បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់អាស៉ី» នៅថ្ងៃទី២៦-២៧ ខែឧសភា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងចូលរួមជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់មកពីបណ្ដាប្រទេសអាស៉ីដទៃទៀត ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់អាស៉ី» ដែលធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២២។

សន្និសីទអន្តរជាតិ ធ្វើឡើង ក្រោមមូលបទ «ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៉ី នៅក្នុងពិភពលោកដែលបែកខ្ញែក»។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងអន្តរជាតិ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការថ្លែងសុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទដែលប្រព្រឹត្តទៅទៅក្នុងទម្រង់រូបវ័ន្តផង និងតាមប្រព័ន្ធអនឡាញផងនោះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ហាសិបេ ត្សឺយ៉ូហ្ស៉ី (HASEBE Tsuyoshi) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុននីកកេ (Nikkei Inc.)។

ក្រសួងការបរទេសបញ្ជាក់ថា នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្តោតលើចំណុចសំខាន់ៗ រួមមាន៖ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ ការបន្តដាក់សម្ពាធលើបរិយាកាសសន្តិសុខសកល ការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយរវាងមហាអំណាច និងសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។

សម្តេចតេជោ ក៏នឹងគូសបញ្ជាក់ផងដែរ អំពីផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងអំពើភេរវកម្មឆ្លងដែន និងតួនាទីរបស់អាស៊ាន រួមទាំងកម្ពុជា ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ទ្វីបអាស៉ី និងពិភពលោក។

ការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងសន្និសីទ អន្តរជាតិខាងលើ នឹងឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា

ក្នុងការដើរតួនាទីដ៏សកម្មនៅក្នុងការកសាងអនាគត ប្រកបដោយនិរន្តរភាពមួយសម្រាប់អាស៉ី និងពិភពលោក ជាពិសេសនៅក្នុងបុព្វហេតុស្តារឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩៕

ដកស្រង់ពិ៖ Fresh News