Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប​ បញ្ជាក់ពីអង្គហេតុ និងអង្គច្បាប់ ក្នុងការ សម្រេចច្រានចោលបញ្ជីបេក្ខជនដំបូង នៃគណបក្សភ្លើងទៀន

  • បោះពុម្ព

ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៤ ខែមេសា នេះ បានបញ្ជាក់អំពីការដាក់ និងការដោះស្រាយពាក្យបណ្តឹងលើបេក្ខជន ឬបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

គ.ជ.ប បញ្ជាក់ថា យោងមាត្រា ៥៨ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ មានសិទ្ធិប្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពីបេក្ខជន ឬបញ្ជីបេក្ខជនដំបូង ដូចមានចែងក្នុងមាត្រា ៥៧ នៃច្បាប់នេះ ក្នុងរយៈពេលយ៉ាងយូរ ៣ ថ្ងៃបន្ទាប់ពីថ្ងៃបិទផ្សាយជាសាធារណៈ។

យោងមាត្រា ៥៩ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បណ្ដឹងជំទាស់ត្រូវចោទប្រកាន់ទៅលើបេក្ខជន ឬបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយជាក់លាក់ណាមួយ ដែលមិនបានបំពេញតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ៣៥ មាត្រា ៣៦ មាត្រា ៣៧ មាត្រា ៣៩ មាត្រា ៤០ មាត្រា ៤១ និងមាត្រា ៤២។

គ.ជ.ប បានបន្តថា ការប្ដឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងអាចធ្វើបានលើករណីចំនួនពីរ គឺករណីប្ដឹងអំពីបេក្ខជន ឬករណីប្ដឹងអំពីបញ្ជីបេក្ខជនដំបូង។

ក្នុងករណីមានការប្ដឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយណាមួយ ប្រជាពលរដ្ឋដែលជាអ្នកប្ដឹងជំទាស់ ត្រូវបញ្ជាក់អំពីចំណុចខ្វះខាតរបស់បញ្ជីបេក្ខជននោះ និងហេតុផលនៃការច្រានចោលបញ្ជីបេក្ខជននោះ។

ជារួមការប្ដឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូង គឺជាការដាក់បន្ទុកលើការទទួលខុសត្រូវរបស់គណបក្សនយោបាយក្នុងការរៀបចំឱ្យបានត្រឹមត្រូវនូវឯកសារ ៦(ប្រាំមួយ) ប្រភេទ ដែលត្រូវដាក់ភ្ជាប់ជាមួយពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតដូចមានចែងក្នុងមាត្រា ៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលឯកសារទាំងនោះរួមមាន៖

១.សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ១ ច្បាប់

២.អាសយដ្ឋាននៃទីស្នាក់ការកណ្តាលគណបក្សនយោបាយ អាសយដ្ឋានទីស្នាក់ការគណបក្សក្នុងឃុំ សង្កាត់ និងឈ្មោះតំណាងប្រចាំទីស្នាក់ការគណបក្សក្នុងឃុំ សង្កាត់ ដែលបានដាក់ស្នើបញ្ជីបេក្ខជន។

៣.បញ្ជីរាយនាមបេក្ខជន ដែលមានចំនួនបេក្ខជនយ៉ាងហោចណាស់ស្មើនឹងពីរដងនៃចំនួនសមាជិកក្រុមប្រឹក្សា ក្នុងក្រុមប្រឹក្សាឃុំ សង្កាត់។

៤.លិខិតបញ្ជាក់ពីមេឃុំ ចៅសង្កាត់ថា បេក្ខជនពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត។

៥.ជីវប្រវត្តិសង្ខេបដែលបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ និងរូបថតបេក្ខជនម្នាក់ៗចំនួន ៣ សន្លឹក ទំហំ ៤X៦ ថតចំពីមុខ តាមគំរូកំណត់ដោយគណៈកម្មាធិការជាតិរៀបចំ-ការបោះឆ្នោត។ ៦.ឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ និងសញ្ញាសម្គាល់គណបក្សនយោបាយ។

ក្នុងករណីមានភាពមិនប្រក្រតីក្នុងការរៀបចំឯកសារណាមួយ ឬច្រើន ក្នុងចំណោមឯកសារទាំងប្រាំមួយខាងលើ បញ្ជីបេក្ខជននៃគណបក្សនយោបាយនោះពុំមានគុណសម្បត្តិ និងលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតនៃឃុំ សង្កាត់ពាក់ព័ន្ធឡើយ។

គ.ជ.ប បានបញ្ជាក់ថា ចំពោះការបដិសេធរបស់ គ.ជ.ប លើបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន កន្លងមកនេះ បានបង្ហាញឱ្យឃើញពីអង្គហេតុជាក់លាក់ ដូចខាងក្រោម៖

– គណបក្សភ្លើងទៀន បានជ្រើសរើសប្រជាពលរដ្ឋមិនចេះអាន និងមិនចេះសរសេរអក្សរខ្មែរ មកធ្វើជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

– សាមីខ្លួនត្រូវបានគេយកឈ្មោះទៅឈរជាបេក្ខជនឱ្យគណបក្សភ្លើងទៀន ទាំងខ្លួនពុំបានដឹង និងពុំមានឆន្ទៈក្នុងការឈរឈ្មោះជាបេក្ខជនឱ្យគណបក្សភ្លើងទៀន ផង។

– ជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជន ដែលបេក្ខជនត្រូវបំពេញផ្ទាល់ដៃ បែរជាត្រូវបានបំពេញជំនួសដោយក្រុមការងារគណបក្សភ្លើងទៀន។

– ក្នុងដំណើរការរៀបចំឯកសារនេះដែរ ក៏កើតមានឡើងនូវករណីផ្ដិតមេដៃ ឬចុះហត្ថលេខា ដោយក្រុមការងារគណបក្សភ្លើងទៀន ជំនួសសាមីបេក្ខជនផងដែរ។

ការកើតមានឡើងនូវភាពមិនប្រក្រតី ដូចបានបញ្ជាក់ខាងលើនេះ បើពិនិត្យលើអង្គច្បាប់ គឺជាករណីក្លែងបន្លំលក្ខខណ្ឌបេក្ខជនផង ឯកសារជីវប្រវត្តិផង ឬ/និងការក្លែងបន្លំស្នាមមេដៃផង ដែលប្រព្រឹត្តដោយក្រុមការងារគណបក្សភ្លើងទៀន រួមមាន៖

ទី១. ការក្លែងបន្លំដាក់បេក្ខជនដែលពុំមានលក្ខខណ្ឌចេះអាន និងចេះសរសេរអក្សរខ្មែរទៅក្នុងបញ្ជីរាយនាមបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដូចចែងក្នុងមាត្រា៣៥ នៃនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

ទី២. ការក្លែងបន្លំជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជន ដែលត្រូវបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ ដូចមានចែងក្នុងមាត្រា ៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

ទី៣.ការក្លែងបន្លំស្នាមមេដៃ ឬហត្ថលេខានៅលើជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជន ដោយករណីផ្តិតមេដៃ ឬចុះហត្ថលេខាជំនួសដោយក្រុមការងារគណបក្សភ្លើងទៀន៕

ដកស្រង់ពី៖ រស្មីកម្ពុជា