៃតង បានចាប់ផ្តើម កាលពីខែតុលា ឆ្នាំ២០២០ និងបញ្ចប់នៅដំណាច់ខែមីនា ឆ្នាំ២០២២ នេះ។

គម្រោងនេះ ចូលរួមប្រើប្រាស់ពីវេជ្ជ បណ្ឌិត និងបុគ្គលិកមន្ទីរពេទ្យ ចំនួន ៨៦៧នាក់ ព្រមទាំងគ្រប់គ្រងទិន្នន័យប្រវត្តិអ្នកជំងឺ ចំនួន ១០៨ ៧៥០នាក់ ដែលភាគច្រើនជាស្ត្រី។

តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលពេទ្យយើង មិនត្រឹមតែចូលរួមនៅក្នុងយុទ្ធនាការបរិស្ថាន ទីក្រុងស្អាត និងបៃតងប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយពន្លឿនរាល់ប្រតិបត្តិការទាំងអស់នៅក្នុងមន្ទីរពេទ្យឬគ្លីនិកតាមរយៈប្រព័ន្ធឌីជីថលដើម្បីជំរុញឱ្យការព្យាបាលកាន់តែលឿន រហ័ស ទំនើប

ចំណេញពេលវេលានិងថវិកាសម្រាប់ អ្នកផ្តល់សេវា និងអ្នកជំងឺ ជាពិសេសអ្នកជំងឺជាស្ត្រី និងកុមារ។

សិក្ខាសាលានេះបានធ្វើឡើងនៅសណ្ឋាគារ Himawari ក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០២២ដោយមានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោកស្រី ប៉ុង លីមសាន ស្ថាបនិក

និងនាយកប្រតិបត្តិកម្មវិធីពេទ្យយើងនៃក្រុមហ៊ុន ហ្វឺស វីម៉ិន ថេក អេស៊ា និងតំណាងពីបណ្តាញសមាជិកមន្ទីរពេទ្យវៃឆ្លាតបៃតង ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។លោកស្រី ប៉ុង លីមសាន ស្ថាបនិកនិងជានាយកប្រតិបត្តិកម្មវិធីពេទ្យយើងនៃក្រុមហ៊ុន ហ្វឺស វីម៉ិន ថេក អេស៊ា បានលើកឡើងថា គម្រោងបណ្តាញមន្ទីរពេទ្យវៃឆ្លាតបៃតង Green Network Hospital មានគោលបំណង បង្កើនគុណភាពនៃការព្យាបាល តាមរយៈប្រព័ន្ធឌីជីថល។

មានន័យថា មន្ទីរពេទ្យទាំងអស់ ធ្វើប្រតិបត្តិការ ចាប់ពីអ្នកជំងឺចូល រហូតដល់អ្នកជំងឺចេញ រួមទាំងប្រតិបត្តិការផ្នែកផ្សេងទៀត នៅក្នុងមន្ទីរពេទ្យ តាមប្រព័ន្ធឌីជីថល។ លោកស្រី បានបន្ថែមថា យើងក៏មានគោលបំណងមួយទៀត គឺចូលរួមជួយដល់បរិស្ថាន ព្រោះយើងដឹងហើយថាកន្លងមកតាមមន្ទីរពេទ្យប្រើប្រាស់ក្រដាសក្នុងការបំពេញឯកសារអ្នកជំងឺ និងប្រតិបត្តិការនានា។

ប៉ុន្តែនៅពេលនេះ យើងជំនួសប្រតិបត្តិការទាំងអស់នោះ តាមប្រព័ន្ធឌីជីថល។ គម្រោងរបស់យើង ក៏ជួយច្រើនលើអ្នកជំងឺ ដែលជាស្ត្រី និងកុមារផងដែរ។លោក ប៊ិន សុជាតិ ទីប្រឹក្សា ស្ថាបនិក និងគ្រប់គ្រងអាជីវកម្មនៃកម្មវិធីពេទ្យយើង

