Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋសភាកម្ពុជាចេញសេចក្ដីថ្លែងការណ៍ សម្តែងការខកចិត្តជាខ្លាំងចំពោះ​សេចក្តី​សម្រេច​​របស់សភាអឺរ៉ុប

  • បោះពុម្ព

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ បានចេញសេចក្ដីថ្លែងការណ៍ ដោយបានសម្តែងនូវការខកចិត្តជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ស្តីពី

«ការបង្រ្កាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា» ដែលបានអនុម័តនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២ (២០២២/២៦៥៨(RSP))

និងបានប្រកាសច្រានចោលសេចក្តីសម្រេចនេះទាំងស្រុង ដោយផ្អែកលើមូលដ្ឋាន ១៣ចំណុចដូចខាងក្រោម៖

១. ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ រដ្ឋទាំងអស់ដោយមិនគិតពីទំហំ និងប្រព័ន្ធនយោបាយរបស់ខ្លួន ត្រូវទទួលបានអធិបតេយ្យភាពស្មើគ្នា និងមានសិទ្ធិស្វ័យសម្រេច ដោយមិនអាចទទួលការរំលោភបំពានបានឡើយ។

លើសពីនេះទៅទៀត សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ឆ្នាំ១៩៧៦ បានហាមឃាត់រាល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋដែលជាសមាជិកសហគមន៍អាស៊ានទាំងអស់។

កម្ពុជាគឺជារដ្ឋឯករាជ្យ និងអធិបតេយ្យ សក្តិសមទទួលបាននូវសិទ្ធិពេញលេញ សម្រាប់ស្វ័យសម្រេចក្នុងកិច្ចការរដ្ឋ ដើម្បីការពារផលប្រយោជន៍ស្នូលរបស់ខ្លួន ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។

២.សេចក្តីសម្រេចរបស់សភាអឺរ៉ុបដែលបានចេញ កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២២ គឺជាការបំភ្លៃ ការលំអៀង មានចរិតនយោបាយ ប្រកាន់ភាគីម្ខាងៗ និងខ្វះការគោរពដល់រដ្ឋអធិបតេយ្យ។

សេចក្តីសម្រេចនេះ និងសេចក្តីសម្រេចមុនៗដែលពាក់ព័ន្ធនឹងកម្ពុជា មានចេតនាមើលរំលងវឌ្ឍនភាពនៃកំណែទម្រង់លើផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសទាំងស្រុង។

សភាអឺរ៉ុបបែរជាផ្អែកទាំងស្រុងតែទៅលើប្រភពព័ត៌មានដែលគ្មានការបញ្ជាក់ច្បាស់លាស់ ផ្តល់ដោយអ្នកនយោបាយឆ្វេងនិយម និងពួកប្រជាកលនិយម សកម្មជននយោបាយជ្រុលនិយម

និងអង្គការសិទ្ធិមនុស្សដែលប្រឆាំងនឹងរាជរដ្ឋាភិបាល ទោះបីអ្នកទាំងនោះភាគច្រើនមិនដែលបានមកដល់ប្រទេសកម្ពុជាផ្ទាល់ ឬគ្មានការប្រាស័យទាក់ទងជាមួយរាជរដ្ឋាភិបាលកម្ពុជាសោះឡើយ។

៣. សេចក្តីសម្រេចនេះបានកំណត់ដែននិយមន័យឱ្យលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងចង្អៀត ដែលថាប្រទេសមួយមានលទ្ធិប្រជាធិបតេយ្យលុះត្រាតែមានការចូលរួមពីមេគណបក្សឆ្វេងនិយម និងពួកប្រជាកលនិយមមួយក្ដាប់តូចតែប៉ុណ្ណោះ ឬលុះត្រាតែមានការអនុញ្ញាតិឱ្យគណបក្សនយោបាយ ដែលត្រូវបានរំលាយដោយតុលាការត្រូវបានបើកដំណើរការឡើងវិញ។

សេចក្ដីសម្រេចនេះមិនបានគោរពទាល់តែសោះចំពោះច្បាប់ជាតិ និងគោលការណ៍ប្រជាធិបតេយ្យរបស់កម្ពុជា ដែលមិនបានផ្តល់អភ័យឯកសិទ្ធិជាពិសេសណាមួយដល់ជនណា ឬគណបក្សនយោបាយណាដែលបានបំពារបំពានច្បាប់កម្ពុជាសោះឡើយ។

