បណ្តាញសង្គម

មន្ត្រី៖ កម្ពុជាទាមទារ ៧០%នៃប្រេងដែលកប៉ាល់ MT STROVOLOS លួចដឹកចេញពីកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បានទាមទារ ៧០ភាគរយនៃចំណែកប្រេងទាំងអស់ដែលកប៉ាល់ MT STROVOLOS លួចដឹកចេញពីកម្ពុជាកន្លងទៅនេះ ខណៈ ២៦ភាគរយសម្រាប់ការទូទាត់ជាមួយកប៉ាល់ MT STROVOLOS និងសល់ ៤ភាគរយសម្រាប់សងក្រុមហ៊ុនម្ចាស់បំណុលរបស់ក្រុមហ៊ុន Kris Energy។

នេះបើតាមលោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ថ្លែងនៅក្នុងសន្និសីទកាសែត នៅថ្ងៃទី៩ សីហានេះ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

លោក ម៉េង សក្តិធារ៉ា លើកឡើងថា ឆ្លងកាត់ការខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចចារយ៉ាងសកម្ម និងស្វិតស្វាញជាមួយភាគីម្ចាស់កប៉ាល់ MT STROVOLOS និងម្ចាស់បំណុលរបស់ក្រុមហ៊ុន Kris Energy គឺទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយប្រេងឆៅប្រមាណ ៣០ម៉ឺនបារ៉ែល ដែលកប៉ាល់ MT STROVOLOS ដឹកចេញពីដែនទឹករបស់កម្ពុជា នឹងបែងចែកផលប្រយោជន៍សម្រាប់ភាគីទាំងបី។

លោកថ្លែងដូច្នេះថា៖«យើងទាមទារបានជារួម គឺ៧០ភាគរយនៃប្រេងទាំងអស់ ហើយ ២៦ភាគរយសម្រាប់ទូទាត់ទៅឲ្យថ្លៃកប៉ាល់ និង ៤ភាគរយសម្រាប់ម្ចាស់បំណុលក្រុមហ៊ុន Kris Energy ដែលក្ស័យធនទៅហើយនោះ»។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលរូបនេះ គឺក្រសួងនឹងដាក់ឆ្លងគោលការណ៍សម្រេចពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអាចឈានទៅបញ្ចប់ ហើយធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ប្រេងក្នុងកប៉ាល់ជិត ៣០ម៉ឺនបារ៉ែលនេះ ក្នុងពេលឆាប់ៗ។

លោក ម៉េង សក្តិធារ៉ា អះអាងថា ការទទួលបានចំណែក ៧០ភាគរយនៃប្រេងឆៅប្រមាណ ៣០ម៉ឺនបារ៉ែលនេះ គឺកម្ពុជាទទួលបានផលប្រយោជន៍ច្រើនជាងមុន ខណៈទឹកប្រាក់ចំនួន ៥លានដុល្លាររបស់ក្រុមហ៊ុន Kris Energy ដែលដាក់តម្កល់ ក៏កម្ពុជារឹបអូសយកផងដែរ។គួររំលឹកថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ត្រូវបានប្រកាសរុករកពីប្លុក A ដែនសមុទ្រកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

ប៉ុន្តែមិនបានប៉ុន្មាន គឺក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Kris Energy បានប្រកាសក្ស័យធន មិនអាចបន្តអាជីវកម្មរបស់ខ្លួនបាន។ ហេតុននេះហើយទើបកប៉ាល់ MT STROVOLOS លួចដឹកប្រេងឆៅដំបូងរបស់កម្ពុជាប្រមាណជិត ៣០ម៉ឺនបារ៉ែល ចេញពីដែនទឹកកម្ពុជា ដោយគ្មានការជូនដំណឹងដល់រាជរដ្ឋាភិបាលជាមុនឡើយ៕

ដកស្រង់ពី៖ កម្ពុជាថ្មី