Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងការងារ៖ ការធ្វើទេសន្តរប្រវេសន៍ ដើម្បីស្វែងរកការងារធ្វើ គឺជាចរន្តសកលមួយ ដែលជះឥទ្ធិពល ស្ទើរគ្រប់ប្រទេស

  • បោះពុម្ព

ភ្នំពេញ៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានថ្លែងថាៈ ដោយសារការធ្វើទេសន្តរប្រវេសន៍ការងារ ជាបាតុភូតសង្គម ដែលមិនអាចលុបបំបាត់បាន ការការពារ និងលើកកម្ពស់សិទ្ធិរបស់ ពលករទេសន្តរប្រវេសក៍ គឺជាកិច្ចការដ៏ មានសារៈសំខាន់ និងចាំបាច់បំផុត។

ការថ្លែងរបស់លោក រដ្ឋមន្រ្តីក្រសួងការងារបែបនេះ ធ្វើឡើងក្នុងពិធីបើកវេទិកាអាស៊ាន ស្តីពីទេសន្តរប្រវេសន៍ការងារ លើកទី១៥ ក្រោមមូលបទ “ការបើកដំណើរការឡើងវិញ នៃទេសន្តរប្រវេសន៍ការងារ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់” ដែលរៀបចំនៅសណ្ឋាគារ ភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ 

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថាៈ ក្នុងនាមជារដ្ឋសមាជិកអាស៊ាន កម្ពុជាបានដាក់ចេញ នូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ដើម្បីគាំពារសិទ្ធិ និងអត្ថប្រយោជន៍ ទាំងពលករទេសន្តរប្រវេសក៍កម្ពុជា ដែលទៅធ្វើការនៅបរទេស ទាំងពលករទេសន្តរប្រវេសក៍បរទេស ដែលមកធ្វើការនៅកម្ពុជា។

ទន្ទឹមនឹងនេះ កម្ពុជា បានធ្វើ និងកំពុងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារ ជាមួយបណ្តាប្រទេសនានា ទាំងនៅក្នុង និងក្រៅតំបន់អាស៊ាន ផងដែរ។

លោកបានមានប្រសាសន៍ថាៈ ប្រមុខរដ្ឋាភិបាល នៃបណ្តារដ្ឋសមាជិកអាស៊ាន បានដាក់ ចេញ និងអនុម័តនូវសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិ ពលករទេសន្តរប្រវេសន៍ ក្នុងឆ្នាំ២០០៧ និងឯកច្ឆន្ទភាពអាស៊ាន ស្តីពីការការពារ និង ការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ ក្នុងឆ្នាំ២០១៧។

តាមរយៈសេចក្តីថ្លែងការណ៍ខាងលើ គណៈកម្មការសម្រាប់អនុវត្តសេចក្តីថ្លែងការណ៍ អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ (ACMW) ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៧ ដើម្បីអនុវត្តសកម្មភាព/គម្រោងនានា ក្នុងការលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ របស់ពលករទេសន្តរប្រវេសក៍។

ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងបញ្ជាក់ឱ្យដឹងថាៈ “សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករ ទេសន្តរប្រវេសក៍ ក្នុងតំបន់អាស៊ាន” ដែលជាគំនិតផ្តួចផ្តើមរបស់ ក្រសួងការងារ

និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអាណត្តិកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ ទើបតែទទួលបានការឯកភាព ដោយកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ថ្មីៗនេះ ហើយនឹងត្រូវដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ ដើម្បីអនុម័ត និងប្រកាស នៅក្នុងខែវិច្ឆិកា ខាងមុខនេះ។

សេចក្តីថ្លែងការណ៍នេះ ជាសមិទ្ធិផលដ៏សំខាន់មួយទៀត របស់អាស៊ាន និងជាការបោះ ជំហានដ៏ធំ ឆ្ពោះទៅកាន់ការធ្វើចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍អាស៊ាន ស្របតាមស្មារតី នៃសេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍។

លោក អ៊ិត សំហេង បានបញ្ជាក់ថាៈ ទោះបីជាជំងឺកូវីដ-១៩ មានស្ថានភាពល្អប្រសើរ ជាបន្តបន្ទាប់ក៏ដោយ វាជាការចាំបាច់ជាងពេលណាៗទាំងអស់ ដែលយើងទាំងអស់គ្នា ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើសុខុមាលភាពពលករទេសន្តរប្រវេសន៍

ដោយឈលើមូលដ្ឋានថា ការអនុវត្តសិទ្ធិការងារ និងកិច្ចគាំពារសង្គម សម្រាប់ពលករ ទេសន្តរប្រវេសក៍ គឺជាការអនុវត្តសិទ្ធិមនុស្ស។ យ៉ាងណាមិញ ការបើកដំណើរការឡើងវិញ នៃទេសន្តរប្រវេសន៍ការងារ ក្នុងតំបន់អាស៊ាន ដែលមានការងារសមរម្យ បរិយាប័ន្ន និងយុត្តិធម៌សង្គម ស្របតាមគន្លងប្រក្រតីភាពថ្មី ក៏ជាកិច្ចការដ៏សំខាន់ដែលត្រូវធ្វើផងដែរ។

ក្នុងពិធីនេះដែរ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដល់វេទិកាទាំងមូល ឱ្យខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចពិភាក្សា ហើយចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ដើម្បីសម្រេចឱ្យបាននូវ

ការដាក់ចេញអនុសាសន៍ របស់វេទិកាអាស៊ានលើកទី១៥ នេះ សម្រាប់គណៈកម្មការ ACMW យកទៅធ្វើជាធាតុចូល ក្នុងការរៀបចំសកម្មភាពការងារ របស់ខ្លួន ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការស្តារឡើងវិញ

នៃទេសន្តរប្រវេសន៍ការងារ បន្ទាប់ពីវិបត្តិកូវីដ-១៩ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ របស់អាស៊ានបន្ថែមទៀត៕

ដកស្រង់ពី៖ រស្មីកម្ពុជា