Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហហ្មុក ឡើងតុអាហាររដ្ឋមន្រ្តីការបរទេសមកពីប្រទេសមិនតិចជាង៣០

  • បោះពុម្ព

ហហ្មុក ជាមុខម្ហូបមួយរបស់ខ្មែរ បានឡើងលើតុអាហារទទួលស្វាគមន៍ភ្ញៀវអន្តរជាតិកម្ពុជាដែលសុទ្ធសឹងជារដ្ឋមន្ត្រីការបរទេសបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូ ដែលសរុបមិនតិចជាង៣០ប្រទេសនោះទេ ។

នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ រាជធានីភ្នំពេញ បានសម្រាំងទាំងម្ហូប និងការបដិសណ្ឋារកិច្ចឲ្យល្អឥតខ្ចោះក្នុងការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ ។

«ហហ្មុក» ជាមុខម្ហូបសំខាន់មួយរបស់ខ្មែរដែលមានគ្រឿងផ្សំធ្វើពីត្រី ឬត្រីអណ្តែងស្រស់ផ្សំគ្រឿងមានការពិបុក និងខ្ទិះដូងជាដើមខ្ចប់ចំហុយ»។

មកដល់ពេលបច្ចុប្បន្ន ចុងភៅខ្មែរបានផ្សែផ្សំជាមួយគ្រឿងឆ្ងាញ់ៗបន្ថែមទៀត ដើម្បីបង្កើនក្លិនឈ្ងុយ និងរសជាតិឱ្យកាន់តែឆ្ងាញ់ពិសា និងរំលេចនូវសោភ័ណភាពឱ្យកាន់តែទាក់ទាញផងដែរ ។

ជាទូទៅគេមិនដាក់មុខម្ហូបនេះក្នុងចានទេ ចុងភៅបានច្នៃហហ្មុក ដាក់ក្នុងផ្លែដូងខ្ចី ឬស្លឹកចេកទ្រដោយចានឬថាស ធ្វើពីឬស្សី និងផ្តៅ ដែលកាន់តែបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរថែមទៀត ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នាពេលនេះ ជាព្រឹត្តិការណ៍ដ៍ធំមួយ និងជាព្រឹត្តិការណ៍ដំបូងគេបង្អស់ ដែលកម្ពុជារៀបចំធ្វើឡើងដោយផ្ទាល់ បន្ទាប់ពីការរាតត្បាតជំងឺកូវីដ១៩ ។

នៅឆ្នាំ២០២២នេះ កម្ពុជាជាប្រធានអាស៊ាន ហើយនៅចុងឆ្នាំនេះបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះទៅមេដឹកនាំអាស៊ាន និងប្រទេសជាដៃគូសន្ទនាជាមួយអាស៊ានជាច្រើនទៀតនឹងមកប្រជុំគ្នានៅភ្នំពេញទៀតនៅកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ ។

កន្លងមកមានការលើកទឹកចិត្តពីថ្នាក់ដឹកនាំប្រទេស និងពលរដ្ឋជាទូទៅឲ្យកម្ពុជាប្រើប្រាស់អាហារ និងផលិតផលដែលខ្មែរអាចផលិតបាន រួមទាំងភេជ្ជៈដែលមានទឹកដូង ទឹកត្នោតផងដែរ នៅក្នុងការទទួលស្វាគមន៍ភ្ញៀវផ្លូវការដែលបានមកដល់កម្ពុជា ។

ការទទួលភ្ញៀវដោយអាហារខ្មែរ ផលិតផលខ្មែរ ធ្វើឲ្យបរទេសកាន់តែស្គាល់ខ្មែរច្បាស់ និងជាលើកកម្ពស់កសិផល និងផលិតផលរបស់ពលរដ្ឋខ្មែរផងដែរ ។

លោក គង់ ភោគ ក្នុងសន្និសីទសារព័ត៌មានពីដំណើរការកិច្ចប្រជុំអាស៊ានលើកទី៥៥នេះបានបញ្ជាក់ថា កំលុងពេលកម្ពុជារៀបចំកិច្ចប្រជុំក្របខណ្ឌអាស៊ាន ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ គឺរៀបចំយ៉ាងណាឲ្យភ្ញៀវពេញចិត្ត ចំពោះកន្លែង មិនថា ការរៀបចំកិច្ចប្រជុំ និងរៀបអាហារនោះឡើយ ។

ការរៀបចំម្ហូបខ្មែរទទួលភ្ញៀវបរទេសជាផ្នែកមួយនៃការទូតសេដ្ឋកិច្ច ។

សូមជម្រាបថា ក្រសួងទេសចរណ៍គ្រោងនឹងស្នើសុំដាក់សម្លហហ្មុក រួមជាមួយម្ហូបអាហារ៤មុខទៀត រួមមាន សម្លកកូរ សម្លម្ជូរគ្រឿង សម្លប្រហើរ និងនំបញ្ចុក ព្រមទាំងបង្អែម៥មុខទៀត រួមមាន នំអន្សម នំផ្លែអាយ បាយដំណើបសង់ខ្យា នំចក្រច័ន្ទ និងនំស្លឹកស្រស់ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបិយរបស់អង្គការយូណេស្កូ (UNESCO) ផងដែរ ។

រហូតមកដល់ពេលនេះ មន្ត្រីអះអាងថាកំពុងប្រមូលឯកសារជុំវិញម្ហូប អាហារ និងបង្អែមទាំងនោះដើម្បីឈានដល់ស្នើសុំចុះបញ្ជីបេតិកភណ្ឌពិភពលោកអរូបិយរបស់អង្គការយូណេស្កូ ៕

ដកស្រង់ពី៖ កោះសន្តិភាព