Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តើសម្ដេចតេជោ គ្រោងជួបថ្នាក់ដឹកនាំបរទេសរូបណាខ្លះ អំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ?

  • បោះពុម្ព

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២នេះ បានអញ្ជើញដឹកនាំ គណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក,

បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ថ្ងៃទី ២១ ដល់ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២។គណៈប្រតិភូអញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ,

លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលផ្សេងទៀត។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យអ្នកសារព័ត៌មានដឹងថា នៅថ្ងៃទី ២៣ ខែកញ្ញា សម្ដេចតេជោ នឹងថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧នោះ។

នៅក្នុងឱកាសស្នាក់នៅទីក្រុងញូយ៉ក សម្ដេចតេជោ នឹងជួបពិភាក្សាជាមួយលោក អាក់ជីម ស្ដេននើរ អភិបាលអង្គការ UNDP, បន្ទាប់មកសម្ដេចតេជោ នឹងជួបពិភាក្សាជាមួយលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ,

ជួបពិភាក្សាជាមួយលោក ឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប, ជួបពិភាក្សាជាមួយលោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីបង់ក្លាដែស, ជួបពិភាក្សាជាមួយលោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីទីម័រខាងកើត ហើយនិងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំផ្សេងទៀត។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ស្រ៊ី ថាមរ៉ុង បានឲ្យដឹងទៀតថា ខណៈពេលអញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី ចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧នោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន

នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) ដែលនឹងត្រូវបានរៀបចំឡើងនៅក្នុងឱកាសនៃ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ ហើយនឹងមានជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសមួយចំនួន និងតំណាងស្ថាប័នអភិវឌ្ឍន៍ផ្សេងទៀត

ផងដែរ។ដោយឡែកដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសគុយបាវិញ គឺតបតាមការអញ្ជើញរបស់ លោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសគុយបា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២។

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ដោយនឹងពិភាក្សាអំពីមធ្យោបាយ ដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា

និងគុយបា និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួន ៥ រួមមាន៖

១. កម្មវិធីនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌។

២. អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ។

៣. អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា។

៤. គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

៥. អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា-គុយបា។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសមចំពោះលោក អេស្តេបាន ឡាហ្សូ ហឺណាន់ដេស ប្រធានរដ្ឋសភានៃអំណាចប្រជាជនគុយបា ហើយសម្តេចតេជោ ក៏រំពឹងថានឹងចូលជួបសម្តែងការគួរសមចំពោះលោក រ៉ាអ៊ូល ខាសស្រ្តូ អតីតប្រធានាធិបតីគុយបា ផងដែរ។

នៅរដ្ឋធានីហាវាណា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅទស្សនាមជ្ឈមណ្ឌល ហ្វីដែល កាស្ត្រូ (Fidel Castro) និងមជ្ឈមណ្ឌលវិស្វកម្មហ្ស៊េន និងបច្ចេកវិទ្យាជីវៈ និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានអនុស្សាវរីយ៍ ចូហ្សេ ម៉ាទី (José Martí)។

សម្តេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានិងរស់នៅក្នុងប្រទេសគុយបា ផងដែរ។

ចំណែកការចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុនវិញ គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី

នឹងអញ្ជើញចាកចេញពីទីក្រុងហាវាណា ឆ្ពោះទៅកាន់ទីក្រុងតូក្យូដើម្បី ចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២។

លោក អេបេ គឺជាមិត្តដ៏ល្អយូរអង្វែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងកម្ពុជា។

នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ខ្លួន លោកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន។

ក្នុងនោះ រួមទាំងការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ ២០១៣។

លោកត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងទូលំទូលាយ ចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្រ្តី រំពឹងនឹងជួបជាមួយសមភាគីបរទេសរបស់សម្ដេច និងទទួលការជួបសម្តែងការគួរសមពីសំណាក់ឥស្សរជនជប៉ុន ផងដែរ៕

ដកស្រង់ពី៖កម្ពុជាថ្មី