ទេសរដ្ឋមន្ត្រី លី ធុជ៖ ក្នុងនាមប្រធានអាស៊ានកម្ពុជាកំពុងបន្តជំរុញប្រែក្លាយអាស៊ានឱ្យទៅជាតំបន់ពាណិជ្ជកម្ម
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានជាតិ
លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ នៅថ្ងៃទី ២៣ ខែឧសភា ២០២២បានចេញសេចក្តីថ្លែងការណ៍មួយនៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UNESCAP ដោយបានបង្ហាញឆន្ទៈប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមក្របខ័ណ្ឌពហុភាគីនិយម ដើម្បីស្តារឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច
និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UN ESCAP។លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា ការប្តេជ្ញារបស់កម្ពុជាចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ
និងអនុវត្តរបៀបវារៈរួម ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការគាំទ្ររបស់ កម្ពុជាទៅលើការអនុម័តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៥
និងការដាក់ចេញនូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០ ដែលមាន ១៨គោលដៅ ហើយគោលដៅទី១៨ គឺ “កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម”។ទន្ទឹមនឹងនោះលោកទេសរដ្ឋមន្ត្រី
ក៏បានលើកឡើងផងដែរថា ការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ត្រូវបានរំខានដោយកត្តាជាច្រើនដែលមានដូចជា វិបត្តិនៃជំងឺកូវីដ-១៩ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ
និងការប្រែប្រួលអាកាសធាតុ ដែលជាហេតុទាមទារឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត បង្កើនការតភ្ជាប់ដែលមានប្រសិទ្ធភាពខ្ពស់ និងបង្កើនភាពបើកចំហរនិងបរិយាប័ន្ននៃសេដ្ឋកិច្ចសកល។
ការដោះស្រាយបញ្ហាទាំងនេះ ទាមទារឱ្យមានការសម្រេចិត្តរួមគ្នា ក្រោមក្របខ័ណ្ឌពហុភាគីនិយម ដោយគោរពនូវច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដោយមិនគិតលើទំហំ និងទ្រព្យសម្បត្តិឡើយ។
លោកថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ចូលរួមជាមួយដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា។
ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាកំពុងតែបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងប្រែក្លាយអាស៊ានឱ្យទៅជាតំបន់ដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និ
ងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ហើយកម្ពុជានឹងបន្តជំរុញឱ្យអាស៊ានក្លាយជា សហគមន៍ដ៏រស់រវើក ប្រកបដោយសុខដុមរមនា និងមានការការពារពលករចំណាកស្រុក មានការអភិវឌ្ឍប្រកបដោយភាពបៃតងនិងបរិយាប័ន្ន
និងជំរុញបរិវត្តិកម្មឌីជិថលសម្រាប់ សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនស្ត្រី និងសហគ្រិនវ័យក្មេង៕
ដកស្រង់ពី៖ កោះសន្តីភាព