រដ្ឋមន្ត្រីកសិកម្មកម្ពុជាជួបរដ្ឋមន្ត្រីព្រៃឈើកូរ៉េនៅសេអ៊ូល
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានជាតិ
ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ព្រមទាំងសហការីបាន អញ្ជើញមកជួបពិភាក្សាការងារជាមួយ លោក ណាំ ស៊ុងហ៊ុន ( NAM Sung-hyun) រដ្ឋមន្ត្រីព្រៃឈើកូរ៉េ នៅទីស្តីការ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។
ជំនួបនេះមានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើរវាងប្រទេសទាំងពីរ។លោក ណាំ ស៊ុង ហ៊ុន បានរាយការណ៍ជូនគណ:ប្រតិភូកម្ពុជាអំពីការគ្រប់គ្រង ការដាំដុះ ថែរក្សា អភិរក្ស
និងការធ្វើអាជីវកម្មព្រៃឈើ ដោយ បច្ចុប្បន្នប្រទេសកូរ៉េមានផ្ទៃដីព្រៃឈើសរុប ៦៣% នៃផ្ទៃដីសរុប ក្នុងនោះ ២/៣ គ្រប់គ្រងដោយឯកជន និង ១/៣ គ្រប់គ្រងដោយរដ្ឋ។
៥០ឆ្នាំកន្លងមក រដ្ឋាភិបាលកូរ៉េបានអនុវត្តគោលនយោបាយដាំដុះ គ្រប់គ្រង និងថែរក្សាព្រៃឈើ ហើយលទ្ធផលដែលរដ្ឋាភិបាល ក៏ដូចជាប្រជាជនកូរ៉េទទួលបានគឺបរិស្ថានល្អ អាកាសធាតុបរិសុទ្ធ រក្សាបានជីវចំរុះ សុខភាពមនុស្ស សត្វ និងរុក្ខជាតិល្អ និងសំណើមដីខ្ពស់។ល។
បច្ចុប្បន្ន ក្រសួងព្រៃឈើកូរ៉េបានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចំនួន ៣៧ប្រទេសទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។
នាឱកាសនេះ លោករដ្ឋមន្ដ្រី វេង សាខុន បានលើកយកចំណុចសំខាន់ៗមកជម្រាបជូនភាគីកូរ៉េបានជ្រាបអំពី បច្ចុប្បន្នភាពនៃផ្ទៃដីគម្របព្រៃឈើ គោលនយោបាយនៃការដាំដុះព្រៃឈើឡើងវិញ ការគ្រប់គ្រង ថែរក្សា និងអភិរក្សព្រៃឈើ
ការធ្វើអាជីវកម្មព្រៃឈើ និងផលប្រយោជន៍ព្រៃឈើ និងអនុផលព្រៃឈើសម្រាប់ប្រជាជនកម្ពុជា ពិសេសសម្រាប់សហគមន៍ព្រៃឈើ ដែលនៅពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ។ល។
ក្នុងជំនួបដ៏មានសារសំខាន់នេះ លោក រដ្ឋមន្ត្រីបានណែនាំឲ្យរដ្ឋបាលព្រៃឈើកម្ពុជាបន្តយកចិត្តទុកដាក់សហការជាមួយក្រសួងព្រៃឈើកូរ៉េលើការងាររបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្ស។
ឆ្លៀតឱកាសដែល លោក ណាំ ស៊ុងហ៊ុន ក៏គ្រោងនឹងទៅធ្វើទស្សនកិច្ចនៅកម្ពុជានាចុងខែសីហាខាងមុខ ។
លោក វេង សាខុន បានណែនាំឲ្យលោក កែវ អូម៉ាលីស្ស ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រៀមរៀបចំឯកសារសំខាន់ៗដែលត្រូវលើកយកមកពិភាក្សាទ្វេភាគី និងលើកសំណើសុំការជួយ ឧបត្ថម្ភ គាំទ្រពីក្រសួងព្រៃឈើកូរ៉េ ដើម្បីអភិវឌ្ឍព្រៃឈើកម្ពុជានាពេលអនាគត។
លោក រដ្ឋមន្ដ្រីជាថ្មីម្តងទៀតបានអរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ការជួយឧបត្ថម្ភ គាំទ្រពីភាគីកូរ៉េ ដល់ការអភិវឌ្ឍព្រៃឈើកម្ពុជាក្នុងរយ:ពេលកន្លងមក ក្នុងឆន្ទ:រួមគឺរក្សាបរិស្ថានពិភពលោកល្អ
និងកំណើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ។ ជាការឆ្លើយតប លោក ណាំ ស៊ុងហ៊ុន បានលើកឡើងថា ការពិតប្រទេសយើងទាំងពីរធ្លាប់បានចុះហត្ថលេខា MOU ម្តងរួចមកហើយនៅឆ្នាំ២០០៨ ប៉ុន្តែដោយ សារនិន្នាការនៃការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គមទូទាំងពិភាពលោក រួមទាំងប្រទេសយើងទាំងពីរ
យើងគូរតែធ្វើបច្ចុប្បន្នភាពលើខ្លឹមសារសំខាន់ៗក្នុង MOU ឆ្នាំ២០០៨ នេះនៅឡើងវិញដោយត្រូវសង្កត់ធ្ងន់លើចំណុចសំខាន់ៗមានជាអាទិ៍ ÷
១- ការពិនិត្យឡើងវិញលើគម្រោងព្រៃឈើមេគង្គ-កូរ៉េ
២- ការសិក្សាស្រាវជ្រាវលើធនធានព្រៃឈើកម្ពុជា
៣- ការសិក្សាលើធនធានដីព្រៃឈើ
៤- ការធ្វើពាណិជ្ជកម្មឈើ និងការវិនិយោគទុនលើការដាំឈើ។
ភាគីទាំងពីរបានឯកភាពគ្នាថានឹងជួបពិភាក្សាគ្នាលម្អិតបន្ថែមទៀត ដើម្បីឈានទៅចុះហត្ថលេខា MOU នៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើរវាងប្រទេសទាំងពីរនាពេលអនាគតឲ្យកាន់តែល្អប្រសើរ៕
ដកស្រង់ពី៖ រស្មីកម្ពុជា