Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ឯកឧត្តម Pablo Kang លើក​ឡើង​ថា គ្រាប់ស្វាយចន្ទី​ខ្មែរ​ឆ្ងាញ់​ជាងគេ

  • បោះពុម្ព

(តពីលេខមុន)៖ សំណួរ ៖ ជុំវិញបញ្ហានៃការផ្ទុះឡើង និងការរីករាលដាលជំងឺកូវីដ-១៩ កម្ពុជាក៏ជាប្រទេសមួយ ដែលទទួលរងគ្រោះពីការវាយប្រហារដោយកូវីដ-១៩ ក្នុងនោះកម្ពុជាក៏ទទួលបានជំនួយជាសម្ភារពេទ្យ និងវ៉ាក់សាំង ពីបណ្តាប្រទេសជាមិត្ត និងតាមរយៈយន្តការកូវ៉ាក់ ។

សម្រាប់អូស្ត្រាលីផ្ទាល់ តើវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនប៉ុន្មានហើយ ដែលបានជួយដល់ប្រទេសកម្ពុជា ? តើនឹងមានការបន្តផ្តល់វ៉ាក់សាំងបន្ថែមទៀតណាឆ្នាំខាងមុខ ឬយ៉ាងណា ?

បើមានតើចំនួនប៉ុន្មានដូសដែរ ?ឯកឧត្តម Pablo Kang៖ សូមអរគុណ ។ តាំងពីដើមដំបូងនៃការមានជំងឺរាតត្បាតនេះ អូស្ត្រាលីបានដឹងថា យើងនឹងមិនមានសុវត្ថិភាពទេ លុះត្រាតែអ្នកគ្រប់គ្នាមានសុវត្ថិភាព និងជាពិសេសប្រជាជននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិករួមរបស់យើង ។

ទើបរដ្ឋាភិបាលបានចាប់ផ្តើមកម្មវិធីភាពជាដៃគូសម្រាប់ក្របខណ្ឌនៃការស្តារឡើងវិញ ។ ដែលនៅដើមឆ្នាំ 2020 និង 2021 យើងផ្តោតជាខ្លាំងទៅលើការទិញវ៉ាក់សាំង សមត្ថភាពក្នុងការចែកចាយវ៉ាក់សាំងទាំងនោះ ប្រកបដោយប្រសិទ្ធភាពទៅកាន់ប្រទេសផ្សេងៗ និងភាពប្រាកដថាយើងកំពុងជួយក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងយុទ្ធនាការអប់រំសាធារណៈ ។

ដើម្បីឱ្យប្រជាជនបានដឹងពីរបៀប ដើម្បីអនុម័តវិធានការកាត់បន្ថយហានិភ័យពីជំងឺកូវីដ-១៩ ដែលសមស្រប ដូចជាការរក្សាគម្លាតសង្គម ការពាក់ម៉ាស់ និងលាងសម្អាតដៃឱ្យបានត្រឹមត្រូវជាដើម ។

ជាការពិតណាស់ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា នៅពេលដែលវ៉ាក់សាំង ចាប់ផ្តើមត្រូវបានផលិតជាលើកដំបូង វាមានការលំបាកខ្លាំង សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់សកលទាំងនោះ អាចធ្វើការចែកចាយបានគ្រប់គ្រាន់ ក្នុងបរិមាណគ្រប់គ្រាន់ ដើម្បីដាក់ឱ្យប្រើប្រាស់នៅជុំវិញពិភពលោក រួមទាំងទៅកាន់ប្រទេសអូស្ត្រាលី និងទៅកន្លែងនានា ដូចជាកម្ពុជា ។

ប៉ុន្តែយើងបានសហការយ៉ាងរឺងមាំក្នុងកិច្ចព្រមព្រៀងជាសកលជាមួយអង្គការយូនីសេហ្វ ដោយអង្គការយូនីសេហ្វ បានចេញទៅទីផ្សារអន្តរជាតិ ក្នុងនាមជាអ្នកទិញជំនួសយើង ដើម្បីអាចទទួលបានវ៉ាក់សាំង ទើបយើងអាចផ្តល់វ៉ាក់សាំងទាំងនោះដល់ប្រទេសនានា ដូចជាកម្ពុជា ។

