Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័ត៌មានជាតិថ្ងៃនេះកម្ពុជាដឹកនាំកិច្ចប្រជុំពិសេសគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស

  • បោះពុម្ព

នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន (អាយឆា) និងកិច្ចប្រជុំពាក់ព័ន្ធ ដោយផ្ទាល់នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានអាយឆា

នឹងដឹកនាំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់អាយឆា ដោយមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ប្រចាំអោយឆា និងលេខាធិការដ្ឋានអាស៊ាន។

កិច្ចប្រជុំពិសេសលើកទី២ របស់អាយឆានេះ នឹងធ្វើការពិនិត្យ និងពិភាក្សាលើឯកសារទស្សនទាននៃសកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០១៩-២០២២

បច្ចុប្បន្នភាពនៃសកម្មភាពអាទិភាពរបស់អាយឆាពីឆ្នាំ២០១៤-២០២២ របាយការណ៍សកម្មភាពនានាដែលបានអនុវត្តរួចហើយ វឌ្ឍនភាពនៃកម្មវិធីនានាដែលមិនទាន់បានអនុវត្ត និងឯកសារសំខាន់ៗមួយចំនួនទៀត។

បន្ថែមលើនេះ លោក កែវ រ៉េមី ប្រធានអាយឆាសម្រាប់ឆ្នាំ២០២២ ក៏នឹងដឹកនាំគណៈប្រតិភូអាយឆាចូលរួមកិច្ចប្រជុំដាច់ដោយឡែករវាងអាយឆា និងអង្គការសហប្រជាជាតិ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការរបស់អាយឆា

និងអង្គការសហប្រជាជាតិ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ាន។ បន្ទាប់មក កម្ពុជា នឹងប្រគល់តួនាទីជាប្រធានអាយឆាឆ្នាំ២០២៣ ជូនទៅតំណាងឥណ្ឌូណេស៊ីប្រចាំអាយឆា។

ដោយឡែក នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ អាយឆាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីអបអរសាទរខួបលើកទី១០ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញស្ដីពីការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន ដែលជាឧបករណ៍ស្នូលនៃការការពារ និងលើកកម្ពស់សិទ្ធិមនុស្សរបស់អាស៊ាន។

នៅថ្ងៃទី១៩ ខែវិច្ឆិកា អាយឆាកម្ពុជា និងអាយឆាឥណ្ឌូណេស៊ី នឹងធ្វើជាសហប្រធាននៃកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សអាស៊ានឆ្នាំ២០២២ ផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី