Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធាន គ.ជ.ប៖ ការចុះឈ្មោះបោះឆ្នោតថ្មីដំណើរការល្អតាមការគ្រោងទុក ខណៈ១១ថ្ងៃមកនេះ មានពលរដ្ឋគ្រប់អាយុចុះឈ្មោះជាង១៥ម៉ឺននាក់

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នៅទូទាំងប្រទេស គឺមានដំណើរល្អតាមការគ្រោងទុក ហើយសម្រាប់រយៈពេល១១ថ្ងៃដំបូងនេះ មានប្រជាពលរដ្ឋគ្រប់អាយុ១៥ម៉ឺននាក់ហើយ បានមកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។

បើតាម លោក ប្រាជ្ញ ចន្ទ, សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២នេះ គឺមានល្បឿនលឿនជាងឆ្នាំមុនបន្តិច ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងច្រើនចំពោះ សារៈប្រយោជន៍នៃការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យដំណើរការឈ្មោះបោះឆ្នោតឆ្នាំ២០២២ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទីទី៣១ ខែតុលា ឆ្នាំ២០២២នេះ ប្រធាន គ.ជ.ប បានឱ្យដឹងយ៉ាងដូច្នេះថា៖

«សន្ទុះនេះ គឺប្រដំប្រសងនឹងផែនការយើង ដែលផែនការតាមការប៉ាន់ស្មានមនុស្សដែលមកចុះឈ្មោះអាចក្នុងរង្វង់៤០ម៉ឺននាក់ ប៉ុន្តែមកដល់ថ្ងៃនេះ (៣១ ខែតុលា) បានជាង១៥ម៉ឺននាក់ហើយ តាមរយៈសន្ទុះនៃគឺអាចសម្រេចបានតាមផែនការគ្រោងទុក»។

បើទោះបីជាមានបញ្ហាមួយចំនួនដែលបង្កឡើងដោយសារទឹកជំនន់នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្តី ក៏ប៉ុន្តែវាមិនបានបង្អាក់ដំណើរដល់មន្ត្រីចុះឈ្មោះបោះឆ្នោត និងប្រជាពលរដ្ឋមកពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះដែរ។

ប្រធាន គ.ជ.ប បានបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញ គឺមានប្រជាពលរដ្ឋគ្រប់អាយុបានមកចុះឈ្មោះបោះឆ្នោតថ្មីច្រើនជាងគេ។

លោកក៏បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត ប្រញាប់ទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីឱ្យបានគ្រប់ៗគ្នា។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋខ្មែរ៖

* ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ

* ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

សូមចូលទៅកាន់គេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/voter-list-revision-2022 ដើម្បីពិនិត្យ មើលតារាងលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២៕

ដកស្រង់ពី៖ Fresh News