Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធាន​អង្គការ WEF គ្រោង​មក​កម្ពុជា​ដោយផ្ទាល់ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន​និង​កម្ពុជា

  • បោះពុម្ព

ភ្នំពេញ៖ តាមរយៈសមាជិកនៃគណៈកម្មការប្រតិបត្តិ នៃអង្គការវេទិកាសេដ្ឋកិច្ចពិភពលោក ហៅកាត់ភាសាអង់គ្លេស WEF បានឲ្យដឹងថា នៅខែវិច្ឆិកាខាងមុខនេះ លោកសាស្ត្រាចារ្យ ក្លូស ឆ្វាប់ ស្ថាបនិក និងជាប្រធាន WEF នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយលោកនឹងអញ្ជើញមកចូលរួមក្នុងកិច្ចសន្ទនាសកលស្តីពីអាស៊ានលើកទី២។

នៅក្រោយចប់ជំនួបការងារ រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ចូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មការប្រតិបត្តិនៃ WEF នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា

ឆ្នាំ២០២២នេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅក្នុងបណ្តាញសង្គមថា WEF មានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងកម្ពុជា ដើម្បីឲ្យកាន់តែរឹងមាំជាងមុន។

នៅក្នុងជំនួបនេះ លោក ចូអុក លី បានគោរពជម្រាបជូនលោករដ្ឋមន្ដ្រី អំពីសារសំខាន់នៃការចូលរួម និងចែករំលែកនូវសារសំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា កាលពីកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់ WEF នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស នាខែឧសភាកន្លងទៅ។

ក៏ប៉ុន្ដែ លោកសម្ដែងនូវការសោកស្ដាយដែលសម្ដេចតេជោ មិនអាចអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់ WEFបាននៅខែមករាដើមឆ្នាំក្រោយនេះ ដោយសារមានភាពមមាញឹកច្រើន។

ទោះជាយ៉ាងណាក៏ដោយ លោកសង្ឃឹមថា សម្ដេចតេជោ នឹងអាចអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ WEF នាឱកាសក្រោយៗទៀត។

ឆ្លៀតក្នុងឱកាសនោះ លោកបានគោរពជូនលោករដ្ឋមន្ដ្រីដោយផ្ទាល់ នូវលិខិតអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់ WEF។ ជាកិច្ចឆ្លើយតប លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់តំណាង WEF ដែលបានរាយការណ៍នូវសកម្មភាព និងគម្រោងទស្សនកិច្ចរបស់លោកសាស្ដ្រាចារ្យមកប្រទេសកម្ពុជានៅខែវិច្ឆិកាខាងមុខ។

លោកបានជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការអន្ដរជាតិជាមួយ WEF និងដំណើរទស្សនកិច្ចរបស់លោកសាស្ដ្រាចារ្យ មកប្រទេសកម្ពុជានាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជម្រាបជូនជាសង្ខេបពីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខ័ណ្ឌច្បាប់នានា ដូចជា ច្បាប់ស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិក ច្បាប់ស្ដីពីសុវត្ថភាពចំណីអាហារ ច្បាប់ស្ដីពីវិនិយោគ និងច្បាប់មួយចំនួនទៀត ដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដើម្បីឈានដល់ការសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះដែរ លោកបានបន្តថា កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១១ ដល់១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាបផងដែរ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនភ្ញៀវបន្ថែមថា ក្រសួងពាណិជ្ជកម្ម ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការអន្ដរជាតិជាមួយ WEF និងស្ថាប័នអន្ដរជាតិផ្សេងៗទៀត ក្នុងការគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា និងតំបន់៕

ដកស្រង់ពី៖ រស្មីកម្ពុជា