ហើយយើងបានខិតខំប្រឹងប្រែងយ៉ាងមុតមាំថា យើងនឹងធ្វើវា ។ ហើយកាលពីចុងខែធ្នូ ឆ្នាំមុន វ៉ាក់សាំង Pfizer BioNTech ចំនួន 2.35 លានដូស ត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ដែលអង្គការយូនីសេហ្វបានទិញពីក្រុមហ៊ុន Pfizer ក្នុងនាមរដ្ឋាភិបាលអូស្ត្រាលី ។

ហើយវ៉ាក់សាំងទាំងនោះត្រូវបានរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលប្រើភ្លាមៗ សម្រាប់ជាដូសជំរុញ ដែលភាគច្រើនជាដូសទី ៤ ក្នុងករណីខ្លះជាដូសទី ៣ ដើម្បីពង្រឹងដូសដំបូង ដែលប្រជាជនកម្ពុជាបានចាក់ ។

យើងគិតថា វាដំណើរការបានល្អណាស់ ។ វ៉ាក់សាំង Pfizer គឺជាវ៉ាក់សាំង mRNA ហើយត្រូវការប្រព័ន្ធទុកដាក់ជាក់លាក់ ដូច្នេះក្នុងករណី Pfizer នេះ ត្រូវការទូរបង្កករក្សាវ៉ាក់សាំង ដែលអាចរក្សាទុកវ៉ាក់សាំង Pfizer នៅសីតុណ្ហភាពត្រជាក់ដល់ -80 អង្សាសេ ។

តាមពិតទៅ ប្រទេសកម្ពុជាមានទូរបង្កករក្សាវ៉ាក់សាំងបែបេនេះ មួយចំនួនរួចហើយនៅទីក្រុងភ្នំពេញ ប៉ុន្តែមិនមាននៅតាមខេត្តនោះទេ ។

ដូច្នេះផ្នែកមួយនៃជំនួយរបស់យើង គឺមិនមែនគ្រាន់តែទិញវ៉ាក់សាំងចំនួន 2.35 លានដូស ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានជួយផងដែរនូវទូរបង្កករក្សាវ៉ាក់សាំង និងបរិក្ខាប្រព័ន្ធត្រជាក់រក្សាវ៉ាក់សាំង ដែលអាចឱ្យយើងចែកចាយ និងរក្សាទុកវ៉ាក់សាំងទាំងនោះ នៅតាមខេត្តមួយៗ ក្នុងប្រទេសកម្ពុជាទាំងមូល ។

ដូច្នេះហើយ យើងបានបញ្ជាទិញទូរបង្កករក្សាវ៉ាក់សាំង ចំនួន 133 ដែលជាផ្នែកនៃជំនួយរបស់យើង ដល់ប្រទេសកម្ពុជា ក្នុងភាពជាដៃគូជាមួយអង្គការយូនីសេហ្វ ។

ហើយកាលពីដើមឆ្នាំនេះ ខ្ញុំមានកិតិ្តយសបានធ្វើដំណើរទៅកាន់ខេត្តរតនគិរី ដើម្បីទៅមើលទូរបង្កករក្សាវ៉ាក់សាំងនេះ ដើម្បីមើលពីរបៀប ដែលវ៉ាក់សាំង Pfizer ត្រូវបានចាក់ជូនដល់ប្រជាជនក្នុងខេត្តរតនគិរី ជាដូសជំរុញ ។ ពិតណាស់ ប្រទេសកម្ពុជាបានគ្រប់គ្រងលទ្ធកម្មវ៉ាក់សាំងរបស់ខ្លួនបានយ៉ាងល្អ ។

កម្ពុជាបានទទួលវ៉ាក់សាំងមួយចំនួន ពីប្រទេសជាមិត្ត ដូចជាអូស្ត្រាលីជាដើម ។

កម្ពុជាក៏បានទិញវ៉ាក់សាំងជាច្រើនផងដែរ តាមរយៈដំណើរការថវិការដ្ឋាភិបាលរបស់ខ្លួន ដូច្នេះហើយនៅពេលនេះ ខ្ញុំគិតថា កម្ពុជានៅមានវ៉ាក់សាំង ហើយត្រូវប្រើវាអោយបានមុនពេលវ៉ាក់សាំងទាំងនោះផុតកំណត់ ។

