Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជាចេញសារអបអរសាទរក្នុងឱកាស «ទិវាជាតិរុស្ស៉ី ១២ មិថុនា» និងបង្ហាញចេតនាចង់ពង្រឹងកិច្ចសហប្រតិបត្តិជាមួយកម្ពុជា និងអាស៊ានឱ្យកាន់តែរឹងមាំ

  • បោះពុម្ព

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមិថុនា សហព័ន្ធរុស្ស៉ីតែងតែប្រារព្ធទិវាជាតិដ៏សំខាន់មួយ គឺទិវាជាតិរុស្ស៉ី ខណៈនៅឆ្នាំ២០២២នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៣៥០ហើយ។ នេះបើតាមសារអបអរសាទររបស់លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ីប្រចាំនៅកម្ពុជា ជាមួយនឹងចេតនាចង់ពង្រឹងកិច្ចសហប្រតិបត្តិជាមួយកម្ពុជា និងអាស៊ានឱ្យកាន់តែរឹងមាំ។

ក្នុងឱកាសដ៏ត្រចេះត្រចង់នេះ លោក អាណាតូលី បូរ៉ូវីក បានអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះប្រជាជនរុស្ស៉ី និងមិត្តភក្តិនៅប្រទេសកម្ពុជា។

ថ្ងៃនេះធ្វើជានិមិត្តរូបនៃការចងចាំនៃស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសរុស្ស៉ី ក៏ដូចជាផ្តល់ឱ្យប្រជាជនរុស្ស៉ីនូវឱកាសពិនិត្យមើលម្តងទៀតនូវសមិទ្ធផលថ្មីៗរបស់ខ្លួន ព្រមទាំងកែសម្រួលផែនការសម្រាប់ពេលអនាគត។

គួរជម្រាបថា រុស្ស៉ីបានក្លាយជារដ្ឋឯករាជ្យមួយចាប់ពីចុងសតវត្សទី៩មក ហើយក្នុងរយៈពេលដ៏យូរអង្វែង ប្រជាជនរុស្ស៉ីតែងតែមានសាមគ្គីភាព និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបន្តកសាងប្រទេសជាតិប្រកបដោយសុខដុមរមនា និងវិបុលភាព រហូតក្លាយជាមួយមហាចក្រភពដ៏ខ្លាំងក្លាមួយលើសាកលលោកចាប់ជាង៣០០ឆ្នាំមុននោះមក។

ការប្រារព្ធទិវាជាតិរុស្ស៉ីនេះ គឺចាប់ផ្ដើមពីអំលុងរជ្ជកាលព្រះចៅពីតឺរទី១ (Peter I) ឬព្រះចៅអធិរាជពីតឺរមហារាជ (Peter the Great) ដែលជាព្រះមហាវីរក្សត្រដ៏អង់អាច ឈ្លាសវៃ និងខ្លាំងពូកែមួយអង្គក្នុងប្រវត្តិសាស្ត្ររុស្ស៉ី ដោយព្រះអង្គបានកសាងស្នាព្រះហស្ដ និងសមិទ្ធផលជាច្រើនដល់ប្រទេសរុស្ស៉ី ក៏ដូចជាពិភពលោកផងដែរ។

នៅឆ្នាំ១៦៧២ ប្រទេសរុស្ស៉ីបានប្រកាន់ប្រពៃណីរបស់ខ្លួនយ៉ាងមាំមួន ហើយមិនបើកចំហខ្លាំងសម្រាប់អន្តរកម្មបរទេសនោះទេ។ ពេលនោះ ប្រទេសរុស្ស៉ីបានចាប់ផ្ដើមធ្វើទំនើបកម្មបន្តិចម្តងៗ ទោះបីជាល្បឿនទំនើបកម្មនេះមិនគ្រប់គ្រាន់ដើម្បីតាមទាន់មហាអំណាចលោកខាងលិចក៏ដោយ។

ទោះជាយ៉ាងណា នៅពេលព្រះចៅពីតឺរទី១ឡើងសោយរាជ្យនៅឆ្នាំ១៦៨២ ព្រះអង្គបានសព្វព្រះទ័យចំពោះតក្កកម្ម ឬការបង្កើតថ្មីយ៉ាងខ្លាំង ដែលជាហេតុជំរុញការផ្លាស់ប្តូរនៅប្រទេសរុស្ស៉ីចាប់ពីពេលនោះមក។

ក្នុងអំឡុងពេលទំនើបកម្មយ៉ាងសកម្មនេះ ប្រទេសរុស្ស៉ីបានពង្រឹងកងទ័ពរបស់ខ្លួន ហើយបានបង្កើតកងទ័ពជើងទឹកដែលជួយធានាសន្តិសុខជាតិ និងវិបុលភាពទូទាំងចក្រភព។

ក្រៅពីនោះក៏បានពង្រីកសកម្មភាពការទូត តាមរយៈការបញ្ជូនរាជទូតទៅកាន់អឺរ៉ុប (១៦៩៧-១៦៩៨) ដែលឈានទៅដល់ការពង្រឹងទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត។

ជាការពិតណាស់ ពេលវេលានោះមិនងាយស្រួលទេ ដោយសារតែទំនាក់ទំនងសង្គមប្រពៃណីត្រូវបានរង្គោះរង្គើ នវានុវត្តន៍ត្រូវបានបញ្ចូល ហើយប្រទេសរុស្ស៉ីត្រូវបានបង្ខំឱ្យឆ្លើយតបទៅនឹងការវាយលុកពីវាលស្មៅភាគខាងត្បូង ដោយសារការពង្រីកអំណាចរបស់ប្រទេសស៊ុយអែតនៅភាគខាងជើង ខណៈប្រទេសរុស្ស៉ីកំពុងបំពេញសេចក្តីប្រាថ្នាដ៏ធំធេងរបស់ខ្លួន។

សព្វថ្ងៃនេះ ប្រជាជនរុស្ស៉ីចងចាំនូវព្រះកិត្តិនាមរបស់ព្រះចៅ Peter the Great ដែលជាឥស្សរជនដ៏សំខាន់មួយអង្គក្នុងប្រវត្តិសាស្ត្ររុស្ស៉ី។

Leo Tolstoy អ្នកនិពន្ធនិងជាទស្សនវិទូដ៏ឆ្នើមមួយរូប ធ្លាប់បានកត់សម្គាល់អំពីព្រះអង្គនេះថា អ្វីទាំងអស់ក្នុងប្រវត្តិសាស្ត្ររុស្ស៉ីគឺផ្ដើមចេញពីព្រះចៅ Peter I។

ការបង្កើតស្ថាប័នវិទ្យាសាស្ត្រ និងការសិក្សាថ្មីៗបានត្រួសត្រាយផ្លូវទៅកាន់ការសិក្សា និងការរកឃើញនាពេលអនាគត។ ក្នុងចំណោមការរកឃើញទាំងនោះមានការរុករកលំហអវកាស។

ការហោះហើររបស់មនុស្សជាលើកដំបូងទៅកាន់លំហអវកាសដោយ Yuri Gagarin អវកាសយានិកសូវៀតមួយរូបនៅឆ្នាំ១៩៦១ និងការសាងសង់ស្ថានីយអវកាសដំបូងម៉ូឌុល MIR ព្រមទាំងការរួមចំណែករបស់រុស្ស៊ីក្នុងដំណើរការបច្ចុប្បន្ននៃស្ថានីយអវកាសអន្តរជាតិ ការសាងសង់យានអវកាស ក៏ដូចជាការបង្កើតប្រព័ន្ធផ្កាយរណប GLONASS ជាដើម ដើរតួនាទីដ៏សំខាន់ណាស់ដែរ។

លើសពីនេះ ប្រទេសរុស្ស៉ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ ដើម្បីធានាការតភ្ជាប់គ្នាជាមួយពិភពលោក។

ក្នុងន័យនេះ ដោយសារផ្លូវសមុទ្រខាងជើងដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគខាងជើងរបស់រុស្ស៉ី និងធ្វើជាផ្លូវដឹកជញ្ជូនអន្តរជាតិដ៏សំខាន់មួយ ប្រទេសរុស្ស៉ីកំពុងធានានូវការស្រាវជ្រាវ និងការអភិវឌ្ឍនៅទឹកដីអាក់ទិក។

រុស្ស៉ីបន្តជំរុញបន្ថែមទៀតនូវបច្ចេកវិទ្យាសាងសង់នាវា ដូចជាការបង្កើតនាវាបំបែកទឹកកកថាមពលនុយក្លេអ៊ែរ ស្ថានីយថាមពលនុយក្លេអ៊ែរអណ្តែតទឹក (Academic Lomonosov) និងវេទិកាស្វ័យប្រវត្តិមិនជ្រាបទឹកកកប៉ូលខាងជើង។

ក្រៅពីនេះ អ្នកឯកទេសរបស់រុស្ស៉ីកំពុងកែលម្អហេដ្ឋារចនាសម្ពន្ធអ៉ីនថឺរណេត រួមទាំងបណ្តាញកុំព្យូទ័រទំនើប និងសន្តិសុខបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ សំដៅទៅការបង្កើតលម្ហរួមមួយនៃការអប់រំ វិទ្យាសាស្ត្រ និងវិស្វកម្មអ៉ីនថឺរណេត ក៏ដូចជាធានាការផ្លាស់ប្តូរឌីជីថលនៃសង្គមផងដែរ។

ក្នុងន័យនេះ រុស្ស៉ីកំពុងជំរុញយ៉ាងសកម្មនូវកិច្ចសន្ទនាអន្តរជាតិស្តីពីសន្តិសុខព័ត៌មាន ដែលមានគោលបំណងធានានូវការប្រើប្រាស់ដោយសន្តិវិធីនូវបច្ចេកវិទ្យា ព័ត៌មាននិងទូរគមនាគមន៍ និងវិធានការបង្ការជម្លោះនៅក្នុងតំបន់នេះ។

លើសពីនេះ នាពេលថ្មីៗនេះមនុស្សជាតិត្រូវតែឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ដ៏កាចសាហាវ ដែលបានបណ្តាលឱ្យមនុស្សជាង៦.២លាននាក់បានបាត់បង់ជីវិត។

ក្នុងអំឡុងពេលសោកនាដកម្មនោះ គ្រូពេទ្យនៅគ្រប់ប្រទេសបានក្លាយទៅជាវីរជន ដែលបានជួយសង្គ្រោះជីវិតមនុស្ស។

អ្នកវិទ្យាសាស្ត្រ និងបុគ្គលិកពេទ្យរុស្ស៉ីក៏បានបំពេញកាតព្វកិច្ចវិជ្ជាជីវៈរបស់ខ្លួនផងដែរក្នុងការព្យាបាលជំងឺ និងធានាការផលិតវ៉ាក់សាំងក្នុងស្រុក ដូចជា Sputnik និង COVIVAC ជាដើម។

ក្រៅពីនេះ មានបញ្ហាប្រឈមមួយទៀតដែលប្រទេសរុស្ស៉ីបាននិងកំពុងប្រឈមមុខ។

ការពង្រីកអង្គការណាតូទៅកាន់ទិសខាងកើត ដោយសហរដ្ឋអាមេរិកបានដឹកនាំប្រទេសជាសមាជិកអង្គការណាតូមិនយកចិត្តទុកដាក់ដល់កង្វល់សន្តិសុខរបស់រុស្ស៉ី បានធ្វើឱ្យស្ថាបត្យកម្មសន្តិសុខនៅអឺរ៉ុបមានលក្ខណៈកាន់តែយ៉ាប់យឺន។

ប្រទេសជិតខាងមួយរបស់រុស្ស៉ី គឺប្រទេសអ៊ុយក្រែនបានក្លាយទៅជាប្រទេសរងគ្រោះពីល្បិចភូមិសាស្ត្រនយោបាយរបស់លោកខាងលិច។

បស្ចិមលោកបានស្ងៀមស្ងាត់ចំពោះការចែកចាយនៃមនោគមវិជ្ជាណាស៊ីនិយម ជ្រុលនិយម និងរ៉ាឌីកាល់នៅអ៊ុយក្រែន។ អស់រយៈពេល៨ឆ្នាំ របបទីក្រុងគៀវបានបាញ់ផ្លោងដាក់ប្រជាជននៅតំបន់ Donbass ប៉ុន្តែប្រទេសលោកខាងលិចបានលើកទឹកចិត្តឱ្យមានការស្អប់ខ្ពើមអ្វីៗទាំងអស់របស់រុស្ស៉ីនៅទីនោះ។

