Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សកម្មជន​ទាមទារ​ឲ្យ​រដ្ឋសភា​​ទម្លាក់​ចោល​ច្បាប់​អង្គការ

  • បោះពុម្ព

ភ្នំពេញៈ ក្រុមអង្គការសង្គមស៊ីវិល សមាគម សហជីព និងសហគមន៍ជម្លោះដីធ្លីនៅរាជធានី-ខេត្ត ប្រមាណជាង ២០០ នាក់កាលពីថ្ងៃ ម្សិលមិញបានប្រមូលផ្តុំគ្នាលើកបដា និងហែក្បួនជុំវិញរដ្ឋសភាទាមទារ  ឲ្យតំណាងរាស្ត្រទាំង ១២៣ រូប ពន្យារពេល ឬទម្លាក់ចោលការអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងច្បាប់សហជីព។

 

ក្រុមអ្នកតវ៉ាបានបង្ហាញ ជំហរជំទាស់ដាច់ខាតចំពោះ ការអនុម័តច្បាប់ទាំងនេះ ដោយព្រមានថានឹងមិន បោះឆ្នោតគាំទ្រគណបក្សនយោបាយណា ដែលចូលរួមគាំទ្រការអនុម័តច្បាប់ទាំងពីរនេះឡើយ។ អ្នកសម្របសម្រួលបច្ចេកទេស ឃ្លាំមើលការរំលោភ សិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត បានថ្លែងថាក្នុងកាលៈទេសៈ នេះកម្ពុជាមិនមានភាពចាំបាច់ក្នុងការអនុម័តសេចក្ដី ព្រាងច្បាប់នេះទេ ព្រោះកម្ពុជាអាចប្រើប្រាស់ច្បាប់ ផ្សេងៗទៀតទៅលើអង្គការណាដែល ប្រព្រឹត្តខុសច្បាប់។ លោកថា៖ «ប្រសិនជាមានការអនុម័តច្បាប់នេះគោលបំណងតែមួយគត់ គឺ គ្រប់គ្រងផ្ទាល់ទៅលើសមាគម និង អង្គការក្រៅរដ្ឋាភិបាល ដូចជា ស្ថាប័ន ឬក្រសួងមួយរបស់ រដ្ឋាភិបាលអ៊ីចឹងអស់ហើយសមាគម អង្គការដែលធ្វើការឯករាជ្យ»។

លោក វន់ ពៅ ប្រធានសមាគម IDEA បានស្នើឲ្យ រដ្ឋសភាទម្លាក់ចោលនូវច្បាប់ ដែលមានខ្លឹមសាររឹតត្បិត សិទ្ធិសេរីភាព និងរារាំងប្រតិបតិ្តការ ការងាររបស់សមាគម និងអង្គការដែលបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋក្នុងការតស៊ូ មតិទាមទារសិទ្ធិកាន់កាប់ដីធ្លី ការពារព្រៃឈើ និង សកម្មភាពផ្សេងៗទៀត។ លោកថា ៖ «ដើម្បីឲ្យការអនុម័ត ច្បាប់នេះមានលក្ខណៈសមស្របលុះត្រាតែ បើកឱកាសឲ្យសមាគម អង្គការមិនមែនរដ្ឋាភិបាល ហ្នឹងផ្តល់យោបល់ហើយត្រូវយក យោបល់អង្គការសង្គម ស៊ីវិលពីអង្គទូត សហគមន៍អឺរ៉ុប និង ម្ចាស់ជំនួយផ្សេងៗដែលផ្តល់ យោបល់ទៅលើច្បាប់នេះ»។

ការទាមទាររបស់ សង្គមស៊ីវិលនេះត្រូវបានក្រុម អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ  ដែលដឹកនាំដោយលោក សុន ឆ័យ បានចេញ មកទទួលយកញត្តិ។ លោក សុន ឆ័យ បានថ្លែងថា៖ «តាមការពិនិត្យ របស់យើងច្បាប់នេះមិនល្អទេ មិនបម្រើឲ្យផលប្រយោជន៍អង្គការ និងសមាគមដែលបម្រើការងារជូនពលរដ្ឋបានទេ»។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងធ្វើសកម្មភាពនានាដើម្បី ទប់ស្កាត់កុំឲ្យរដ្ឋសភាធ្វើការ អនុម័តច្បាប់នេះ ហើយបើសិន ជាមិនអាចទប់ស្កាត់បាន នឹងបន្តនីតិវិធីតវ៉ាឲ្យមានការ កែប្រែខ្លឹមសារទៅ លើមាត្រាខ្លះនៃច្បាប់នេះ ដើម្បីធានានូវការ គោរពសិទ្ធិរបស់អង្គការសង្គមស៊ីវិល។

សេចក្តីព្រាង ច្បាប់ស្តីពីសមាគម និង អង្គការក្រៅរដ្ឋាភិបាល ដែលត្រូវបានរាជរដ្ឋាភិបាល អនុម័តកាលពីថ្ងៃទី ៥ ខែមិថុនា ហើយទើបតែ ត្រូវបញ្ជូនមកដល់រដ្ឋសភា កាលពីពេលថ្មីៗនេះមាន ៩ ជំពូក ៣៩ មាត្រា។ គណៈកម្មាធិការអចិន្រៃ្តយ៍ នៃរដ្ឋសភាកាលពី ព្រឹកម្សិលមិញបានធ្វើការពិភាក្សា និង បានប្រគល់សេចក្តីព្រាងច្បាប់នេះ ទៅឲ្យគណៈកម្មការជំនាញរដ្ឋសភាដើម្បីធ្វើការពិនិត្យ។

ប្រធានគណៈកម្មការទី ៥ នៃរដ្ឋសភា លោក ឈាង វុន បានថ្លែងថា គណៈកម្មការ នឹងធ្វើការពិនិត្យសិក្សា និងពិគ្រោះយោបល់ឲ្យបានស៊ីជម្រៅ ទៅលើមាត្រានីមួយៗនៃសេចក្តីព្រាងច្បាប់នេះហើយធ្វើការប្រៀបធៀបជាមួយច្បាប់ក្នុងបណ្តាប្រទេសមួយចំនួនក្នុងពិភពលោក។ លោកបន្តថា៖ «ក្រោយពីពិគ្រោះយោបល់ជាមួយអន្តរគណៈកម្មការហើយយើងនឹងបើកសិក្ខាសាលាមួយដើម្បីពិគ្រោះយោបល់ជាមួយសមាជិករដ្ឋសភា ព្រឹទ្ធសភា អង្គការសង្គមស៊ីវិល អង្គទូតផ្សេងៗ ហើយនឹងយកគំនិតនេះទៅជជែកជាមួយរាជរដ្ឋាភិបាល ដើម្បីដោះដូរយោបល់គ្នាហើយបានយើងសម្រេចរួមគ្នាថាតើគណៈកម្មការអចិន្រៃ្តយ៍ត្រូវធ្វើយ៉ាងម៉េចទៀត? មានន័យថាបើច្បាប់ហ្នឹងអាក្រក់ត្រូវបង្វិលទៅរាជរដ្ឋាភិបាលវិញហើយបើច្បាប់ហ្នឹងទទួលយកបានយើងនឹងស្នើដាក់ជូនសភាពេញអង្គអនុម័ត»៕

ដកស្រង់ពី : ភ្នំពេញ ប៉ុស្តិ៍