បណ្តាញសង្គម

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួប​សម្តែង​ការគួរសម​ជាមួយ​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ។

ក្នុងជំនួបនេះ លោក ហ៊ុន ម៉ាណែត បានជម្រាបជូនលោក ង្វៀន សួនហ្វ៊ុក អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចសហប្រតបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក

ហើយឆ្លងតាមជំនួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោក ហ៊ុន ម៉ាណែត ក៏បានស្នើសុំលោក ប្រធានរដ្ឋ ផ្តល់ការគាំទ្រលើទិសដៅសំខាន់ៗ

នៃកិច្ចសហប្រតិបត្តិការ ក្នុងកម្រិតកងទ័ពជើងគោក ដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នា

ឱ្យបានស្អិតរមួតបន្ថែមទៀត ដើម្បីកសាង និងការពារប្រទេសទាំងពីរ តាមរយៈការធានាបាន នូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួម សម្រាប់ទាំងអស់គ្នា។ជាការឆ្លើយតប លោកប្រធានរដ្ឋ នៃសាធារណសង្គមនិយមវៀតណាម

បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកងទ័ពនៃប្រទេសទាំងពីរ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន

និងបានគូសបញ្ជាក់ផងដែរ អំពីការគាំទ្រចំពោះទិសដៅ ដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សា និងលើកម្ពស់កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ ព្រមជាមួយនឹងការរួមគ្នាសំឡឹងមើលសក្តានុពលថ្មីៗបន្ថែមទៀតសម្រាប់ពេលអនាគត។

ជាងនេះទៀត លោកក៏បានកោតសរសើរ អំពីស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ច ហួសពីការរំពឹងទុក ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ទោះបីជាកន្លងមក ទទួលរងប៉ះពាល់ដោយសារការរាតត្បាត

នៃជំងឺកូវីដ-១៩ ក៏ដោយ និងបានបញ្ជាក់ផងដែរថា ប្រទេសវៀតណាម នៅតែបន្តគាំទ្រដល់កម្ពុជា ក្នុងនាមជាអ្នកជិតខាងល្អជានិច្ច។

ក្នុងឱកាសនោះដែរ លោក ង្វៀន សួនហ្វ៊ុក ក៏បានសម្តែងនូវការអបអរសាទរ និងការគាំទ្រផងដែរចំពោះលោក ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា

លើកទី៤៣ បោះឆ្នោតជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត និងបានជូនពរឱ្យការបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំ២០២៣ នៅកម្ពុជា ប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ៕

ដកស្រង់ពី៖ រស្មីកម្ពុជា