បន្ទាប់ពីលោកខាងលិចបានអើពើកង្វល់សំខាន់ៗរបស់រុស្ស៉ី ដែលមានចែងក្នុងសេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូ ស្តីពីការធានាសន្តិសុខ (ខែធ្នូ ឆ្នាំ២០២១) ហើយអាជ្ញាធរអ៊ុយក្រែនបានចាប់ផ្តើមប្រមូលកងទ័ព និងសព្វាវុធដែលត្រូវបានផ្គត់ផ្គង់ដោយលោកខាងលិចឡើងវិញ ដើម្បីចាប់ផ្តើមប្រតិបត្តិការថ្មីប្រឆាំងនឹងតំបន់ Donbass ទើបប្រទេសរុស្ស៉ីត្រូវបានបង្ខំឆ្លើយតបវិញ។

សព្វថ្ងៃនេះ កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៉ីកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបំពេញគោលបំណងនៃប្រតិបត្តិការយោធាពិសេស គឺកម្ចាត់ទីតាំងយោធា និងមនោគមវិជ្ជាណាស៊ីនិយមនៅអ៊ុយក្រែន ហើយនឹងលុបបំបាត់ការគំរាមកំហែងពីទឹកដីអ៊ុយក្រែនដល់សន្តិសុខជាតិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋរុស្ស៉ី និងប្រជាជនដ៏រាក់ទាក់នៃសាធារណរដ្ឋ Donetsk និង Luhansk។

ទោះបីជាមានទណ្ឌកម្មមិនស្របច្បាប់ និងការចោទប្រកាន់គ្មានមូលដ្ឋានពីលោកខាងលិចក៏ដោយ ក៏ប្រទេសរុស្ស៉ីកំពុងជំរុញសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត ដោយពង្រឹងទំនាក់ទំនងជាមួយដៃគូរបស់ខ្លួន

និងធ្វើការក្នុងក្របខ័ណ្ឌស្ថាប័នក្នុងតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ភាពជាដៃគូស្មើគ្នា និងយោងទៅតាមគោលការណ៍នៃការគោរពឯករាជ្យភាព អធិបតេយ្យភាព ភាពជាក់ស្តែង តម្លាភាព និងការព្យាករ។

ក្នុងន័យនេះ ប្រទេសរុស្ស៉ីស្វាគមន៍ដៃគូជុំវិញពិភពលោកនៅទីក្រុង Saint Petersburg ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg លើកទី២៥ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥-១៨ ខែមិថុនា ឆ្នាំ២០២២។

ក្នុងន័យនេះ ប្រទេសរុស្ស៉ីបន្តរក្សាទំនាក់ទំនងមិត្តភាពជាមួយព្រះរាជាណាចក្រកម្ពុជា និងកិច្ចសន្ទនាប្រកបដោយផ្លែផ្កាជាមួយអាស៊ាន ខណៈកម្ពុជាមិនត្រឹមតែធ្វើជាប្រធានអាស៊ានតែប៉ុណ្ណោះទេ ថែមទាំងធ្វើជាប្រទេសសម្របសម្រួលអាស៊ានក្នុងភាពជាដៃគូសន្ទនារុស្ស៊ី-អាស៊ាន។

សហព័ន្ធរុស្ស៉ីទន្ទឹងរង់ចាំការជំរុញបន្ថែមទៀត និងសម្រេចបាននូវទស្សនវិស័យដ៏ទូលំទូលាយនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ។

លោក អាណាតូលី បូរ៉ូវីក បានបង្ហាញនូវការអបអរសាទរជនរួមជាតិរុស្ស៉ីទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវានៃប្រទេសរុស្ស៊ី។

លោកឯកអគ្គរដ្ឋទូតជឿជាក់ថា កម្ពុជា-រុស្ស៉ីនឹងអាចអនុវត្តសក្តានុពលដ៏ធំធេងនៃអន្តរកម្មទ្វេភាគី ដើម្បីជាប្រយោជន៍ដល់ប្រជាជននិងប្រទេសទាំងពីរ៕

ដកស្រង់ពី៖ Fresh News