យើងដឹងច្បាស់ហើយថា យើងមិនចង់ផ្តល់ឱ្យកម្ពុជា នូវវ៉ាក់សាំងបន្ថែមទៀតទេ មុនពេលដែលកម្ពុជាត្រៀមខ្លួន ទទួលវ៉ាក់សាំងទាំងនោះ ពីព្រោះបើមិនដូច្នេះទេ វ៉ាក់សាំងរបស់យើងអាចនឹងផុតកំណត់ផងដែរ ប្រសិនបើវាមិនត្រូវបានប្រើប្រាស់ ព្រោះយើងត្រូវប្រើវ៉ាក់សាំងមុនៗជាមុនសិន ។

ប៉ុន្តែខ្ញុំដឹងថារដ្ឋាភិបាលកម្ពុជាពិតជាចង់ និងបានចាប់ផ្តើមរួចហើយ ហើយក៏នឹងបន្តយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ ហើយអ្វីដែលកម្ពុជាមិនទាន់មាន គឺវ៉ាក់សាំង Pfizer សម្រាប់កុមារ ។

ទើបយើងបានសម្រេចចិត្តមុននេះថា យើងនឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងកុមារ Pfizer ចំនួន 500 000 ដូសដល់កម្ពុជា ។

ហើយយើងរំពឹងថា វ៉ាក់សាំងនេះនឹងមកដល់ខែក្រោយនេះ ។ ខ្ញុំដឹងថា សម្តេចនាយករដ្ឋមន្ត្រីក៏បានប្រកាសជាសាធារណៈ រួចហើយអំពីជំនួយនេះ ។

សំណួរ ៖ ងាកមករឿងពាណិជ្ជកម្មទ្វេភាគី ។ តើទំហំពាណិជ្ជកម្មអូស្ត្រាលី-កម្ពុជាឆ្នាំ ២០២១ កន្លងទៅមានការកើនឡើង ឬថយចុះ ធៀបនឹងឆ្នាំ ២០២០ ។

តើទំនិញអ្វីខ្លះដែលអូស្ត្រាលីនាំចេញមកកម្ពុជា និងទំនិញអ្វីខ្លះដែលអូស្ត្រាលីនាំចូលពីកម្ពុជា ?ឯកឧត្តម Pablo Kang៖ តាមពិតទៅ យើងមិនទាន់មានស្ថិតិពាណិជ្ជកម្មឆ្នាំ 2021 នៅឡើយទេ តែខ្ញុំអាចនិយាយអំពីឆ្នាំ 2020 បាន ។

នៅឆ្នាំ 2020 យើងបានឃើញពាណិជ្ជកម្មទ្វេភាគី ពេលដែលខ្ញុំនិយាយពីពាណិជ្ជកម្ម ខ្ញុំសំដៅលើពាណិជ្ជកម្មទាំងទំនិញ និងសេវាកម្ម សេវាកម្មរួមបញ្ចូលទាំងការអប់រំ និងទេសចរណ៍ ។

ពាណិជ្ជកម្មទៅវិញទៅមកលើទំនិញ និងសេវាកម្ម ក្នុងឆ្នាំ 2020 មានតម្លៃប្រហែល 750 លានដុល្លារអូស្ត្រាលី ហើយបើយើងមើលលើការនាំចេញចម្បង ពីប្រទេសអូស្ត្រាលី ការអប់រំដូចដែលយើងបានពិភាក្សាមុននេះ ជាការនាំចេញសំខាន់មួយ នៅពេលដែលនិស្សិតកម្ពុជាបង់ថ្លៃសិក្សា នៅសាកលវិទ្យាល័យអូស្ត្រាលី វាជាផ្នែកមួយនៃការធ្វើពាណិជ្ជកម្មទៅវិញទៅមក ផ្នែកសេវាកម្ម ។

ការនាំចេញផ្សេងៗទៀត ពីអូស្ត្រាលីមានដូចជា សាច់គោ យើងអាចរកទិញ និងបរិភោគសាច់គោអូស្ត្រាលី នៅតាមភោជនីយដ្ឋានជាច្រើន ក្នុងទីក្រុងភ្នំពេញ សៀមរាប និងខេត្តផ្សេងៗទៀត ហើយអូស្ត្រាលីក៏នាំចេញផលិតផលរោងចក្រ ដែលមានតម្លៃខ្ពស់មួយចំនួន ដូចជា បរិក្ខារពេទ្យ និងថ្នាំពេទ្យ ជាដើម ។

ធ្យូងថ្មក៏ជាទំនិញនាំចេញធំមួយទៀតដែរ អូស្ត្រាលីជាអ្នកនាំចេញធ្យូងថ្មធំគួរសម ។បើនិយាយពីការនាំចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលីវិញ ទេសចរណ៍គឺជាផ្នែកមួយដ៏ធំក្នុងការនាំចេញផ្នែកសេវាកម្ម ក្នុងឆ្នាំ 2019 មុនពេលមានជំងឺកូវីដ មានជនជាតិអូស្ត្រាលីប្រហែល 130 000 នាក់ ទទួលបានទិដ្ឋាការទេសចរណ៍មកលេងកម្ពុជា ហើយភាគច្រើននៃពួកគេទាំងនោះ បានទៅលេងទីកន្លែងនានា ដូចជាប្រាសាទអង្គរវត្ត ជាដើម ។

ដូច្នេះ វិស័យទេសចរណ៍ជាចំណូលដ៏ធំមួយ មុនពេលមានការរាតត្បាតជំងឺនេះ ។ ក្នុងអំឡុងពេលមានការរាតត្បាតជំងឺ ទំនិញមួយចំនួនដែលនាំចេញពីកម្ពុជាទៅអូស្ត្រាលី មានការជាកើនឡើង ប្រហែលជា 50% ដូចជាការនាំចេញអង្ករគុណភាពខ្ពស់ពីកម្ពុជាទៅអូស្ត្រាលី នៅចន្លោះឆ្នាំ 2019 ដល់ ឆ្នាំ 2020 អង្ករក្រអូបមានប្រជាប្រិយភាពខ្លាំងនៅប្រទេសអូស្ត្រាលី ហើយជាការពិតណាស់ កម្ពុជាផលិតបានអង្ករក្រអូបគុណភាពខ្ពស់ ហើយបានឈ្នះពាននរង្វាន់អន្តរជាតិជាច្រើនផងដែរ ។

ហើយដូចដែលយើងដឹងហើយថា នៅមានទំនិញនាំចេញមួយចំនួនទៀត ពីប្រទេសកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី ដូចជា វាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ដែលមានតាំងពីយូរណាស់មកហើយ ។

ចាប់ពីពាក់កណ្តាលឆ្នាំមុនមក កម្ពុជាបានបើកការដ្ឋានរុករករ៉ែមាសថ្មី ដែលជាការដ្ឋានរ៉ែមាសពាណិជ្ជកម្មដំបូងគេ ជាការដ្ឋានរ៉ែមាសដែលមាននិរន្តរភាព នៅក្នុងខេត្តមណ្ឌលគិរី ហើយមាសក៏ជាមុខទំនិញសំខាន់ដែលនាំចេញពីកម្ពុជាទៅអូស្ត្រាលីផងដែរ នាពេលនេះ ។

ជាការពិតណាស់ ខ្ញុំសង្ឃឹមថា សេដ្ឋកិច្ចរបស់យើងទាំងពីរមានសេរីភាវូបនីយកម្ម ទាំងអូស្ត្រាលី និងកម្ពុជា មានការយល់ឃើញថា មធ្យោបាយដ៏ល្អបំផុតដើម្បីកែលម្អពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច គឺការមានសេដ្ឋកិច្ចបើកចំហ មិនមានពន្ធនាំចូល មិនមានកូតា មិនមានឧបសគ្គផ្សេងៗ រារាំងដល់ការធ្វើពាណិជ្ជកម្ម ។

ខ្ញុំគិតថា ការយល់ឃើញនេះ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួន ដែលកម្ពុជាបានចុះហត្ថលេខានាពេលថ្មីៗនេះជាមួយអូស្ត្រាលី រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក គឺភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ឬ RCEP ដែលបានចូលជាធរមាននៅដើមឆ្នាំនេះ ។

កម្ពុជាអូស្ត្រាលីក៏ជាភាគីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន អូស្ត្រាលី នូវែលហ្សេឡង់ ដែលត្រូវបានបង្កើតឡើងដំបូង ប្រហែល 10 ឆ្នាំមុន ហើយត្រូវបានបំពេញបន្ថែមដើម្បីធ្វើឱ្យប្រសើរឡើងនៅឆ្នាំនេះ

ដើម្បីរាប់បញ្ចូលពីភាពជឿនលឿននៃពាណិជ្ជកម្មឌីជីថល ហើយនេះជាអ្វីដែលកម្ពុជាបានប្តេជ្ញាចិត្ត នឹងធ្វើការសម្របសម្រួល ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ ។ ខ្ញុំគិតថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ នឹងបើកអោយមានឱកាសបន្ថែមទៀត សម្រាប់ពាណិជ្ជកម្មកាន់តែច្រើនឡើងលើទំនិញ និងសេវាកម្ម រវាងប្រទេសយើងទាំងពីរ ។

សំណួរ ៖ កន្លងមក នាងខ្ញុំដឹងថា ស្នងការនគរបាលសហព័ន្ធអូស្ត្រាលី (Australian Federal Police) បាននឹងកំពុងធ្វើកិច្ចសហការរបស់ខ្លួនជាមួយនឹងនគរបាលជាតិកម្ពុជា (CNP) ជាច្រើនលើការប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ។

តើឯកឧត្តម ឯកអគ្គរដ្ឋទូត Pablo Kang អាចជម្រាបជូនបន្ថែមអំពីកិច្ចសហការគ្នាលើវិស័យនេះថា ទទួលបានសមិទ្ធិផលយ៉ាងណាខ្លះ ?

ឯកឧត្តម Pablo Kang៖ បាទ វាជាបញ្ហាសំខាន់ណាស់ ហើយជាអកុសលបញ្ហានេះនៅតែកើតមានច្រើននៅក្នុងប្រទេសកម្ពុជា ទាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ រួមទាំងទេសចរណ៍ផ្លូវភេទកុមារ និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិត ។

ជាការពិតណាស់ក្នុងអំឡុងពេលកូវីដ ដែលមនុស្សមានការលំបាកក្នុងការធ្វើដំណើរ អត្រានៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅក្នុងប្រទេស ដែលប្រព្រឹត្តឡើងដោយទេសចរណ៍ដែលចូលមក ក្នុងប្រទេសកម្ពុជាមានការថយចុះយ៉ាងច្បាស់ ប៉ុន្តែការកេងប្រវ័ញ្ចតាមអ៊ីនធឺណិតនៅតែជាបញ្ហាធំ ។

ដូចដែលយើងបានដឹង យើងមានមន្ត្រីទំនាក់ទំនងរបស់នគរបាលសហព័ន្ធអូស្ត្រាលី ដែលជាផ្នែកមួយរបស់ស្ថានទូតរបស់យើងនៅទីនេះ ក្នុងទីក្រុងភ្នំពេញ តំណាងឱ្យនគរបាលកណ្តាលអូស្ត្រាលី ។

ពួកគេធ្វើការងារបានល្អណាស់ ជាពិសេសជាមួយនគរបាលជាតិកម្ពុជា និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតរបស់រដ្ឋាភិបាល ព្រមទាំងជាមួយអង្គការសង្គមស៊ីវិល ឬអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការក្នុងផ្នែកនេះ ដើម្បីព្យាយាម និងជួយកម្ពុជា បង្ក្រាបឧប្បត្តិហេតុនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ នគរបាលសហព័ន្ធរបស់យើងបានផ្តល់ថវិកាចំនួន 130 000 ដុល្លារអូស្ត្រាលី ដល់នគរបាលជាតិកម្ពុជា ដើម្បីជួយពួកគេក្នុងបញ្ហានានា ដូចជា ការស៊ើបអង្កេត ការប្រើប្រាស់កោសល្យវិច្ច័យ ព្រមទាំងការជួយគាំទ្រ និងការកំណត់អត្តសញ្ញាណជនរងគ្រោះផងដែរ ។

ថ្មីៗនេះ ដូចជាកាលពីខែមុន នៅខេត្តសៀមរាប យើងបានរៀបចំសន្និសីទថ្នាក់តំបន់ដ៏ធំមួយ លើប្រធានបទនេះ ដែលមានអ្នកចូលរួមប្រហែល 17 នាក់មកពីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

