Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់

  • បោះពុម្ព

ក្រសួងការបរទេសកម្ពុជា និងគណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយបានបញ្ជាក់ថា កម្ពុជា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើសភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ ហើយស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយ ដែលត្រូវបានចុះហត្ថលេខានាពេលកន្លងមក។

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក ណាន់ស៊ី ប៉េឡូស៊ី ប្រធានសភាអាមេរិក ទៅកាន់កោះតៃវ៉ាន់ កាលពីពេលថ្មីៗនេះ បានបង្កឲ្យមានភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ដែលជាដំណើរទស្សនកិច្ចដ៏កម្រមួយ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិក។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា កាលពីយប់ថ្ងៃទី ៣ ខែសីហា បានសរសេរថា រាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗ

នៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយ ដែលត្រូវបានចុះហត្ថលេខារវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក ដូចដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍រួមនានា នាពេលកន្លងមក រវាងភាគីទាំងពីរ។ក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ថា

«រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវ «គោលនយោបាយចិនតែមួយ» ដោយឥតងាករេ ហើយចាត់ទុកបញ្ហានានាពាក់ព័ន្ធនឹង ហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន និងជាសិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ស្វះស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងបង្កហេតុ ដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

ចំណែកគណបក្សប្រជាជនកម្ពុជា កាលពីល្ងាចថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ ក៏បានចេញសេចក្តីថ្លងការណ៍ សម្ដែងនូវការព្រួយបារម្ភចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ នេះផងដែរ។

តាមរយៈសេចក្តីថ្លែងការណ៍ គណបក្សប្រជាជនកម្ពុជា បានអះអាងថា ខ្លួនបានតាមដានយ៉ាងយកចិត្តទុកដាក់សភាពការណ៍វិវត្តន៍ថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងសូមធ្វើសេចក្តីថ្លែងការណ៍ ដូចខាងក្រោម៖

១. គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេស ប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយចិនតែមួយដោយឥតងាករេ ហើយចាត់ទុកបញ្ហាពាក់ព័ន្ធនឹង ហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលជាសិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។

២. គណបក្សប្រជាជនកម្ពុជា សូមសម្ដែងនូវការព្រួយបារម្ភចំពោះការកើនឡើងនូវភាព តានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឲ្យភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នា ដូចដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមកន្លងមក រវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក។

៣. គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ស្វះស្វែងរកដំណោះស្រាយដោយសន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងការបង្កហេតុ ដើម្បីសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

ដកស្រង់ពី៖ កម្ពុជាថ្មី