Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័ត៌មានជាតិរដ្ឋមន្ត្រីកសិកម្ម៖ ឧស្សាហកម្មកសិ-ចំណីអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច

  • បោះពុម្ព

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ឧស្សាហកម្មកសិ-ចំណីអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច ហើយក៏ជាស្ពានតភ្ជាប់ដ៏សំខាន់រវាងកសិករ អ្នកផលិត និងអ្នកប្រើប្រាស់ចុងក្រោយផងដែរ។

ថ្លែងក្នុងវេទិកាអន្តរជាតិស្តីពី សុវត្ថិភាពចំណីអាហារ នៅស្នាក់ការកណ្តាលរបស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) នៅទីក្រុងវីយេន ប្រទេសអូទ្រីសកាលពីថ្ងៃទី០៣ តុលា លោករដ្ឋមន្ត្រីបានបន្តថា ទោះជាយ៉ាងណា

ការអភិវឌ្ឍឧស្សាហកម្មកសិ-ចំណីអាហារកម្ពុជានៅមានបញ្ហាប្រឈមមុខមួយចំនួនដូចជាមានកម្រិតនៃគ្រឿងបរិក្ខារកែច្នៃ លទ្ធភាពទទួលបានបច្ចេកវិទ្យា គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ

និរន្តរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមនៅមានកម្រិត និងការយល់ដឹងជាសាធារណៈអំពីស្តង់ដារសុវត្ថិភាពចំណីអាហារ និងបញ្ហាទាក់ទងនឹងភូតគាមអនាម័យ (SPS)។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ដើម្បីដោះស្រាយទៅកាន់បញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដោយបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ការវិនិយោគក្នុងវិស័យកសិកម្ម

ទាំងការដាំដុះ ការចិញ្ចឹមសត្វ និងត្រី ការកែច្នៃ ការវេចខ្ចប់ក្រោយប្រមូលផល ដោយប្រកាន់យកការលើកកម្ពស់ខ្សែច្រវាក់តម្លៃពេញលេញជាខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការជំរុញការធ្វើទំនើបកម្មកសិកម្ម ជាមួយនឹងសុវត្ថិភាពចំណីអាហារ និងស្តង់ដារនាំចេញអន្តរជាតិជាអាទិភាព។

លោករដ្ឋមន្ត្រីបានបន្ថែមថា សុវត្ថិភាពចំណីអាហារគឺជាកង្វល់ដ៏សំខាន់ និងជាទិដ្ឋភាពប្រឈមសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា។

ផ្ទុយទៅវិញ ដោយមានជំនួយពីបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថលនេះ កម្ពុជាកំពុងធ្វើការកែលម្អជាបន្តបន្ទាប់លើបញ្ហានេះ ដូចជាការផ្លាស់ប្តូរព័ត៌មាន និងទិន្នន័យអាហារកំពុងត្រូវបានចែករំលែកដោយប្រើបច្ចេកវិទ្យា block chain ជាមួយនឹង QR code និង E-Phytosanitary certificate ក៏ត្រូវបានកំពុងរៀបចំឡើង។

លើសពីនេះ កម្មវិធីទូរស័ព្ទដែលរំលេចផលប៉ះពាល់ និងការណែនាំអំពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតប្រកបដោយសុវត្ថិភាពក៏ត្រូវបានដាក់ឱ្យដំណើរការ ហើយប្រព័ន្ធត្រួតពិនិត្យ និងតាមដានតាមប្រព័ន្ធឌីជីថលនៅក្នុងផលិតផលជលផលក៏ត្រូវបានបង្កើតឡើង និងអនុវត្តផងដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺឆ្លងសកលកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីសង្គ្រាមរុស្សី និងអ៊ុយក្រែន បាននិងកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន ធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍កសិកម្ម និងពាណិជ្ជកម្មស្បៀងអាហារទូទាំងពិភពលោក។

លោករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រទេសជាសមាជិកគួរសហការ គាំទ្រគ្នាទៅវិញទៅមក ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ទន្ទឹមនឹងនេះ វិទ្យាសាស្ត្រ ឌីជីថលភាវូបនីយកម្ម បច្ចេកវិទ្យាជឿនលឿន និងការអប់រំក្នុងវិស័យកសិកម្ម ជាពិសេសទៅកាន់ប្រទេសដែលកំពុងអភិវឌ្ឍន៍ក៏ត្រូវចាត់ទុកជាអាទិភាពផងដែរ ដែលទាំងអស់នេះបានបញ្ជាក់ថានឹងជួយរក្សាបាននូវការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយស្ថិរភាព លើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម និងធានាសុវត្ថិភាពចំណីអាហារ និងសន្តិសុខស្បៀងក្នុងស្រុក និងអន្តរជាតិ។

លោក Gerd Muller អគ្គលេខាធិការអង្គការ UNIDO បានថ្លែងថា វេទិកាអន្តរជាតិស្តីពី “សុវត្ថិភាពចំណីអាហារ” ដែលបាននិងកំពុងដំណើរការនាពេលនេះ គឺក្នុងបំណងសំខាន់រួមគ្នាគិតគូរ ដោះស្រាយឲ្យបានទាន់ពេលវេលា ច្បាស់លាស់ និងមានប្រសិទ្ធភាពចំពោះវិបត្តិសន្តិសុខស្បៀង ភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារដែលពិភពលោកកំពុងប្រឈម។

លោកអគ្គលេខាធិការ បានអំពាវនាវឲ្យគ្រប់បណ្តាលប្រទេសសមាជិក ត្រូវតែសហការគ្នាដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា

និងមានប្រសិទ្ធភាពតាមរយៈបង្កើនផលិតភាពផលិតកម្ម ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប លើកកម្ពស់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងសុវត្ថិភាពចំណីអាហារ និងការប្រែប្រួលអាកាសធាតុ៕

ដកស្រង់ពី៖ កម្ពុជាថ្មី