Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ប្រទេសកម្ពុជាយើង កំពុងប្រឈមបញ្ហាគ្រោះរាំងស្ងួត ប្រសិនបើមិនរួមគ្នា ការពារធនធានធម្មជាតិ

  • បោះពុម្ព

កំពង់ធំៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នេះ បានថ្លែងថាៈ នៅបណ្តាលប្រទេសនានា កំពុងប្រឈមភាពរាំងស្ងួត ក្នុងនោះ ក៏មានប្រទេសកម្ពុជាយើង ដែលអាចប្រឈម ប្រសិនបើ យើងទាំងអស់គ្នា មិនចូលរួមការពារ ធនធានធម្មជាតិទេនោះ វាបង្កប៉ះពាល់ជាមិនខាន។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងដូចនេះ នៅេពេលលោក បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះ គុណភាពដី និងគ្រោះរាំងស្ងួត ឆ្នាំ២០២២ (UNCCD) « រួមគ្នាក្រោកឡើងប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត » នៅព្រៃសហគមន៍ ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងបន្តថាៈ មូលហេតុផ្សេងៗ ដែលបង្កឲ្យមានការធ្លាក់ចុះ គុណភាពដី និងគ្រោះរាំងស្ងួត ព្រមទាំងផលវិបាកផ្សេងៗ ដែលជះឥទ្ធិពលមកលើសត្តនិករ នៅលើភពផែនដី ពិសេសជីវភាពរស់នៅ និងសន្តិសុខស្បៀង។

ជាងនេះទៅទៀត កង្វះខាត ស្បៀងអាហារ និងទឹក ការធ្លាក់ចុះគុណភាពដី ភ្លើងឆេះព្រៃ ជំងឺឆ្លងសត្វ-ដំណាំ សត្វល្អិតចង្រៃ បំផ្លាញផលដំណាំ គឺភាគ ច្រើនបណ្តាលមកពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងមានរយៈពេលយូរ បានកើតមានកាន់តែខ្លាំងឡើង ក្នុងប៉ុន្មានឆ្នាំ ចុងក្រោយនេះ។

ចំនួនប្រជាជនពិភពលោក នៅតែបន្តកើនឡើង ធ្វើឲ្យតម្រូវការដី ដើម្បីផលិតស្បៀង គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ ៧០% នៃផ្ទៃដីរបស់យើង ត្រូវបានផ្លាស់ប្តូរជាសកល ដោយដាក់សម្ពាធយ៉ាងខ្លាំង លើផលិតភាព និងនិរន្តរភាពនៃធនធានដី។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ ពិតណាស់ កម្ពុជា ប្រារព្ធពិធីថ្ងៃនេះ ស្របពេលដែលពិភពលោក កំពុងធ្វើសកម្មភាព និងយុទ្ធនាការពាក់ព័ន្ធជាច្រើន ដើម្បីអបអរសាទរទិវា ដ៏មានអត្ថន័យនេះ សំដៅបង្កើនចំណាប់អារម្មណ៍ របស់សាធារណជន

អំពីសកម្មភាពដែលយើង កំពុងធ្វើជារៀង រាល់ថ្ងៃ ទាក់ទងនឹងការបរិភោគ ស្លៀកពាក់ ជីវិតរស់នៅសុទ្ធតែជះឥទ្ធិពល ឬអាចធ្វើឲ្យ ប៉ះពាល់ដល់ធនធានដីយើងទាំងមូល។ បញ្ហាទាំងឡាយ ទាំងពួង បានទាក់ទាញនូវចំណាប់ អារម្មណ៍ជាច្រើន ពីសហគមន៍ជាតិ និងអន្តរជាតិ ចំពោះផលប៉ះពាល់សេដ្ឋកិច្ច សង្គម និងបរិស្ថាន។

ជាក់ស្តែង កម្ពុជា ក៏ទទួលរងគ្រោះផងដែរ ពីការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះទឹកជំនន់ ការកើនកម្តៅ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ ដែលបង្កលក្ខណៈប៉ះពាល់ ធ្ងន់ធ្ងរ ដល់ផលិតកម្មកសិកម្ម ការចិញ្ចឹមសត្វ ព្រៃឈើ និងជលផលផងដែរ នាពេលកន្លង មកនេះ ។

យោងតាមការឱ្យដឹងពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានបញ្ជាក់ថាៈ ចំពោះស្ថានភាពទឹកស្ទឹងសែន គិតត្រឹមខែមិថុនា ឆ្នាំ២០២២ មានកម្រិតកម្ពស់ ៨,៨៥ ម៉ែត្រ

ធៀបទៅនឹងឆ្នាំមុន រយៈពេលដូចគ្នា ខ្ពស់ជាង ២,៨២ ម៉ែត្រ និងទឹកភ្លៀងមានកម្រិតកម្ពស់ ៤៨២,២ ម.ម ប្រៀបធៀប ទៅនឹងឆ្នាំមុន រយៈពេលដូចគ្នា ខ្ពស់ជាង ១៥៩,៩ ម.ម ។

ដោយឡែក ការងារបង្កបង្កើនផល ក្នុងឆ្នាំនេះ គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ភ្ជួររាស់ សរុបចំនួន ១០៩.៦៣៣ ហិកតា (ដោយគ្រឿងយន្តកសិកម្ម ចំនួន ១០៤.២៣៦ ហិកតា) និងផ្ទៃដីសំណាប សរុបចំនួន ៩១ ហិកតា ។

ផ្ទៃដីព្រោះ និងស្ទូងសរុប បានចំនួន ១០២.៦៧៦ ហិកតា ស្មើនឹង ៤៨% នៃផែនការ ២១៣.៣០០ ហិកតា។ នាឱកាសនេះ លោករដ្ឋមន្ត្រី និងលោកអភិបាលខេត្ត

ភ្ញៀវជាតិ-អន្តរជាតិ បានចែកកូនឈើ និងពូជដំណាំ ជូនសមាជិកសហគមន៍ យកទៅដាំដុះ ក្នុងដែនសហគមន៍ និងបានដាំកូនឈើ ទុកជានិមិត្តរូប បង្ហាញពីការរួមសាមគ្គី និងសហការគ្នារឹងមាំ អនុវត្តពាក្យស្លោកខាងលើ ឲ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ខេត្តកំពង់ធំ ចាប់ពីថ្ងៃនេះតទៅ៕

ដកស្រង់ពី៖ រស្មីកម្ពុជា