បណ្តាញសង្គម

ហុ​ល្លង់ ផ្តល់ ១៦០ លាន​អឺរ៉ូ ដល់​វិស័យ​ឯកជន​នៅ​កម្ពុជា និង ប្រទេស​កំពុងអភិវឌ្ឍន៍​ផ្សេងទៀត ដែល ប្រកប​អាជីវកម្ម​ជួយ​ដល់​បរិស្ថាន

ភ្នំពេញៈ មូលនិធិហុល្លង់ សម្រាប់អាកាសធាតុ និង ការអភិវឌ្ឍន៍ (DFCD) នឹងផ្តល់ប្រាក់ ចំនួន ១៦០ លានអឺរ៉ូ ដល់វិស័យឯកជនក្នុងប្រទេសកម្ពុជា និងប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត ដែលប្រកបអាជីវកម្មជួយដល់បិស្ថាន និងប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុដើម្បី បង្កើនភាពធន់ នៃ សហគមន៍ និង ប្រព័ន្ធ អេកូឡូស៊ី ដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ។

ការវិនិយោគនេះ នឹង អនុញ្ញាតឱ្យគម្រោង បញ្ចប់ការសិក្សាពីគំនិតទៅការអនុវត្ត ពេញលេញដោយ ប្រើប្រាស់ការផ្តល់ហិរញ្ញប្បទានពេញលេញក្នុងវដ្តអាជីវកម្ម ។

មូលនិធិ DFCD ផ្តល់ ហិរញ្ញប្បទាន និង ជំនួយបច្ចេកទេសដល់គម្រោង ដោយផ្តោតលើការបន្សំនឹងការប្រែប្រួល អាកាសធាតុ ដើម្បីប្រមូល មូលនិធិពីវិស័យឯកជន ខាងក្រៅតាមទំហំនៃការវិនិយោគអាជីវកម្ម។

ថ្លែងក្នុងសិក្ខាសាលាស្តីពីព្រឹត្តិការណ៍ផ្គូរផ្គងរបស់គម្រោង DFCD នាថ្ងៃទី១០ ខែសីហា នៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ នេះ លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ៖

« គម្រោង វិនិយោគលើ វិស័យថាមពលកកើតឡើងវិញ គម្រោងអភិរក្សព្រៃឈើ គម្រោងកសិឧស្សាហកម្ម ដែលមាននិរន្តរភាព គឺ សុទ្ធតែជា គម្រោងដែលមានសក្តានុពលខ្ពស់ ដែលអាចដាក់សំណើ

និង ចូលរួម អនុវត្តក្នុងគម្រោងនេះ ដើម្បី ចូលរួមចំណែកជួយដល់ សេដ្ឋកិច្ចសង្គម បង្កើតការងារ ការផ្ទេរបច្ចេកវិទ្យា និង កាត់បន្ថយ ការបញ្ចេញ ឧស្ម័ន ផ្ទះ កញ្ចក់ ដែលជាមូលហេតុ នៃការប្រែប្រួល អាកាសធាតុ ។

លោកបានបញ្ជាក់ថា « ហុល្លង់បានផ្តល់ ថវិកា ១៦០ លាន អឺរ៉ូ នេះគឺ កម្រិតពិភពលោកទេ ប៉ុន្តែ អត់ កំណត់ថា ប្រទេសណាបានប៉ុន្មានទេ បានន័យថា បើយើងធ្វើមុនគេយើងបានមុនគេ ។

អីចឹងគម្រោង នេះ គឺជា ការចូលរួមរបស់វិស័យឯកជន នៅក្នុងការដោះស្រាយ ការប្រែប្រួល អាកាសធាតុ ។

ដោយឡែក តួនាទី របស់ ស្ថាប័នរដ្ឋ ក៏ដូចជា ក្រសួងបរិស្ថាន គាំទ្រការអនុវត្តគម្រោងនេះ ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងដែលស្នើឡើងអនុលោម ទៅនឹងអទិភាព របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹង ការអភិវឌ្ឍន៍ផ្សេងៗ ។

យើងត្រូវតែ យល់ច្បាស់ ពីលក្ខខណ្ឌ របស់គេ ថា តើ លក្ខខណ្ឌ ក្នុងការ ទទួលបាន ថវិកា យ៉ាងម៉េច ខ្លះ ត្រូវតែយល់ឱ្យច្បាស់ និង ធ្វើទៅតាមគោលការណ៍ណែនាំរបស់គេ តែ សំខាន់គម្រោង ត្រូវតែរួមចំណែកអនុវត្ត សកម្មភាពដែល ដោះស្រាយ បញ្ហាប្រែប្រួល អាកាសធាតុ នៅ កម្ពុជា និង រួមចំណែក អភិវឌ្ឍ សេដ្ឋកិច្ចសង្គម បង្កើត ការងារ លើកកម្ពស់ សេដ្ឋកិច្ច ប្រជាជន និង ការពារ បរិស្ថាន គឺ សុទ្ធតែជា លក្ខណៈវិនិច្ឆ័យរួម » ។

លោក តាន់ មុនីវណ្ណ អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ អ្នកសារព័ត៌មានថាប្រសិនបើ វិស័យ ឯកជន អាចទទួលបានមូលនិធិនេះ នឹង ទទួលបានផល ទាំងអស់គ្នា ក៏ដូចជា ពង្រឹងនូវអាជីវកម្ម របស់ខ្លួន និង ចូលរួមចំណែក អភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា ថែមទៀតផងដែរ ។

ទោះជា យ៉ាងនេះក្តី លោក លើកឡើងថាលទ្ធភាពរបស់វិស័យឯកជននៅកម្ពុជានៅក្នុងការទទួលថវិកា ពី បាន គម្រោង នេះ អាច នឹង ពិបាក ។

ហេតុនេះ លោក លើកទឹកចិត្តឱ្យក្រុមហ៊ុន ដែល វិនិយោគ លើវិស័យ កសិកម្ម និង វិស័យ ផ្សេងទៀតគួររួមគ្នា និង សហការជាមួយក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីធ្វើគម្រោងមួយក្នុងការទទួលបានមូលនិធិ នេះ ព្រោះ បើក្រុមហ៊ុន តែមួយដាក់ស្នើគម្រោងនេះ អាចនឹងពិបាកទទួលបាន ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និង ជា អ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម ដែលបានចូលក្នុង សិក្ខាសាលា នេះ បានឱ្យដឹងថាគម្រោងនេះនឹង ផ្តល់អត្ថប្រយោជន៍ ដល់កម្ពុជាចូលរួមកាត់បន្ថយ

ភាពក្រីក្របង្កើនជីវភាព និង ជួយដល់ សេដ្ឋកិច្ចជាតិ ដោយសារតែ គម្រោងនេះ មានគោលដៅជួយ ដល់ វិស័យ កសិកម្ម ដែលធនជាមួយនឹង ការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យពួកគេ មានលទ្ធភាព ទទួលបានទុនពង្រីក ផលិតកម្ម របស់ខ្លួនដើម្បីនាំចេញ ។

លោក បន្តថា ក្រសួងពាណិជ្ជកម្ម ចូលរួម គាំទ្រ និង លើកទឹកចិត្ត ដល់ការធ្វើ ពាណិជ្ជករ ដែលគាំទ្រ ដល់ បរិស្ថាន និង ការពារ ការប្រែប្រួល អាកាសធាតុ ខណៈក្រុមហ៊ុនអាជីវកម្ម ដែលគិតពីបញ្ហាបរិស្ថាន នៅមានតិចនៅឡើយ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា