បណ្តាញសង្គម

សម្តេចក្រឡាហោម ស ខេង ទំនងទទួល តំណែងជា អនុប្រធាន ខណៈសម្តេចតេជោ ស្វ័យប្រវត្តិ នឹងក្លាយជាប្រធាន CPP

ភ្នំពេញ ៖ ដោយសារតែ មានគុណបំណាច់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលត្រូវបាន

ព្រះមហាក្សត្រប្រោស ព្រះរាជទាននូវ គោរមងារ ដ៏មហាកិត្តិយសបំផុត ជាសម្តេចក្រឡាហោម ស ខេង នៅថ្ងៃអាទិត្យទី១៤ ខែមិថុនា ឆ្នាំ២០១៥ ដែលអ្នកវិភាគ អាចយល់ឃើញថា ជាជំហានមួយវិវត្តន៍ បន្ថែមទៀតសម្រាប់ សម្តេច  ស ខេង ឆ្ពោះទៅទទួលតំណែងលំដាប់ទី២ នៅក្នុងគណបក្ស ប្រជាជនកម្ពុជា គឺអនុប្រធាន ខណៈដែលសម្តេច តេជោ ហ៊ុន សែន ត្រូវបានគេដឹង រួចជាស្រេចថា សម្តេចនឹងជ្រើសតាំង ជាប្រធានគណបក្ស នៅក្នុងការ បោះឆ្នោតររបស់ គណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា មួយថ្ងៃបន្ទាប់ ពីសពសម្តេចជាស៊ីម ត្រូវបានបូជានៅថ្ងៃទី១៩ មិថុនា ខាងមុខនេះ ។

លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានប្រាប់មជ្ឈមមណ្ឌល ព័ត៌មានដើម អម្ពិល នៅថ្ងៃទី១៤ ខែមិថុនា ថា គណបក្ស ប្រជាជនកម្ពុជា នឹងរៀបចំការបោះឆ្នោត ជ្រើសរើសប្រធាន អនុប្រធានគណបក្ស នៅថ្ងៃសៅរ៍ទី២០ ខែមិថុនា ខាងមុខ ហើយថាសម្តេចតេជោ ហ៊ុន សែន អនុ ប្រធានគណបក្ស នឹងត្រូវបានសមាជិក គណបក្សបោះឆ្នោត ឲ្យក្លាយជាប្រធានគណបក្សជំនួសសម្តេច ជា ស៊ីម ដែលបានទទួលមរណភាព កាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០១៥ ។

ដោយឡែកអនុប្រធាន គណបក្ស លោក ឈឹម ផលវរុណ ពុំបានបញ្ជាក់ ច្បាស់ថា ឥស្សរជនណាមួយ នោះទេ ដោយគ្រាន់តែលោកអះអាងថាឥស្សរជននោះធ្លាប់មានប្រវត្តិតស៊ូ ចាប់តាំងពីគ្រាដំបូងជាមួយ សម្តេចហេង សំរិន សម្តេចជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន នៅក្នុងការផ្តួលរំលំរបបប្រល័យពូជ សាសន៍ខ្មែរក្រហមចាប់តាំងពីចុងឆ្នាំ១៩៧៨។ អ្នកវិភាគបានទស្សន៍ទាយថា សម្តេចក្រឡាហោម ស ខេង ជាឥស្សរជនលេចធ្លោជាងគេបំផុត សម្រាប់ តំណែងអនុប្រធាន ដោយសារតែសម្តេចក្រឡាហោម ធ្លាប់មានប្រវត្តិតស៊ូដូចខាងលើ ហើយត្រូវ ជាប្អូនថ្លៃ សម្តេចជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងអតីតជាប្រធានព្រឹទ្ធសភា។

រីឯសម្តេចវិបុលសេនាភក្តី សាយ ឈុំ ទំនងជារក្សាតំណែងដដែល គឺអគ្គលេខាគណបក្សប្រជាជន កម្ពុជា ហើយម្យ៉ាងសម្តេចវិបុលសេនាភក្តី ទើបជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាផងដែរ។ គណបក្សប្រជាជនកម្ពុជា ជាគណបក្ស ដែលធំជាងគេ កំពុងដឹកនាំប្រទេស ហើយក៏ជាគណបក្ស ដែល បានដឹកនាំចលនាតស៊ូ វាយរំលំរបបប្រល័យ ពូជសាសន៍ប៉ុលពត ព្រមទាំងជាភាគី ហត្ថលិខីកិច្ច ព្រមព្រៀង ទីក្រុងប៉ារីស២៣ តុលា ១៩៩១ ហើយក៏ជាអ្នករំលាយ អង្គការចាត់តាំង នយោបាយ និងយោធា របស់ ខ្មែរក្រហមក្រោមរូបមន្ត នយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំង នៃកម្ពុជានាថ្ងៃ២ ធ្នូ  ឆ្នាំ១៩៩៨ ៕
 


ដកស្រង់ពី៖ដើមអម្ពិល