បណ្តាញសង្គម

ក្រសួងមហាផ្ទៃ ស្នើគណបក្សភ្លើងទៀន ពិនិត្យឡើងវិញ និងអនុវត្តឱ្យត្រឹមត្រូវតាមលក្ខន្ដិកៈ ជុំវិញភាពមិនប្រក្រតីក្នុងការតែងតាំង លោក សុន ឆ័យ ជាអនុប្រធានបក្ស

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានស្នើឱ្យគណបក្សភ្លើងទៀន ត្រូវធ្វើការពិនិត្យឡើងវិញ និងអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយ ពាក់ព័ន្ធនឹងករណីមិនប្រក្រតី ក្នុងការតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្សប្រឆាំងនេះ។

នេះបើតាមលិខិតរបស់ សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លិខិតក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ការសម្រេចតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន តាមរយៈសេចក្តីសម្រេចដូចចុះក្នុងយោងខាងលើ គឺជាការអនុវត្តផ្ទុយនឹងប្រការ២០

និងប្រការ៣៣ នៃលក្ខន្តិកៈ គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតលេខ ៥៧៩ សជណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា ២៦ថ្មី នៃច្បាប់ ស្តីពីគណបក្សនយោបាយ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការតែងតាំង លោក សុន ឆ័យ មានភាពមិនប្រក្រតី ដោយមិនបានអនុវត្តឱ្យត្រឹមត្រូវទៅតាមលក្ខន្តិកៈ ដែលតម្កល់នៅក្រសួងមហាផ្ទៃនោះទេ។

លោក សុន ឆ័យ ជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា

បានចេញព្រះរាជក្រឹត្យមួយ ផ្តល់នីតិសម្បទាធ្វើនយោបាយ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

ដកស្រង់ពី៖ Fresh News