បណ្តាញសង្គម

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមានលោក សុខ ប៊ុន ឱ្យចេញ មុខដោះស្រាយ តាមផ្លូវច្បាប់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះ បានព្រមាន ចំពោះលោក សុខ ប៊ុន ដែលបានប្រើ អំពើហិង្សា ដ៏ឃោរឃៅ ទៅលើអតីត ពិធីការិនី ឯក សុជាតា ហៅសាសា ឱ្យចេញមុខដោះស្រាយ តាមផ្លូវច្បាប់ ដែលសម្ដេចបាន ចាត់ទុកថា ទង្វើដែល សុខ ប៊ុន បានធ្វើ វាឃោរឃៅព្រៃផ្សៃ ។

សម្ដេច តេជោ បានមានប្រសាសន៍ថា “ ផ្ញើជូនក្រុមគ្រួសារ ដែលមានការឈឺចាប់ ចំពោះបញ្ហានេះ ហើយសូមឱ្យ លោក សុខ ប៊ុន ចេញមុខឱ្យទាន់ ឱ្យលឿន ទៅកាន់តុលាការ ថានឹងចេញ ក្នុងពេលឆាប់ៗ អាឆាប់ៗហ្នឹង ប៉ុន្មានថ្ងៃទៀតអី ប្រយ័ត្នជាប់ខ្នោះ អាហ្នឹងស្ថានទម្ងន់ កាន់តែធ្ងន់ បើយើងប្រកាសថា យើងបានវៃហើយ យើងប្រកាស អីចេះអីចុះរួច ចុះបើប្រកាស ទទួលស្គាលអីចឹងហើយ មុននឹងក្រោយ មកឱ្យលឿន អាហ្នឹងជាប់ វាហួសហេតុពេកហើយ” ។

សូមបញ្ជាក់ថា មកដល់ពេលនេះ លោកសុខ ប៊ុន ត្រូវបានគេដឹងថា ទំនងជាកំពុង ស្ថិតនៅ ប្រទេសសឹង្ហបុរី ហើយលោកនឹង ចូលខ្លួនមក តុលាការ នៅពេលខាងមុខ បន្ទាប់ពីកញ្ញា សាសា បានបដិសេធ ទទួលសំណងចំនួន១០ម៉ឺនដុល្លារ ។

នេះជាលើកទី២ហើយ ដែលថ្នាក់ដឹកនាំ កំពូលរដ្ឋាភិបាល បានព្រមាន ចំពោះលោក សុខ ប៊ុន បន្ទាប់ពីសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានបញ្ជាឱ្យ នគរបាលចាប់ខ្លួន ចំពោះការប្រព្រឹត្ដបទល្មើស របស់ខ្លួនកាលពី ថ្ងៃទី២ ខែកក្កដា កន្លងទៅ៕

ដកស្រង់ពី៖ ដើមអម្ពិល