Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ឱ្យ​ប្រុងប្រយ័ត្ន​បង្ការ ទប់ស្កាត់ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

  • បោះពុម្ព

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសូមអំពាវនាវ ដល់សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ស្តីពីការបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីអំពាវនាវ ដែលចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នោះ បានលើកឡើងថាៈ ក្នុងស្ថានភាពដែលប្រទេសជាតិបាន និងកំពុងដំណើរការយ៉ាងសកម្ម លើគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មី

បន្ទាប់ពីការឆ្លងជំងឺរាតត្បាតកូវីដ-១៩ មានភាពធូរស្រាល បន្ទាប់ពីបានរាជរដ្ឋាភិបាល បានប្រកាសបើកដំណើរការប្រទេស ឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ

ឃើញថា គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ហាក់មាន និន្នាការកើនឡើង គួរឱ្យព្រួយបារម្ភ ស្របពេលដែលយើង នឹងប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២

ខាងមុខនេះ គណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក សូមអំពាវនាវ ដល់សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ បន្ថែមពីលើការអនុវត្ត វិធានការ “ ៣ ការពារ និង ៣ កុំ ” ព្រមជាមួយនឹងវិធានការ សុខាភិបាល ផ្សេងទៀត

សំដៅបង្ការ និងទប់ស្កាត់ ការរាតត្បាត នៃការឆ្លងជំងឺកូវីដ-១៩ សូមមេត្តាខិតខំយកចិត្តទុកដាក់ ដើម្បីបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តាមវិធានការ ដូចខាងក្រោម៖ ១-អ្នកបើកបរ ត្រូវបន្ថយល្បឿនបើកបររបស់ខ្លួន ទៅតាមច្បាប់កំណត់ និងតាមស្ថានភាពជាក់ស្តែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវគ្រលុក ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ឬផ្លូវរអិល។ល។

មូលហេតុចម្បង ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរលើសល្បឿនកំណត់។ ២-អ្នកបើកបរ ត្រូវគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ ដោយត្រូវបន្ថយល្បឿននៅពេលជិតដល់ផ្លូវប្រសព្វ និងត្រូវទុកសិទ្ធិ ឱ្យអ្នកបើកបរ ដែលធ្វើចរាចរណ៍នៅលើផ្លូវធំ និងត្រង់ទៅមុន។

៣-អ្នកបើកបរ មុននឹងវ៉ាជែង ត្រូវដឹងច្បាស់ថា ផ្លូវខាងមុខទំនេរ អាចជែងបានដោយសុវត្ថិភាព ចៀសវាង ការវ៉ាជែង ដោយប្រថុយប្រថាន ដែលអាចបង្កឱ្យមាន គ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ។

៤-ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញ លើសច្បាប់កំណត់ ជាពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្ស នៅលើដំបូល និងមិនត្រូវតម្លើងថ្លៃធ្វើដំណើរក្នុងឱកាសនេះទេ។

៥-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ខ្លួន មុនពេលធ្វើចរាចរណ៍។

៦-អ្នកបើកបររថយន្ត និងអ្នករួមដំណើរ សូមពាក់ខ្សែក្រវាត់សុវត្ថិភាព ឱ្យបានត្រឹមត្រូវ ជាប់ជាប្រចាំ។

៧-អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ ត្រូវពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវ គ្រប់ៗគ្នា ទោះធ្វើដំណើរជិត ឬឆ្ងាយ និងគ្រប់ពេលវេលា។

ត្រូវចងចាំជានិច្ចថា “ មួកសុវត្ថិភាពមួយ ជួយការពារជីវិតបានម្នាក់ ” ។

៨-មិនត្រូវបើកបរ នៅពេលងោកងុយ ឬក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន និងសូមចងចាំជានិច្ចនូវពាក្យស្លោក “ បើពិសាគ្រឿងស្រវឹង កុំបើកបរ ” ។

ស្ថានភាពស្រវឹង នឹងបង្កឱ្យអ្នកបើកបរ បាត់ការចងចាំ វង្វេងស្មារតី មិនអាចបញ្ជាយាន បានដោយសុវត្ថិភាព ងាយប្រឈមនឹងការបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយសារការ បុកប៉ះ។

៩-នៅពេលបើកបរ ត្រូវប្រកាន់ខ្ជាប់ នូវសុជីវធម៌ សីលធម៌ និងការអធ្យាស្រ័យគ្នា ទៅវិញទៅមក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ឬសម្រួលស្ថានភាពកកស្ទះចរាចរណ៍។

សូមចងចាំជានិច្ច នូវអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមាន គ្រោះថ្នាក់ចរាចរណ៍ ” ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសម្តែងនូវសេចក្តីសង្ឃឹម និងជឿទុកចិត្តលើ ស្មារតីប្រុងប្រយ័ត្នរបស់សាធារណជន ក្នុងការអនុវត្តសេចក្តីអំពាវនាវ នេះ ដើម្បីនាំមកនូវសុវត្ថិភាព

និងសេចក្តីសុខសប្បាយ រីករាយជាមួយក្រុមគ្រួសារ ក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ កុំឱ្យថ្ងៃសប្បាយ ក្លាយជាថ្ងៃកើតទុក្ខ៕/

ដកស្រង់ពី៖ រស្មីកម្ពុជា