ហើយយើងបានពិនិត្យមើលលើបញ្ហាមួយចំនួន ដូចជា ថាតើយើងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនសមត្ថភាពរបស់យើង ក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មទាំងនេះ ដោយរបៀបណា តើយើងធ្វើជាដៃគូបន្ថែមទៀត ជាមួយសហគមន៍លើបញ្ហាទាំងនេះដោយរបៀបណា តើយើងប្រើប្រាស់ការធ្វើកោសល្យវិច្ច័យបន្ថែមទៀតដោយរបៀបណា ក្នុងការស៊ើបអង្កេតរបស់យើង ។

វាជាសន្និសីទដែលយើងបានរៀបចំធ្វើជាមួយមជ្ឈមណ្ឌលហ្សាកាតា សម្រាប់កិច្ចសហការអនុវត្តច្បាប់ ។

ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារជាបញ្ហាធំ ហើយវាជាបញ្ហាមួយដែលយើងបានធ្វើការងារជាយូរមកហើយ នៅក្នុងប្រទេសកម្ពុជា ហើយយើងនឹងបន្តធ្វើតទៅទៀត ។

ដូចដែលខ្ញុំបានលើកឡើងមុននេះ យើងក៏ធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន នៅក្នុងផ្នែកនេះផងដែរ រួមមានអង្គការ APLE Cambodia ឬ Action Pour Les Enfants ដែលជាអង្គការមិនមែនរដ្ឋាភិបាលដ៏ធំមួយ

ធ្វើការលើបញ្ហាទាំងនេះ ហើយថ្មីៗនេះ យើងបានជួយពួកគេដើម្បីបង្កើតតារាងអាស័យដ្ឋាន និងទំនាក់ទំនង សម្រាប់សេវាកម្មគាំទ្រជនរងគ្រោះនៅក្នុងប្រទេសកម្ពុជា ។សំណួរ ៖ តើឯកឧត្តម ឯកអគ្គរដ្ឋទូតមានអ្វីបន្ថែមពីលើកិច្ចសម្ភាសន៍ថ្ងៃនេះទៀតដែរ ឬទេ ?

ឯកឧត្តម Pablo Kang ៖ ខ្ញុំចង់និយាយថា ខ្ញុំរីករាយដែលនិយាយជាមួយកញ្ញា ។ អូស្ត្រាលី និងកម្ពុជា មានទំនាក់ទំនងដ៏យូរលង់ណាស់មកហើយ តាមពិតទៅឆ្នាំនេះ យើងប្រារព្ធខួបទី 70 ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរបស់យើង ដែលកើតមានឡើងកាលពី 70 ឆ្នាំមុន ក្នុងឆ្នាំ 1952 ។

ទំនាក់ទំនងនេះ បង្ហាញពីភាពយូរអង្វែង ដង្ហើម និងភាពធន់ នៃទំនាក់ទំនងទ្វេភាគីរបស់យើង យើងអាចដឹងបានថា នៅឆ្នាំ 1952 ប្រទេសកម្ពុជានៅមិនទាន់ជាប្រទេស ដែលមានឯករាជ្យភាពជាផ្លូវការនៅឡើយទេ កម្ពុជានៅជាផ្នែកមួយនៃសហភាពបារាំង ។

ប៉ុន្តែទំនាក់ទំនងរបស់យើងបានពង្រីកតាំងពីនៅពេលនោះមក ហើយខ្ញុំគិតថា ឆ្លងកាត់ពេលវេលារាប់ឆ្នាំនេះ យើងនឹងពង្រឹងទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំថែមទៀត ។

ឆ្នាំនេះជាឆ្នាំដ៏សំខាន់មួយរបស់កម្ពុជា ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ។ ដូចដែលខ្ញុំបានលើកឡើងមុននេះ យើងបាននិងកំពុងធ្វើកម្មវិធីមួយចំនួនសម្រាប់ឆ្នាំនេះ ដើម្បីប្រារព្ធខួបទី 70 ឆ្នាំ នេះ បន្ថែមលើអ្វីដែលយើងបានធ្វើរួចហើយ ។

ដូច្នេះ ខ្ញុំទន្ទឹងរង់ចាំធ្វើកម្មវិធីទាំងនេះ ហើយអរគុណកញ្ញា និងក្រុមការងារសម្រាប់ថ្ងៃនេះ ៕

 

ដកស្រង់ពី៖ កោះសន្តិភាព