រដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបោះឆ្នោត កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ២៩ម៉ឺននាក់
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានជាតិ
ភ្នំពេញ: លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថាស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបោះឆ្នោត ចាប់ពីថ្ងៃទី០៤-០៦ ខែមិថុនា ឆ្នាំ២០២២ មានភ្ញៀវសរុបចំនួន ២៩៤.៤៤៤នាក់ ក្នុងនោះ ភ្ញៀវជាតិ ២៧៥.៧៣៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៨.៧១០នាក់។
គោលដៅទេសចរណ៍សំខាន់ៗ ដែលទទួលបានភ្ញៀវច្រើនជាងគេរួមមាន៖
* ខេត្តព្រះសីហនុ ៥៩.៤០៣ នាក់
* ខេត្តកំពត ៣៧.៧៤៧ នាក់
* ខេត្តបាត់ដំបង ៣៦.៣៦៩ នាក់
* ខេត្តសៀមរាប ២៨.១៣៨ នាក់
* រាជធានីភ្នំពេញ ២៤.៦៥២ នាក់
* ខេត្តពោធិ៍សាត់ ១៦.៤៦៩ នាក់
* ខេត្តកំពង់ស្ពឺ ១៤.២៤៩ នាក់
* ខេត្តកែប ១៣.៤៤៤ នាក់ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តួលេខខាងលើនេះមានការកើនឡើងប្រមាណ ៧,៤៥% ធៀបនឹងសប្តាហ៍កន្លងមក។
លោកបន្ថែមថា តាមការពិនិត្យជាក់ស្តែងចុងសប្តាហ៍កន្លងមកនេះ បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានត្រៀមខ្លួន ទៅចូលរួមបោះឆ្នោតគ្រប់រូបនៅ ថ្ងៃអាទិត្យ រីឯបងប្អូនកម្មករ កម្មការនី
និងបុគ្គលិកក្រុមហ៊ុន ឯកជន និងនិស្សិត ចំណាកស្រុកក្នុងប្រទេស ក៏បានធ្វើដំណើរទៅចូលរួមបោះឆ្នោតយ៉ាងផុសផុល នៅស្រុកកំណើតតាំងពីល្ងាចថ្ងៃសុក្រនិងព្រឹកថ្ងៃសៅរ៍ ហើយក្រោយបំពេញកាតព្វកិច្ចបោះឆ្នោតរួច
គឺមួយចំនួនបានជួបជុំហូបចុកជាលក្ខណៈក្រុមគ្រួសារ ហើយខ្លះទៀតបានដើរកម្សាន្តនៅតាមគោលដៅនានា ប៉ុន្តែភាគច្រើនជាគោលដៅទេសចរណ៍ ឬកន្លែងកម្សាន្ដែលនៅ ជិតៗក្នុងភូមិស្រុករបស់ពួកគាត់ផ្ទាល់។
ដោយឡែកមន្ត្រីរាជការ ក្រៅពីកាតព្វកិច្ចទៅចូលរួមបោះឆ្នោត និង បំពេញការងារផ្សេងៗទៀតនៅមូលដ្ឋាន ក៏បានឆ្លៀតឱកាសដើរកំសាន្តរយៈពេលខ្លី ទៅកាន់រមនីយដ្ឋានជិតៗ ផងដែរ៕
ដកស្រង់ពី៖ រស្មីកម្ពុជា