បណ្តាញសង្គម

កម្ពុជា​-​អាម៉េរិក បន្ត​កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម​-​វិនិយោគ ទោះបី​ប្រឈម​នឹង​ឧបសគ្គ មួយចំនួន​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ដឹកនាំដោយលោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមកិច្ចសម្របសម្រួល ដោយស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ដើម្បីទទួលបាននូវបច្ចុប្បន្នភាពព័ត៌មាន ទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា។

ក្នុងជំនួបនេះ លោក រដ្ឋលេខាធិការ បានលើកឡើងថាៈ ទោះបីស្ថិតក្នុងស្ថានភាព រីករាលដាល នៃជំងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេ៉រិក មានចំនួន ៦,២ ប៊ីលានដុល្លារអាម៉េរិក

ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២ ដែលជាការកើនឡើង ក្នុងអត្រាកំណើន ៦១,៥៤% ធៀបនឹង ៦ខែ ដើមឆ្នាំ២០២១។លោក រដ្ឋលេខាធិការ បានបន្តថាៈ កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង ឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសពាណិជ្ជកម្ម-វិនិយោនៅកម្ពុជា កាន់តែមានភាពទាក់ទាញ និងអំណោយផល ដល់វិនិយោគិនអន្តរជាតិ មកពីបណ្តាប្រទេសនានា លើពិភពលោក។

បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានលើកឡើងអំពីវឌ្ឍនភាពជាវិជ្ជមាន ក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ដែលកំពុងមានសន្ទុះខ្លាំងក្លា រួមមាន បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងបច្ចេកវិទ្យា នៃការទូទាត់ឆ្លងប្រទេស ដោយប្រើ QR Code ជាដើម ដែលទាំងអស់នេះ បានជួយរួមចំណែកបង្កបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ។

ទន្ទឹមនឹងនោះ លោករដ្ឋលេខាធិការ ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល សហរដ្ឋអាម៉េរិក ដែលបានផ្តល់ជំនួយឧបត្ថម្ភ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ព្រមទាំងបានបញ្ចូនវត្ថុបុរាណ មកកាន់កម្ពុជា ដែលជាមាតុប្រទេសវិញ

ក្នុងពេលថ្មីៗនេះ។ជាការឆ្លើយតប លោកស្រី Wallis Yu ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានធ្វើការ សម្របសម្រួលអន្តរក្រសួង

ដើម្បីឱ្យកម្ពុជាសម្រេចទទួលយកស្តង់ដារយានយន្ត សហរដ្ឋអាម៉េរិក ជាហេតុធ្វើឱ្យកម្ពុជា បានក្លាយជាទីផ្សារដ៏សំខាន់មួយក្នុងវិស័យយានយន្ត សហរដ្ឋអាម៉េរិក។

បន្ថែមពីនេះ លោកស្រី បានស្នើសុំឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា បន្តសហការផ្តល់ បច្ចុប្បន្នភាពព័ត៌មាន ទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម

-វិនិយោគ ដល់តំណាងពាណិជ្ជកម្ម សហរដ្ឋអាម៉េរិក (USTR) សំដៅលើកកម្ពស់ បរិយាកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗ របស់សហរដ្ឋអាម៉េរិក ឱ្យមកវិនិយោគ រយៈពេលវែង នៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និងក្រុមហ៊ុន Meta (Facebook) ជាដើម។

ជាមួយគ្នានេះ លោកស្រី ក៏បានជម្រាបមកកាន់ ក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរថាៈ ថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក កំពុងដំណើរការនីតិវិធី វាយតម្លៃល័ក្ខខ័ណ្ឌនានា លើប្រទេសដែលទទួលអត្ថប្រយោជន៍មួយចំនួន ដើម្បីសម្រេចថា នឹងបន្តផ្តល់ប្រព័ន្ធ អនុគ្រោះពន្ធទូទៅ (GSP) ដល់ប្រទេសទាំងនោះ ឬយ៉ាងណា ដែលក្នុងនោះ ក៏មានកម្ពុជា ផងដែរ។

គួររលឹកដែរថា ជំនួបពិភាក្សាលើកនេះ គឺជាការពិភាក្សាការងារបន្ត ដែលជាផ្នែកមួយនៃ កិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ ស្តីពីកិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) កម្ពុជា-អាម៉េរិក ៕

ដកស្រង់ពី៖ រស្មីកម្ពុជាថ្មី