សម្តេចតេជោ ហ៊ុន សែន៖ក្តាប់ឱកាសលើវិស័យពាណិជ្ជកម្មវិនិយោគនិងអប់រំ ធ្វើជាមូលដ្ឋានដើម្បីពង្រឹងទំនាក់ទំនងកម្ពុជាអាមេរិកឲ្យកាន់តែខ្លាំងឡើង
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានជាតិ
(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឯកភាពជាមួយលោកស្រី Elizabeth Van Duyne តំណាងរាស្ត្រសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋនៃរដ្ឋតិចសាស់ ដែលបានលើកឡើងថា យើងគួរនាំគ្នាសម្លឹងទៅមុខក្តាប់ឱកាសដែលកំពុងមាន នាពេលបច្ចុប្បន្នជាពិសេស លើវិស័យពាណិជ្ជកម្មវិនិយោគនិងអប់រំធ្វើជាមូលដ្ឋានដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាង រាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋនៃរដ្ឋតិចសាស់និងគណៈប្រតិភូនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី ២៩ ខែសីហា ២០២២ ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្ទាប់ពីជំនួបនោះថាៈលោកស្រី អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne)បានសម្ដែងនូវការគោរពចំពោះសម្ដេចតេជោ ហ៊ុន សែន , ចំពោះការតស៊ូនិងការប្រឹងប្រែងរបស់សម្ដេចតេជោក្នុងការនាំមកជូនប្រជាជនកម្ពុជានូវសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍ ។
លោកស្រី អេលីហ្សាបេត ក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរថាដំណើរទស្សនកិច្ចរបស់លោកស្រីនិងប្រតិភូនៅពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង តាមរយៈសក្កដានុពលដែលកំពុងមាន និង តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកស្រី អេលីហ្សាបេត និងប្រតិភូ អំពីប្រវត្តិរបស់កម្ពុជា ក៏ដូចជាប្រវត្តិទំនាក់ទំនងរវាងកម្ ពុជាជាមួយ សហរដ្ឋអាមេរិក ។
សម្ដេចតេជោបានឯកភាពជាមួយនិងលោកស្រី អេលីហ្សាបេត ដែលថាយើងនាំគ្នាសម្លឹងទៅមុខក្តាប់ឱកាសដែលកំពុងមាន
នាពេលបច្ចុប្បន្នជាពិសេសលើវិស័យពាណិជ្ជកម្មវិនិយោគនិងអប់រំធ្វើជាមូលដ្ឋានដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង ៕
ដកស្រង់ពី៖ រស្មីកម្ពុជា