កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ចូលរួមជាមួយដៃគូអភិវឌ្ឍន៍ ក្នុងកិច្ចខិតខំប្រឹងប្រែង ស្តារឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានជាតិ
ភ្នំពេញៈ លោកទេសរដ្ឋមន្ដ្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានថ្លែងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ចូលរួមជាមួយដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា។
លោក បានថ្លែង នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UN ESCAP នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ថា ការប្តេជ្ញារបស់កម្ពុជាចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ
និងអនុវត្តន៍របៀបវារៈរួម ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការគាំទ្ររបស់កម្ពុជាទៅលើការអនុម័តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៥
និងការដាក់ចេញនូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០ ដែលមាន១៨គោលដៅ ហើយគោលដៅទី១៨ គឺ “កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម”។
លោក បានបញ្ជាក់ថា ការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ត្រូវបានរំខានដោយកត្តាជាច្រើនដែលមានដូចជា វិបត្តិនៃជំងឺកូវីដ-១៩ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុ
ដែលជាហេតុទាមទារឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត បង្កើនការតភ្ជាប់ដែលមានប្រសិទ្ធភាពខ្ពស់ និងបង្កើនភាពបើកចំហរ និងបរិយាប័ន្ននៃសេដ្ឋកិច្ចសកល។
លោកបានបន្ថែមថា ការដោះស្រាយបញ្ហាទាំងនេះ ទាមទារឱ្យមានការសម្រេចិត្តរួមគ្នា ក្រោមក្របខ័ណ្ឌពហុភាគីនិយម ដោយគោរពនូវច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដោយមិនគិតលើទំហំ និងទ្រព្យសម្បត្តិឡើយ។
លោកបានបន្តថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាកំពុងតែបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន
និងប្រែក្លាយអាស៊ានឱ្យទៅជាតំបន់ដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ហើយកម្ពុជានឹងបន្តជំរុញឱ្យអាស៊ានក្លាយជា សហគមន៍ដ៏រស់រវើក
ប្រកបដោយសុខដុមរមនា និងមានការការពារពលករចំណាកស្រុក មានការអភិវឌ្ឍប្រកបដោយភាពបៃតងនិងបរិយាប័ន្ន និងជំរុញបរិវត្តិកម្មឌីជិថលសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនស្ត្រី និងសហគ្រិនវ័យក្មេង៕
ដកស្រង់ពី៖ រស្មីកម្ពុជា