៤.ការរិះគន់របស់សភាអឺរ៉ុបចំពោះការគ្រប់គ្រងដោយឯកបក្ស គឺជាការរិះគន់ដោយគ្មានហេតុផល។

គណបក្សប្រជាជនកម្ពុជាទទួលបានការបោះឆ្នោតគាំទ្រដោយប្រជាជនកម្ពុជា តាមលទ្ធិប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន។

ទោះបីជាមានការអំពាវនាវដោយក្រុមជ្រុលនិយមមួយចំនួនធ្វើពហិការមិនចូលរួមបោះឆ្នោតក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៨ក្ដី ក៏អត្រាអ្នកទៅបោះឆ្នោតមានចំនួន ៨៣,០២% ដោយក្នុងនោះ ៧៧% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះប្រជាជនមានការជឿជាក់លើសមត្ថភាពដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

៥.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល បានខិតខំប្រឹងប្រែងនិងបានដាក់ចេញវិធានការណ៍ជាច្រើន

ដើម្បីធានាឱ្យការបោះឆ្នោតឃុំ-សង្កាត់នៅខែមិថុនានាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សន្តិភាព និងតម្លាភាព ដើម្បីធានាឱ្យបាននូវបរិយាកាសអំណោយផលល្អ និងមានការប្រកួតប្រជែងដោយស្មើភាពគ្នា

សម្រាប់គណបក្សនយោបាយដែលបានចុះឈ្មោះទាំងអស់ តាមគោលការណ៍បោះឆ្នោតបែបប្រជាធិបតេយ្យ និងគោលនយោបាយពហុបក្ស។

ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយរបស់កម្ពុជា ការជ្រើសរើស និងតែងតាំងបេក្ខជនដឹកនាំណាមួយរបស់គណបក្សនយោបាយ ដែលបានចុះឈ្មោះ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត គឺជាសិទ្ធិស្របច្បាប់ និងជាអធិបតេយ្យ ប្រកបដោយសេរីភាពពេញលេញ និងជាឆន្ទានុសិទ្ធិទាំងស្រុងរបស់គណបក្សនយោបាយ។

ជាពិសេស ការតែងតាំង ឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតសកល គឺបានទទួលការគាំទ្រជាឯកច្ឆ័ន្ទ តាមគោលការណ៍បោះឆ្នោតបែបប្រជាធិបតេយ្យផ្ទៃក្នុងរបស់គណបក្ស និងស្របតាមច្បាប់ជាតិជាធរមាន។

៦. កម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់រាល់អ្នកនយោបាយដែលត្រូវបានតុលាការហាមឃាត់ ដើម្បីឱ្យមាននីតិសម្បទាឡើងវិញដើម្បីអនុវត្តសិទ្ធិនយោបាយរបស់ខ្លួន។

ជាលទ្ធផលយ៉ាងហោចណាស់អ្នកនយោបាយចំនួន ៣២រូប ទទួលបាននីតិសម្បទាឡើងវិញ ហើយពួកគេ ក៏បានបង្កើតគណបក្សថ្មីចំនួន

៦ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតផងដែរ។ យ៉ាងណាមិញ អតីតសមាជិកនៃគណបក្សប្រឆាំង មួយចំនួនមានការស្ទាក់ស្ទើរក្នុងការស្នើសុំសិទ្ធិស្ដារនីតិសម្បទា នយោបាយឡើងវិញ ព្រោះថាបើធ្វើដូច្នោះ ពួកគេត្រូវបានអតីតមេដឹកនាំរបស់ពួកគេ ចោទប្រកាន់ថាជា “ជនក្បត់” ទៅវិញ។

៧.ចំពោះករណី លោក កឹម សុខា ករណីជុំនុំជំរះក្ដីរបស់លោក តែងធ្វើឡើងស្របតាមគោលការណ៍តម្លាភាព និងមានការចូលរួមពីគ្រប់ភាគី។

ដំណើរការក្ដីនេះ បានចាប់ផ្តើមឡើងវិញនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជាមានភាពប្រសើរឡើងវិញ។

ល្បឿននៃដំណើរការជុំនុំជំរះសំណុំរឿងពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទសន្ទិដ្ឋិភាព និងការឃុបឃិតរំលំរាជរដ្ឋាភិបាល គឺស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់តុលាការ។

