បណ្តាញសង្គម

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ស្នើរដ្ឋាភិបាលឥណ្ឌា ឲ្យបញ្ឈប់ជាស្ថាពរនូវការសាងសង់ប្រាសាទ យកគំរូតាមប្រាសាទអង្គរវត្ត

(ភ្នំពេញ)៖ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោក ហោ ណាំហុង នៅ ព្រឹកនេះ បានស្នើទៅរដ្ឋាភិបាល ឥណ្ឌា  ឲ្យបញ្ឈប់ជាស្ថាពរ នូវការសាងសង់ប្រាសាទ ដែលចម្លងតាម រចនាបថ របស់ប្រាសាទ អង្គរវត្ត ។

ការស្នើសុំរបស់ ប្រមុខការ ទូតកម្ពុជា បានធ្វើឡើងក្នុង ឱកាសដែលរូបលោក អនុញ្ញាតឲ្យ លោក Dinessh K. Patnaik ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ចប់អាណត្តិការងារ អញ្ជើញចូលជួប សម្តែងការគួរសម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥នេះ ។ ថ្លែងប្រាប់ក្រុម អ្នកព័ត៌មាន នៅក្រោយជំនួប សំណេះសំណាលនេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស បានឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានវាយតម្លៃខ្ពស់ ចំពោះចំណាត់ការ របស់រដ្ឋាភិបាល ឥណ្ឌា ដែលបានផ្អាកការ សាងសង់ប្រាសាទ របស់ក្រុមហ៊ុនឥណ្ឌា ដោយយកគំរូ និងចម្លងរចនាបទ តាមប្រាសាទ អង្គរវត្តរបស់ខ្មែរ ។

បើតាមលោក ជុំ សុន្ទរី ក្នុងជំនួប សំណេះសំណាលនោះ លោក ហោ ណាំហុង នៅចំពោះមុខលោក Dinessh K. Patnaik បានលើកឡើងថា ប្រាសាទអង្គវត្ត ជានិមិត្តរូប របស់ជាតិកម្ពុជា ហើយស្នើរដ្ឋាភិបាលឥណ្ឌា ឲ្យបញ្ឈប់ការសាងសង់នេះ ជាស្ថាពរតែម្តង ។ ជាកិច្ចឆ្លើយតប លោក Dinessh K. Patnaik បានសន្យាលើក យកសំណើនេះ ទៅជម្រាបជូនដល់ ថ្នាក់ដឹកនាំ រដ្ឋាភិបាលឥណ្ឌា ។

ក្រុមហ៊ុនរបស់ ឥណ្ឌា មួយកាលពីពេលថ្មីៗនេះ បានបង្ហាញ គម្រោងសាងសង់ ប្រាសាទ របស់សាសនាហិណ្ឌូ ដ៏ធំជាងគេលើ ពិភពលោក របស់មូលនីធិ Virat Ramayan Mandir ស្ថិតនៅតាមបណ្តោយផ្លូវ Kesariya-Chakia ក្នុងស្រុក Champaran ចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ ពីរដ្ឋធានី របស់ឥណ្ឌា ។ វិមានសាសនាធំ ជាងគេលើពិភពលោក ដែលប្រកាសដោយ ប្រទេសឥណ្ឌា ជាប្រាសាទមួយ មានលក្ខណៈស្រដៀង  ទៅនឹងប្រាសាទ អង្គរវត្តខ្មែរ គ្រោងប្រើរយៈពេល សាងសង់ជិត ១០ឆ្នាំ ហើយនឹង បញ្ចប់នៅឆ្នាំ ២០២៣ ។

ប្រាសាទនេះ មានឈ្មោះ Virrat Ramayan Mandir មានកម្ពស់ ១១៥ម៉ែត្រ មានកំពូលចំនួន១៨ លាតសន្ធឹង លើដីទំហំជាង ៨០ហិចតា ស្ថិតនៅរដ្ឋBihar ជាតំបន់ក្រីក្រមួយ របស់ប្រទេសឥណ្ឌា ។ ទោះបីជាយ៉ាងណា ការសាងសង់នេះ ត្រូវបានផ្អាកទៅវិញ ហើយកាលពីដើម ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទាប់ពីមានការ ប្រតិកម្ម ពីភាគីកម្ពុជា ។ នៅក្នុងលិខិត ប្រតិកម្មផ្ញើ ជូនរដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកការសាងសង់ ចម្លងតាមប្រាសាទអង្គរវត្តខ្មែរ ពីសំណាក់ក្រុមហ៊ុនឥណ្ឌា ដើម្បីផលប្រយោជន៍ពាណិជ្ជកម្មនោះ គឺជាការ បំពានយ៉ាងធ្ងន់ធ្ងរ ដល់សម្បតិ្តបេតិកភណ្ឌ ពិភពលោក ដែលមានតម្លៃមនុស្ស ជាតិលេចធ្លោជាសកល ៕ 

ដកស្រង់ពី៖ដើមអម្ពិល