បណ្តាញសង្គម

លោក ហ៊ុន ម៉ា​នី​: ទង្វើ​ពួក​ជ្រុលនិយម​ដែល​ប្រមាថ​មកលើ​នាយករដ្ឋមន្ត្រី​មិនអាច​បន្ធូរបន្ថយ ឬ​សម្រាល​ទោសកំហុស​បានទេ​

ភ្នំពេញ: «ទង្វើដែលប្រមាថមកលើពុក មកលើនាយករដ្ឋមន្ត្រី និងមកលើប្រធានគណបក្សប្រជាជនកម្ពុជា គឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត»។

លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់សម្តេចតេជោ និងតំណាងរាស្ត្រខេត្តកំពង់ស្ពឺ បានលើកឡើងដូច្នេះនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី១២ ខែឧសភា។

លោកបានបន្តថា: «ទង្វើនេះ ពួកយើងទាំងអស់គ្នា ជាសមាជិកគណបក្ស និងជាប្រជាជនខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនអាចបន្ធូរបន្ថយ ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ»។

លោក ហ៊ុន ម៉ានី បានលើកឡើងថា៖ «ពួកយើងត្រូវចាំ និងមិនត្រូវភ្លេចចរិតជ្រុលនិយមរបស់ពួកនេះឡើយ។ អស់លោកក៏ត្រូវចាំថា អ្នកណាធ្វើ អ្នកនោះទទួល»។

សូមជម្រាបថា សំណេររបស់លោក ហ៊ុន ម៉ានី គឺសម្ដៅដល់ជនអគតិម្នាក់ ដែលបានធ្វើសកម្មភាពប្រមាថមកលើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពេលកំពុងទទួលនូវការស្វាគមន៍ពីអ្នកគាំទ្រ នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយបានយកស្បែកជើងបោះសម្ដៅរកសម្ដេច៕

ដកស្រង់ពី៖ រស្មីកម្ពុជា