រដ្ឋសភាកម្ពុជាសូមគូសបញ្ជាក់ថា សំណុំរឿង សន្ទិដ្ឋិភា ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ មិនត្រូវបានអត់ឱនដោយច្បាប់នៃប្រទេសណាមួយឡើយ រួមទាំងអឺរ៉ុបផងដែរ។

៨.កម្ពុជានៅតែប្រកាន់ខ្ជាប់លើការគាំពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្រោមរដ្ឋធម្មនុញ្ញ ស្របតាមបរិបទសង្គម ប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្លួន។

កម្ពុជាប្រកាន់ជំហររឹងមាំក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យពហុបក្ស ដើម្បីធានានូវសន្តិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ប្រទេសជាតិ។

៩. ការអនុវត្តសេរីភាពនៃការបញ្ចេញមតិ សមាគម និងការជួបប្រជុំដោយសន្តិវិធី ដោយមានការទទួលខុសត្រូវ ស្របច្បាប់ និងដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយត្រូវបានគោរព។

សហគមន៍អឺរ៉ុបគួរជៀសវៀងការអនុវត្តស្តង់ដារពីរដើម្បីរក្សាតម្លាភាព និងការទទួលខុសត្រូវ។ ការបន្ទោសលើច្បាប់របស់កម្ពុជាស្តីពីការកម្រិតលើការទទួលមូលនិធិពីបរទេស សម្រាប់បម្រើឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺជារូបភាពជាក់ស្ដែងនៃការអនុវត្តស្តង់ដារពីរ និងប្រកបដោយការលាក់ពុតត្បុត។

កម្ពុជាជាប្រទេសតូច ក៏ប៉ុន្តែជាកន្លែងដែលមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល និងប្រពៃណីជាង ២,០០០ ដែលរួមទាំងប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់រាជរដ្ឋាភិបាលផងដែរ និងមានសហជីពលើសពី ៦,០០០ និងអង្គការមិនមែនរដ្ឋាភិបាលជិត ៦,០០០ ដែលបានចុះបញ្ជីរួចស្របតាមច្បាប់។

១០.សភាអ៊ឺរ៉ុបគួរគប្បីផ្តោតលើការដោះស្រាយបញ្ហាដែលជារឿយៗ តាមរូបភាពព័ត៌មានក្លែងក្លាយ ប្រឌិតឡើងដោយដោយក្រុមអ្នកនយោបាយឆ្វេងនិយម និងពួកប្រជាកលនិយមមួយចំនួន ហើយបានបង្កឱ្យមានអស្ថិរភាពសង្គម និងការបែកបាក់សង្គម ក៏ដូចជាញុះញង់ឱ្យប្រជាជនបង្កអំពើហិង្សា តាមរយៈការចេញនូវព័ត៌មានមិនពិត ការញុះញុង់ឱ្យមានការស្អប់ខ្ពើម ការបង្កាច់បង្ខូច និងការរើសអើងជាតិសាសន៍។

១១. រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ស្នើជំរុញឱ្យសភាអឺរ៉ុបមើលលើទិដ្ឋភាពសិទ្ធិ មនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាដោយឥតលំអៀង និងពិចារណារលើបរិបទជាតិ និងកត្តាប្រវត្តិសាស្ត្ររបស់យើង ហើយគួរចៀសវាងការអនុវត្តស្តង់ដារពីររបស់ខ្លួន។

១២.រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអំពាវនាវឱ្យសភាអឺរ៉ុបធ្វើកិច្ចសហប្រតិបត្តិការពិតប្រាកដ ដោយគ្មានរបៀបវារៈលាក់កំបាំងពីក្រោយណាមួយឡើយ ដើម្បីពង្រឹងប្រព័ន្ធពហុភាគីនិយម រួមគ្នាដោះស្រាយបញ្ហាប្រឈមរួមដែលពិភពលោកកំពុងជួបប្រទះដូចជា៖ បម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត ឧក្រិដ្ឋកម្មឆ្លងដែន និងអសន្តិសុខស្បៀង ក៏ដូចជាដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កំណើនបៃតងប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។

១៣.កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការជាមួយសភាអឺរ៉ុប ដើម្បីបង្កើនទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន

-សហភាពអឺរ៉ុប ក្រោមគោលការណ៍ស្មើភាពទាំងអធិបតេយ្យ ឯករាជ្យ និងឈរលើមូលដ្ឋាន នៃការគោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីសន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិ៕

ដកស្រង់ពី៖ កម្ពុជាថ្មី