Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លទ្ធផល​ជំនួប​រវាង​ប្រមុខ​ការទូត​កម្ពុជា និង​ប្រេសិត​ពិសេស​របស់ UN សម្រាប់​មី​យ៉ា​ន់​ម៉ា

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ លទ្ធផល នៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) សម្រាប់មីយ៉ាន់ម៉ា ។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាជាមួយលោកជំទាវបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា

អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអាស៊ាន-អង្គការសហប្រជាជាតិ ក៏ដូចជា រវាងប្រេសិតពិសេសទាំងពីរ នៅក្នុងជំនួបពិភាក្សាការងារ ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ។

នេះគឺជាជំនួបលើកទីពីរ បន្ទាប់ពីជំនួបលើកទី១ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចាប់ផ្តើមកិច្ចពិភាក្សា ដោយជម្រាបជូនដៃគូសន្ទនា របស់ឯកឧត្តម អំពីសកម្មភាព ការប្រឈមនានា និងលទ្ធផល នៃជំនួបរបស់ឯកឧត្តមជាមួយភាគី

ពាក់ព័ន្ធជាច្រើនក្នុងអំឡុងពេលទស្សនកិច្ចជាលើកដំបូងរបស់ឯកឧត្តមទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ២១-២៣ ខែមីនា ឆ្នាំ២០២២ ដោយផ្តោតជាសំខាន់ទៅលើអាទិភាពបន្ទាន់ចំនួន៣ រួមមាន ដំណើរឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា

សម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ និងការកសាង ជំនឿទុកចិត្ត និងបង្កើតបរិយាកាសដើម្បីចាប់ផ្តើមកិច្ចសន្ទនាមួយប្រកបដោយបរិយាប័ន្ន និងស្ថាបនា ក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមត្រូវបានទទួល ស្វាគមន៍ជាទូទៅ និងត្រូវបានចាត់ទុកថា ជាដំណើរឆ្ពោះទៅមុខដ៏សំខាន់នៅក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច របស់អាស៊ាន

ដោយគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលពីថ្ងៃនេះ នៃដំណើរទស្សនកិច្ច ឯកឧត្តមទទួលបានការយល់ដឹងពាក់ព័ន្ធជាច្រើន សម្រាប់ដំណើរឆ្ពោះទៅមុខក្នុងការបញ្ចប់អំពើហិង្សា ក្នុងការយល់ដឹងបន្ថែមទៀត

អំពីហេតុផលនៅពីក្រោយភាពមិនដូចគ្នា នៃទស្សនៈ និងជំហរ ក្នុងចំណោមភាគីពាក់ព័ន្ធ ក៏ដូចជា តម្រូវការដើម្បីដោះស្រាយឧបសគ្គនានា ក្នុងការចែកចាយជំនួយមនុស្សធម៌ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងផងដែរ អំពីបញ្ហាប្រឈមនានា ដោយគូសបញ្ជាក់ថា តួអង្គនយោបាយខុសៗគ្នា នៃប្រទេសមីយ៉ាន់ម៉ា នៅមិនទាន់បានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចពិភាក្សានោះទេ និងនៅតែមានការតាំងចិត្តយ៉ាងមុតមាំ ក្នុងការបន្តការតស៊ូរបស់ពួកគេ នៅគ្រប់ទម្រង់ ជាពិសេសតាមរយៈការតស៊ូប្រដាប់អាវុធ ។

ឯកឧត្តមបានបន្តទៀតថាវាច្បាស់ណាស់ថា គ្មានដំណោះស្រាយភ្លាមៗ ចំពោះបញ្ហាដែលបានចាក់ឫសយ៉ាងជ្រៅ នៅក្នុងប្រទេស សង្គម និងនៅក្នុងសតិអារម្មណ៍របស់ប្រជាជនមីយ៉ាន់ម៉ា នោះទេ ។

ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូន លោកជំទាវបណ្ឌិត Heyzer អំពីជំហានចំនួន៣ នៃការងារនាពេលបន្ទាប់របស់ឯកឧត្តម ក្នុងនាមជាប្រេសិតពិសេស ។

ទីមួយ ការត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ អំពីជំនួយមនុស្សធម៌ ដែលគ្រោងនឹងរៀបចំនៅដើមខែឧសភា ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ ជាមួយភាគីផ្សេងៗ លើរបៀបក្នុងការចែកចាយជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពឱ្យទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុតដោយគ្មានការរើសអើង ។

ឯកឧត្តមបានបន្តថា ជំហានទីពីរ គឺអំពីគម្រោងរៀបចំជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង និង ទីបី អំពីដំណើរទស្សនកិច្ចជាលើកទី២របស់ ឯកឧត្តមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវបណ្ឌិត Heyzer បានពិភាក្សាគ្នាយ៉ាងវែង អំពីការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ អំពីជំនួយមនុស្សធម៌ និងការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីធានា ដំណើរការផ្តល់ជំនួយដោយរលូន និងសុវត្ថិភាព ។

ក្នុងន័យនេះ ជំទាវបណ្ឌិត ប្រេសិតពិសេសអង្គការសហប្រជាជាតិបានធានា ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីការគាំទ្រ និងការចូលរួមយ៉ាងពេញលេញរបស់អង្គការសហប្រជាជាតិ ។ ប្រេសិតពិសេសទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ អំពីតួនាទីរបស់ប្រទេសមួយចំនួនក្នុងតំបន់ និងសហគមន៍អន្តរជាតិទាំងមូល ក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា ។ ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិប្រេសិតទាំងពីរ បានឯកភាពធ្វើការរួមគ្នា ក្នុងការជួយប្រទេសមីយ៉ាន់ម៉ា ឱ្យរួចផុតពីវិបត្តិនេះ តាមរយៈកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច របស់អាស៊ាន ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រេសិតអង្គការសហប្រជាជាតិ ក៏បានពិភាក្សាគ្នាផងដែរអំពីទម្រង់សហប្រតិបត្តិការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដែលត្រូវអនុវត្តដោយអាស៊ាន និងអង្គការសហប្រជាជាតិ និងដោយប្រេសិតពិសេសទាំងពីរ ក្នុងដំណើរការជាជំហានៗ ដោយចាប់ផ្តើមពីការចែកចាយជំនួយមនុស្សធម៌ទៅ ។

លោកជំទាវបណ្ឌិត Heyzer បានទទួលស្គាល់នូវការលំបាកនានា ដែលកម្ពុជាកំពុងប្រឈមក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការបើកផ្លូវសម្រាប់ដំណើរការស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា ៕

ដកស្រង់ពី៖ កោះសន្តិភាព