Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ផៃ ស៊ីផាន ៖ ការបន្ថែមចំនួនអភិបាលរងរាជធានី គឺដើម្បីបម្រើសេវាសាធារណៈឲ្យមានប្រសិទ្ធភាព និងកៀកប្រជាពលរដ្ឋ

  • បោះពុម្ព

លោក ផៃ ស៊ីផាន បានថ្លែងថា «កម្ពុជាយើងកំពុងតែអនុវត្តពង្រឹង រដ្ឋបាលថ្នាក់ក្រោមជាតិ គឺខេត្ត ក្រុង រាជធានីនេះឯង ដូច្នេះនៅក្នុងខេត្ត ក្រុង រាជធានី មានការផែនការងារច្រើនណាស់ ដែលតម្រូវឲ្យមានអភិបាលរងនីមួយៗ ទទួលបន្ទុក សូម្បីតែនៅក្នុងវិស័យព័ត៌មាន ក៏យើងមានអភិបាលរងម្នាក់ នៃខេត្ត ឬរាជធានីហ្នឹង គឺទទួលបន្ទុកខាងព័ត៌មាន ហើយមាននៅក្នុងវិស័យផ្សេងៗទៀត ក៏តម្រូវមានអភិបាលរង ដែលលោកត្រូវតែទទួលនៅក្នុងផែនការងាររបស់លោកដែរ»។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការបន្ថែមចំនួនអភិបាលរងរាជធានីភ្នំពេញ គឺដើម្បីពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព។

ការអះអាងនេះ គឺដើម្បីស្រាយបំភ្លឺនូវចង្ងល់ និងមតិរិះគន់មួយចំនួនតូច ក្រោយពីរាជរដ្ឋាភិបាល បានសម្រេចតែងតាំងអភិបាលរងរាជធានីភ្នំពេញចំនួន ៣រូបបន្ថែមទៀត រួមមាន៖ លោក ឃ្លាំង ហួត, លោក សុខ ពេញវុធ និង លោក ហ៊ុន សុរិទ្ធី។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី

“សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងអភិវឌ្ឍន៍ជនបទ” នាព្រឹកថ្ងៃទី ១ ខែសីហានេះថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រឹងការអនុវត្តការងារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលផែន ការងារជាច្រើន ដោយតម្រូវឲ្យមានអភិបាលរងនីមួយៗ ទទួលបន្ទុក។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា ការដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ពោលគឺបន្ថែមមន្ត្រីនោះ គឺដើម្បីបម្រើសេវាសាធារណៈឲ្យកៀកប្រជាពលរដ្ឋ និងមានប្រសិទ្ធភាព។

លោកថា «ដូច្នេះ នេះគឺជាសកម្មភាពដែលរាជរដ្ឋាភិបាល កំពុងតែពង្រឹងថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងម៉េចសេវាកម្មសាធារណៈ ដែលផ្ដល់ដោយអង្គភាពថ្នាក់ក្រោមជាតិ គឺធ្វើឲ្យដល់មហាជនរបស់យើង គឺឲ្យទៅកៀកនឹងប្រជាពលរដ្ឋរបស់យើង»។

សូមជម្រាបថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ បានប្រកាសដាក់ឲ្យប្រើប្រាស់នូវច្បាប់ ស្តីពី វិសោធនកម្មមាត្រា ១៤០ ច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ១៤០ នៃច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០០៨ ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖

-មាត្រា១៤០ ថ្មី៖ គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន ១១ (ដប់មួយ)រូប, គណៈអភិបាលខេត្តមានចំនួនពី ៧ (ប្រាំពីរ)រូប ទៅ១១ (ដប់មួយ)រូប, គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥ (ប្រាំ)រូប ទៅ ៧ (ប្រាំពីរ)រូប។

ចំនួនជាក់ស្ដែង នៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២

បានចេញអនុក្រឹត្យ ស្តីពី ការកំណត់ចំនួន គណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក និងគណអភិបាលខណ្ឌ។

អនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ចំពោះរាជធានីភ្នំពេញ មានគណៈអភិបាលចំនួន ១១រូប និងតាមបណ្ដាខេត្តនានា មានគណៈអភិបាលចំនួន ១១រូប។ ដោយឡែកចំពោះ ក្រុង ខណ្ឌ និងស្រុក មានចំនួនគណៈអភិបាល ៧រូប៕

ដកស្រង់ពី៖ កម្ពុជាថ្មី