បានឱ្យដឹងថា៖សិក្ខាសាលា នាពេលនេះ រៀបចំឡើងដើម្បីបង្ហាញអំពីលទ្ធផលគម្រោង ដែលអនុវត្តដោយកម្មវិធីពេទ្យយើង និងមន្ទីរពេទ្យដៃគូឯកជនទាំងអស់ ក្រោមជំនួយឧបត្ថម្ភ នៃគម្រោង ភាពជាដៃគូទីក្រុងវៃឆ្លាតបៃតងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

ម្យ៉ាងទៀត យើងបានមើលឃើញពីសារៈសំខាន់នៃការអនុវត្ត និងបទពិសោធន៍ល្អនៃការអនុវត្តគម្រោងមួយ នេះ ចំពោះប្រតិបត្តិករសេវាសុខាភិបាលឯកជននៅកម្ពុជាយើង និងជាផ្នែកមួយចូលរួម ចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាយើង តាមរយៈក្រសួងសុខាភិបាលដើម្បីពង្រឹងបន្ថែមនូវគុណភាពសេវាសុខាភិបាលឯកជននិងកសាងប្រព័ន្ធសុខាភិបាលបែបឌីជីថល ក្នុងសម័យសតវត្សបច្ចេកវិទ្យា៤.០។

លោកបានបន្តថា៖គម្រោងដែលយើងបានអនុវត្តមកនេះ គឺមិនត្រឹមតែបានជួយដល់មន្ទីរពេទ្យ និងគ្លីនិក ដែលជាប្រតិបត្តិករផ្តល់សេវាសុខាភិបាលឯកជនក្នុងគម្រោងឲ្យមានលទ្ធភាពគ្រប់គ្រាន់ ដើម្បី ដំណើរការប្រតិបត្តិការស្ថាប័នបែបឌីជីថល និងផ្តល់សេវាបែបឌីជីថល រក្សាកំណត់ត្រាវេជ្ជសាស្ត្ររបស់អ្នកមកទទួលសេវាបែបឌីជីថល

និងជួយដល់ការធ្វើរោគវិនិច្ឆ័យប្រកបដោយ សុក្រិត្យភាពខ្ពស់តែប៉ុណ្ណោះទេ ប៉ុន្តែមន្ទីរពេទ្យ និងគ្លីនិកដៃគូឯកជនទាំងអស់ ដែលកំពុងត ដំណើរការបែបឌីជីថល ពិសេសជាមួយកម្មវិធីពេទ្យយើង គឺកំពុងតែចូលរួមយ៉ាងសកម្មមួយ ផ្នែកទៀតនោះ គឺការចូលរួមចំណែករក្សាបរិស្ថាន អនាម័យ និងទីក្រុងស្អាត សម្រាប់ការរស់ នៅរបស់យើង សហគមន៍យើង

និងទីក្រុងយើងផ្ទាល់តែម្តង តាមរយៈប្រតិបត្តិការបែបឌីជីថលដែលកើតចេញពីការកាត់បន្ថយការព្រីនឯកសារពុំចាំបាច់មួយចំនួនការកាត់បន្ថយការប្រើប្រាស់ទឹកថ្នាំសម្រាប់កិច្ចការរដ្ឋបាលរបស់គ្លីនិកនិងមន្ទីរពេទ្យព្រមទាំងការកាត់បន្ថយការប្រើប្រាស់ហ្វីលរូបភាពវេជ្ជសាស្ត្រមួយចំនួនធំផងដែរ។

ជាមួយគ្នានេះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានប្រកាសចូលរួមអបអរសាទរដល់មន្ទីរពេទ្យ និងគ្លីនិក ទាំង ២០ ដែលបានអនុវត្តគម្រោងបណ្តាញមន្ទីរពេទ្យវៃឆ្លាតបៃតង ដោយជោគជ័យ នាពេលនេះ ហើយលោក រំពឹងថា គម្រោងនេះ នឹងចូលរួមចំណែកយ៉ាងខ្លាំងជួយជ្រោមជ្រែងដល់ការផ្តល់សេវាជូនអតិថិជន ព្រមទាំងចូលរួមចំណែកក្នុងការកាត់បន្ថយដល់ផលប៉ះពាល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុផងដែរ។

