Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាកោតសរសើរការរួមចំណែករបស់អូស្ត្រាលី ក្នុងដំណើរការសន្តិភាពរបស់កម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់អូស្ត្រាលី ជាពិសេសរបស់ឧត្តមសេនីយ៍ឯក ចន សេនដឺសុន (Jonh Sanderson) ក្នុងតួនាទីពេលនោះជា មេបញ្ជាការរបស់កងកម្លាំងអន្តរជាតិនៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា។

ប្រមុខការទូតកម្ពុជា បានលើកឡើងបែបនេះក្នុងជំនួប នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ជាមួយឧត្ដមសេនីយ៍ឯក ចន សេនដឺសុន អតីតមេបញ្ជាការរបស់កង កម្លំាងអន្តរជាតិ UNTAC អតីតមេបញ្ជាការកងទ័ពអូស្រ្ដាលី និងជាអតីតអភិបាលរដ្ឋ Western Australia ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-អូស្ត្រាលី និងខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើត UNTAC ផងដែរ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ទៀតថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានរំលឹកឡើងវិញនូវសមិទ្ធផលនានាដែល UNTAC សម្រេចបាននៅកម្ពុជា ក្នុងការអនុវត្តគោលដៅសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស រួមទាំងការរៀបចំការបោះឆ្នោតសកលនៅឆ្នាំ១៩៩៣ បើទោះបីជាមានការធ្វើពហិការបស់ក្រុមខ្មែរក្រហម និងការបន្តសង្រ្គាមបែបឧទ្ទាមរបស់ពួកនេះក៏ដោយ។

លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រោយការដកចេញពីកម្ពុជារបស់ UNTAC សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ សន្តិភាពពេញលេញនិងស្ថិរភាពទាំងស្រុងនៅក្នុងប្រទេស នៅឆ្នាំ១៩៩៨។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីការសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ដោយបន្តថា កំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំជាមធ្យមលើសពី ៧% ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមក បានធ្វើឱ្យប្រទេសកម្ពុជាងើបចេញពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅក្នុងឆ្នាំ២០១៥។

លោកបានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ប្រទេសអូស្ត្រាលី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន ឧត្ដមសេនីយ៍ឯក សេនដឺសុន ផងដែរ អំពីមោទនភាព របស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលទទួលយកកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ទៅជាប្រទេសមួយ ដែលរហូតមកដល់ពេលនេះ បានបញ្ជូនកងកម្លាំងកម្ពុជាជាង៨ពាន់នាក់ ទៅចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសចំនួន៨ នៅទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ា។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឧត្តមសេនីយ៍ឯក សេនដឺសុន បានសម្តែងការពេញចិត្តចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងយូរអង្វែង ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ១៩៥១ មក។

ឧត្តមសេនីយ៍ឯក សេនដឺសុន បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សនៅកម្ពុជា និងបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ប្រកបដោយជោគជ័យ ក៏ដូចជាការបញ្ជូនកងកម្លាំងកម្ពុជារាប់ពាន់នាក់ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនដៃគូសន្ទនារបស់លោកអំពីលទ្ធផលនៃដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីខែមីនា ដោយគូសបញ្ជាក់អំពីបញ្ហាប្រឈមនានា ជាពិសេសភាពស្មុគស្មាញសម្រាប់កិច្ចសន្ទនាស្វែងរកសន្តិភាពក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើអាទិភាពបន្ទាន់ចំនួនបីគឺរួមមាន៖ (១) ការបោះជំហានឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា, (២) ការសម្របសម្រួលការចែកចាយជំនួយមនុស្សធម៌, និង (៣) ការកសាងទំនុកចិត្ត និងការបង្កើតបរិយាកាសដែលចាំបាច់សម្រាប់កិច្ចសន្ទនានយោបាយ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីផែនការរបស់លោកក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌ នៅរាជធានីភ្នំពេញ ដើមខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

ឧត្តមសេនីយ៍ឯក សេនដឺសុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន

និងរបស់លោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា ជាពិសេសតាមរយៈការប្រើប្រាស់បទពិសោធន៍របស់កម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឧត្តមសេនីយ៍ឯក សេនដឺសុន ក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួមផងដែរ៕

ដកស្រង់ពី៖ Fresh News