បណ្តាញសង្គម

លោក ផៃ ស៊ីផាន ឆ្លើយតបនឹងចម្ងល់ជាច្រើន ពាក់ព័ន្ធ លិខិតផ្លូវការ ផ្ញើជូនប្រទេ សមហាអំណាច ចំនួន៣

ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ ទីស្តីការគណៈ រដ្ឋមន្រ្តី នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីសារលិខិតជា ផ្លូវការនៃការងារទូត និងប្រវត្តិសាស្ត្រ របស់សម្តេចតេជោ ចំនួន ០៣ ផ្ញើទៅកាន់ ប្រទេសបារាំង អង់គ្លេស និងសហរដ្ឋអាម៉េរិក

បានធ្វើឲ្យ មានប្រតិកម្ម និងចំងល់ជាច្រើន ពីសំណាក់អ្នក នយោបាយក្នុងស្រុក ក៏ដូចជាអន្តរជាតិ ជាពិសេសបណ្តាញ សារព័ត៌មានអន្តរជាតិ បានលើកជាសំណួរ សួរខ្ញុំជាច្រើនរូបភាព ។

ខាងក្រោមនេះ ជាសំណួរ ឆ្លើយឆ្លងរវាងលោក ផៃ ស៊ីផាន និងបណ្តាញ សារព័ត៌មានអន្តរជាតិ ក្នុងតំបន់៖ ១.តើហេតុដូចម្តេច ហើយនិងសារៈ ប្រយោជន៍យ៉ាងណា ដែលសម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិត ទាំងអស់នោះ ទៅកាន់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងបីខាងលើ ?

ចម្លើយ៖ សម្តេចតេជោ មិនត្រឹមតែផ្ញើ លិខិតការងារទូត ទៅកាន់តែថ្នាក់ដឹកនាំ កំពូលទាំងបី មានប្រទេសបារាំង អង់គ្លេស និងស.រ.អា តែប៉ុណ្ណោះទេ គឺលោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ ក៏ត្រូវទទួលបានលិខិត ស្នើរួមសហការ ក្នុងការផ្តល់ផែនទី ដែលកម្ពុជា ទទួលបានព័ត៌មានថា នៅកំឡុងឆ្នាំ១៩៦៤ គឺរាជរដ្ឋាភិបាល សង្គមរាស្ត្រនិយមកម្ពុជា បានតម្កល់ទុកនៅ អ.ស.ប ។ សម្តេចតេជោ ក៏បានបញ្ជាក់ ប្រាប់ផងដែរថា គឺដើម្បី ជាឧត្តមប្រយោជន៍ នៃប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ទាំងមូល ក្នុងគោលបំណង បញ្ជាក់ច្បាស់អំពី ភាពម៉ត់ចត់ និងភាពត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការរៀបចំ និងការអនុវត្ត ការងាររបស់ខ្លួន ក្នុងការកំណត់ និងបោះបង្គោល ព្រំដែន រវាងកម្ពុជា និងប្រទេសជិតខាង ។ បន្ថែមទៀត គឺក្នុងគោលបំណងរបស់ សម្តេចតេជោ ក្នុងការបញ្ជៀស និងបញ្ចប់នូវ ការញ៉ុះញង់បង្កើត ស្មារតីជាតិ និយមជ្រុល ដែលអាចធ្វើឲ្យ មានការភ័ន្តច្រឡំ ទាំងថ្នាក់ជាតិ និងអន្តរជាតិ បង្កើតបាននូវគ្រោះ មហន្តរាយដ៏ធំធេងដល់កម្ពុជា ក៏ដូចជា សន្តិភាព និងស្ថេរភាព នៅក្នុងតំបន់ផងដែរ ។

២.ចុះហេតុដូចម្តេច មានប្រទេសតែ០៣ និងអ.ស.ប និងដោយឡែកពី ប្រទេសហត្ថលេខី នៅក្នុងកិច្ច ព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស ? ចម្លើយ៖ ប្រទេសទាំងបី ដែលសម្តេចតេជោ ផ្ញើលិខិតការងារទូត ស្វែងរកកិច្ច សហការ នៅក្នុងករណី ព្រំដែននេះ គឺប្រទេសទាំងនោះ បានចូលរួមផ្ទាល់ ក្នុងការ ផលិតនូវផែនទី បោន (Bonne) ខ្នាត ១/១០០០០០ ដែលបាន បោះពុម្ភ ដោយក្រុមភូមិសាស្ត្រ ឥណ្ឌូចិន ស្តីពីព្រំដែនគោក និងប្រទេសជិតខាង ក៏ដូចជា ប្រទេសទាំងបីនោះ ក៏ជាប្រទេស ដែលទទួលដឹងលឺ និងប្រើប្រាស់ ផែនទីនេះ ត្បិតប្រទេសទាំងបីនេះ បានពាក់ព័ន្ធ ជាប្រវត្តិសាស្ត្រ ជាមួយប្រទេសកម្ពុជា និងប្រទេសជិតខាង រីឯប្រទេស ដែលជាហត្ថលេខី នៅក្នុងកិច្ច ព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ជារឿងដាច់ដោយឡែក ពីការងារបច្ចេកទេស ពាក់ព័ន្ធនិងផែនទី បោន (Bonne) ខ្នាត ១/១០០០០០ ហើយសំណូមពរ របស់សម្តេចតេជោ ក៏សូមស្នើបន្ថែម ពីការផ្តល់ច្បាប់ ចម្លងនៃផែនទី គឺអមដោយអ្នក ឯកទេសខាង ផែនទីមួយក្រុមផងដែរ ។

៣.សកម្មភាព នៃលិខិតការងារ ទូតផ្លូវការ របស់នាយក រដ្ឋមន្ត្រីខ្មែរ អាចចាត់ទុកថា ជាពាក្យបណ្តឹង នៃវិវាទ អធិបតេយ្យភាព រវាងកម្ពុជា និងប្រទេសជិតខាង ត្បិតលិខិត ទាំងអស់នោះ ត្រូវបានផ្ញើទៅកាន់ប្រទេស ដែលជាសមាជិក អចិន្ត្រៃយ៍ នៃក្រុមប្រឹក្សា សន្តិសុខ អ.ស.ប ក៏ដូចជាអគ្គ លេខាធិការ អ.ស.ប ផងដែរ? ចម្លើយ៖ -ដូចខ្ញុំបានជម្រាប ខាងដើម នៃគោលបំណង របស់សារលិខិតនេះគឺ បញ្ជៀស និងបញ្ចប់ នូវការ ញ៉ុះញង់ បង្កើតស្មារតីជាតិ និយមជ្រុល ។ -សារសំខាន់ ជាទីបំផុតនោះ គឺសម្រាប់ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។ -នៅក្នុងការងារនេះ គឺស្ថិតនៅក្នុគោលបំណង នៃកិច្ចកសាង និងថែរក្សា នូវព្រំដែនមួយ ដែលស្ថិតនៅ ជាមួយនិងប្រទេស ជិតខាង ដែលជាខ្សែ ខណ្ឌសីមា ប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយនិង ការអភិវឌ្ឍន៍ ប្រកបដោយតម្លាភាព មិនត្រឹមតែចំពោះ ប្រជាជាតិកម្ពុជា ទាំងមូលនោះទេ ក៏ប៉ុន្តែ ប្រជាជាតិទាំងអស់ ដែលជាភូមិផង និងរបងជាមួយគ្នា ។

៤.បរិបថព្រំដែន ដែលមានសកម្មភាព នៅក្នុងបច្ចុប្បន្ននេះ តើគណបក្ស នៅក្នុងអំណាច CPP ប្រើប្រាស់ ទិសដៅ នៃការងារព្រំដែន ជាទិសដៅប្រជាប្រិយ ភាពនយោបាយ តើលោកមានអ្វីបកស្រាយដែរ ? ចម្លើយ ៖ តាំងពីអតីតកាល រហូតមកដល់ បច្ចុប្បន្ន រាជរដ្ឋាភិបាល និង CPP តែងតែយក បញ្ហាព្រំដែន និងខ្សែ ខណ្ឌសីមា ជាកាតព្វកិច្ច និងជាលទ្ធផល ដើម្បីកម្លាយខ្សែ ឬតំបន់ព្រំដែន ឲ្យគិតផុត ពីតំបន់ជំលោះ ពីតំបន់ សង្គ្រាម ឲ្យក្លាយទៅជាតំបន់ មិត្តភាពសន្តិភាព ប្រកបដោយ ភាពរីករាយជាមួយ និងការអភិវឌ្ឍន៍ ដែលជាផល ប្រយោជន៍ របស់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយខ្សែ ព្រំដែនទាំងអស់នោះ ។

ជារឿយៗ ខ្ញុំបានលឺសម្តេចតេជោ ដែលលោកបានលើកឡើង ជាសាធារណៈថា អ្វីដែលជាកាតព្វកិច្ច និងបំណង់របស់លោក គឺលោកត្រូវតែបញ្ចប់ នូវសុបិន្តអាក្រក់ ដែលជាប្រវត្តិសាស្ត្រ របស់កម្ពុជា និងជាមរតក នៃភាពខ្លោចផ្សា របស់ប្រជាពលរដ្ឋកម្ពុជា ស្តី អំពីផលជាយថា ហេតុនៃបញ្ហាវិវាទ ព្រំដែននេះ។ ឧទាហរណ៍ដូចជា បញ្ហាវិវាទព្រំដែនកម្ពុជា -ថៃ នៅតំបន់ ប្រាសាទព្រះវិហារ ក្រោមការដឹកនាំឆ្នើម របស់សម្តេចតេជោ គឺបានបង្ហាញ នូវភាពជោគជ័យ ទាំងការគ្រប់គ្រង ទាំងផលវិវាទ និងការដោះស្រាយ វិវាទតាមរយៈឥរិយាបថ សន្តិភាពនិយម និងប្រជាជាតិសីុវិល័យ ។ CPP ក៏ដូច ជាសម្តេចតេជោ ពុំដែលបានប្រើប្រាស់ ឬគៀងគរចលនា មហាជន ក្នុងការដោះស្រាយបញ្ហា អធិបតេយ្យភាព របស់ខ្លួននោះទេ ក្រៅពីការ ប្រើប្រាស់នីតិរដ្ឋ នីតិអន្តរជាតិ ក៏ដូចជានិន្នាការ អន្តរជាតិ ក្នុងការដោះស្រាយ វិវាទអធិបតេយ្យភាព រវាងកម្ពុជា និងប្រទេសជិតខាង ។ នេះជាកិច្ចសំភាសន៍ របស់ខ្ញុំដល់បណ្តាញ សារព័ត៌មានអន្តរជាតិ ៕

ដកស្រង់ពី៖ ដើមអម្ពិល