លោកឯកអគ្គរដ្ឋទូតបាន បន្ថែមថា គម្រោងដើមរបស់យើង គឺយើងចង់ឱ្យមានកំណត់ត្រាអ្នកជំងឺត្រឹមតែ៣៥ ០០០នាក់ប៉ុណ្ណោះប៉ុន្តែក្នុងពេលអនុវត្តគម្រោងនេះ សម្រេចបានដល់ទៅជាង ១០ម៉ឺននាក់។

ដូច្នេះគម្រោងរបស់យើង រវាងដៃគូ ជាមួយសហរដ្ឋអាមេរិកនេះ មិនត្រឹមតែជាគំនិតផ្តួចផ្តើមគម្រោងទាក់ទងនឹងសុខភាព នៅក្នុងវិស័យសុខាភិបាលនោះទេ តែក៏គិតដល់វិស័យផ្សេងៗទៀត នៅក្នុងវិស័យនេះ ទាក់ទងនឹងគម្រោងទីក្រុងឆ្លាតវៃ ទាក់ទងនឹងគម្រោងសេដ្ឋកិច្ចឌីជីថល និងពង្រឹងភាពអង់អាចរបស់ស្ត្រី រួមទាំងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ចំណែកលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងក្នុងអង្គសិក្ខាសាលាថា គម្រោង «ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ដំណើរការមន្ទីរពេទ្យវៃឆ្លាតបៃតង»សំដៅចូលរួមចំណែកនៅក្នុងការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថលនៅក្នុងវិស័យសុខាភិបាលកម្ពុជាហើយក៏ជាការបោះជំហានជាវិជ្ជមានមួយទៀត

នៅក្នុងការរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ ដែលបាន និងកំពុងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការធ្វើទំនើបកម្មបច្ចេកវិទ្យា ឌីជីថល នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្ថែមថា ដំណើរការគម្រោង«ការប្រើប្រាស់ បច្ចេកវិទ្យាសម្រាប់ដំណើរការមន្ទីរពេទ្យវៃឆ្លាតបៃតង»ក្នុងផ្នែកឯកជននៅកម្ពុជាដោយកម្មវិធីពេទ្យយើង តាមរយៈជំនួយហិរញ្ញវត្ថុរបស់គម្រោងភាពជាដៃគូទីក្រុងវៃឆ្លាតរបស់សហរដ្ឋអាមេរិកគឺជាចំណែកមួយក្នុងការបង្កើនសក្តានុពលដ៏វិសេសវិសាលទៅលើការផ្តល់សេវាពិគ្រោះ

និងព្យាបាលជំងឺតាមបែបឌីជីថល ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់សេវាមន្ទីរពេទ្យឯកជន និងជាការចូលរួមចំណែកមួយផងដែរ នៅក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា តាមបែបឌីជីថល។

គម្រោងនេះ បានជួយដល់មន្ទីរពេទ្យឯកជននៅក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបងនិងខេត្តសៀមរាបឱ្យដំណើរការគ្រប់គ្រងសេវាព្យាបាលជំងឺបែបឌីជីថល និងនាំឱ្យមន្ទីរពេទ្យ និងគ្លីនិកឯកជនទាំងអស់នោះ មានតួនាទី មិនត្រឹមតែជាអ្នកផ្តល់សេវា ប្រកបដោយការទទួលខុសត្រូវទេ ប៉ុន្តែបានក្លាយជាមន្ទីរពេទ្យ និងគ្លីនិកមានការទទួលខុសត្រូវចូលរួមកសាងទីក្រុងបៃតង និងបរិស្ថានស្អាតទៀតផង។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលបានបន្តថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប សម្រាប់លើកកម្ពស់គុណភាពសេវាសុខាភិបាល ក៏ជាចំណុចសំខាន់មួយ ដែលត្រូវបានរាប់បញ្ចូល គិតគូរ និងផ្តួចផ្តើមនៅក្នុងគោលនយោបាយយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងសុខាភិបាល ក៏កំពុងតែគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យមានការចូលរួមឱ្យបានពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការដៃគូនានា។

