Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងពាណិជ្ជកម្ម​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​ជា​ស៊េរី​លើកទីមួយ ស្តីពី​កិច្ចព្រមព្រៀង អា​សិប

  • បោះពុម្ព

 ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិជាស៊េរីលើកទីមួយ ស្តីពីការយល់ដឹងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ អាសិប (RCEP)

និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្រោមវត្តមានរបស់លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងមានការចូលរួមពីវិស័យឯកជនតាមវិស័យដែលពាក់ព័ន្ធ។

នៅក្នុងពិធីបើកអង្គសិក្ខាសាលានេះ លោករដ្ឋមន្ត្រី បានជម្រាបជូនគោលបំណងថា គឺលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីនីតិវិធីនៃការនាំចេញដល់វិស័យឯកជន ដើម្បីជំរុញការនាំចេញ

និងបញ្ជ្រាបការយល់ដឹងអំពីនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្រដើមកំណើតទំនិញតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងនីតិវិធីប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ (Operational Certification Procedures)។

លោកបានបន្តថា កិច្ចព្រមព្រៀង អាសិប បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលគ្របដណ្តប់លើ ២០ជំពូក រួមមានជាអាទិ៍៖ ពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ ពាណិជ្ជកម្មសេវា វិធានអនាម័យនិងភូត្តគាមអនាម័យ ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព (STRACAP) ពាណិជ្ជកម្មអេឡិចត្រូនិកជាដើម។

លោកបានលើកឡើងបន្តថា កិច្ចព្រមព្រៀងអាសិបនេះ មានសមាជិកចំនួន១៥ប្រទេសរួមមាន ប្រទេសទាំង១០ដែលជាសមាជិកអាស៊ាន បូករួមជាមួយប្រទេសសេដ្ឋកិច្ចជឿនលឿនចំនួន៥ប្រទេសគឺ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង

និង នូវែលហ្សេឡង់ ដែលតំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុកសរុបពិភពលោក និង ២៨% នៃពាណិជ្ជកម្មពិភពលោក (គិតត្រឹមឆ្នាំ២០១៩)។

ដោយឡែក អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងនេះ គឺកំណើននាំចេញចន្លោះពី៩,៤% ទៅ ១៨%, កំណើនផលិតផលក្នុងស្រុកសរុបចន្លោះពី ២% ទៅ ៣,៨%, កំណើនការងារពី ៣,២% ទៅ ៦,២%, និងកំណើនចំណូលពន្ធចន្លោះពី ២% ទៅ ៣,៩% នេះបើយោងតាមការព្យាករពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាននិងអាស៊ីបូព៌ា (ERIA)។

កិច្ចព្រមព្រៀងនេះផ្តល់នូវភាពអនុគ្រោះខ្ពស់លើសមាសធាតុតម្លៃតំបន់ដែលត្រូវអនុវត្តជាទូទៅ (ធំជាងឬស្មើ៤០%—RVC≥40%) និងវិធានបូកបន្ថែមក្នុងតំបន់ដែលកម្ពុជាអាចប្រើប្រាស់ផលិតផល និងវត្ថុធាតុដើមដែលមានប្រភពពីប្រទេសសមាជិកអាសិបដទៃទៀត ក្នុងការផលិតនូវផលិតផលរបស់កម្ពុជា ហើយនៅតែរក្សាបាននូវដើមកំណើតទំនិញកម្ពុជាដើម្បីទទួលបានភាពអនុគ្រោះពន្ធ។

ប្រភពពីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងនឹងបន្តរៀបចំសិក្ខាសាលាជាស៊េរីនេះជាបន្តបន្ទាប់ ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រះសីហនុ និងស្វាយរៀង, ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ។

លើសពីនេះ ទិសដៅទៅថ្ងៃអនាគត វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ រួមសហការជាមួយនាយកដ្ឋាននាំចេញ-នាំចូល នឹងបន្តរៀបចំសិក្ខាសាលាជាស៊េរីបែបនេះលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត តាមការចាំបាច់ ដើម្បីធានាបរិយាប័ន្ន និងនិរន្តរភាពនៃការអនុវត្តវិធាននេះ៕

ដកស្រង៉ពី៖ រស្មិកម្ពុជា