កម្មវិធីពេទ្យយើង ដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើង ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើបឌីជីថលនៅកម្ពុជា និង សំរាប់សហគមន៍ អាស៊ានតាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីពេទ្យ ដៃគូដំណើរការរលូន និងពុំមានការរំខាន។

ពេទ្យយើង ក៏ភ្ជាប់ជាមួយប្រព័ន្ធ App e-Health MyCLNQ នៅលើទូរស័ព្ទដៃ ផ្តល់ការណាត់ជួប ទទួលសេវាព្យាបាល និងផ្តល់សេវាព្យាបាលដ៏ធំ និងឈានមុខគេ ដើម្បីជួយសម្រួលឲ្យអ្នកជំងឺណាត់ជួប និងទទួល សេវាព្យាបាលពីចំងាយពីគ្រប់ទីកន្លែង

និងគ្រប់ពេលវេលាងាយស្រួលបំផុត។បច្ចុប្បន្ននេះពេទ្យយើងទទួលបានការគាំទ្រយ៉ាងច្រើននៅកម្ពុជាក្នុងការចូលរួមចំណែកសាងវិស័យសុខាភិបាលឌីជីថលនិងត្រូវបានការគាំទ្រពីក្រសួង សុខាភិបាល នៃប្រទេសកម្ពុជាផងដែរ។

ពេទ្យយើងបានទទួលជ័យលាភីថ្នាក់ជាតិជាច្រើនក្នុងនាមជាអាជីវកម្មទម្រង់ថ្មី នៅកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាសុខាភិបាល ហើយក៏ជាតំណាងកម្ពុជាចូលរួមប្រកួតប្រជែងវេទិការអន្តរជាតិជាច្រើនកន្លងមកមាននៅលើវេទិកាធុរកិច្ចថ្មីអន្តរជាតិ

សហរដ្ឋអាមេរិក២០២១នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ ២០២០ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស ២០១៩ នៅទីក្រុងតូក្យូប្រទេសជប៉ុន និងទទួលបានរង្វាន់ពីក្រសួងប្រៃសណីយ៍

និងទូរគមនាគមន៍កាលពីឆ្នាំ២០១៩ ផងដែរ។ កម្មវិធីរបស់យើងត្រូវបានដាក់ឲ្យដំណើរការ និងចូលរួមចំណែកជួយដំណើរការបែបឌីជីថលដល់មន្ទីរពេទ្យដៃគូរដ្ឋ និងឯកជនប្រមាណ២០០ ទូទាំង២៥ខេត្ត-ក្រុង និងរាជធានីភ្នំពេញ។

តាមរយៈមន្ទីរពេទ្យដៃគូ ពេទ្យយើងមានអ្នក ប្រើប្រាស់កម្មវិធីប្រមាណជាង១ម៉ឺននាក់ រួមមានវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឱសថការី អ្នកជំនាញមន្ទីរពិសោធន៍ អ្នកជំនាញផ្នែកសុខភាព និងបុគ្គលិកផ្នែកគ្រប់គ្រងមន្ទីពេទ្យ។

ពេទ្យយើង ក៏បានជួយឲ្យពលរដ្ឋកម្ពុជាប្រមាណ២លាន នាក់មានកំណត់ត្រាទិន្នន័យព្យាបាល និងទិន្នន័យសុខភាពឌីជីថលអនឡាញ ដែលពួកគាត់អាចប្រើប្រាស់បានសម្រាប់ ដំណើរការទទួលសេវាព្យាបាលនៅទីកន្លែងផ្ទាល់

និង នៅលើទូរស័ព្ទដៃបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីទទួល បានសេវាថែទាំ និងព្យាបាលបានកាន់តែប្រសើរជាងមុន៕

ដកស្រង់ពី៖ រស្មីកម្ពុជា