Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បន្ទប់ ៣.៥៧៦បន្ទប់ បើកទ្វារទទួលសិស្ស ជិត ៩ម៉ឺននាក់ ប្រលងបាក់ឌុប ក្រោមលក្ខខណ្ឌ និងយាមកាមដ៏តឹងរឹង

  • បោះពុម្ព

ភ្នំពេញ៖ នៅវេលាម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០១៥ ទ្វារបន្ទប់សាលារៀន នៅទូទាំងប្រទេស ចំនួន ៣.៥៧៦បន្ទប់ ត្រូវបានបើកហើយ ដើម្បីទទួលសិស្ស ៨៨.៤៨៨នាក់ ប្រកួតប្រជែងចំណេះដឹង ក្រោមការយាមកាម យ៉ាងតឹងរឹងបំផុត ។

ការប្រឡងមធ្យមសិក្សា ទុតិយភូមិ ហៅថា បាក់ឌុប ឆ្នាំ២០១៥ ដែលជាឆ្នាំទី២ នៃការដឹកនាំ ក្រសួងអប់រំ ដោយលោក រដ្ឋមន្រ្តី ហង់ ជូនណារ៉ុន លក្ខខណ្ឌ នៃការប្រលង នៅតែរក្សាក្រិតក្រម តឹងរឹងដដែល ពោលមិនឲ្យប្រ៊ីយ៉ុង លួចចម្លង ឬប្រើឧបករណ៍ អេឡិចត្រូនិចឡើយ ចំពោះសិស្ស ល្មើសលក្ខខណ្ឌ នឹងធ្លាក់ដោយ ស្វ័យប្រវត្តិ ឬអាចឈានដល់ពិន័យ មិនឲ្យប្រឡង នៅឆ្នាំបន្ទាប់ថែមទៀតផងដែរ ។

សម្រាប់ការបើកទ្វារ ប្រលងនៅថ្ងៃដំបូង ក្រោមការធ្វើកំណែទម្រង់លើវិស័យអប់រំដ៏ម៉ឹងម៉ាត់នេះ ឯកឧត្តមរដ្ឋមន្រ្តី ហង់ ជូនណារ៉ុន បានអញ្ជើញទៅ កាត់វិញ្ញាសារ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាផងដែរ។

អ្នកនាំពាក្យ ក្រសួងក្រសួងអប់រំ លោក រស់ សាលីន បានឲ្យដឹងថា ការប្រឡងនៅឆ្នាំនេះ មានការយាមកាម យ៉ាងតឹងរឹងបំផុត ក្នុងនោះក្រសួង បានប្រើកម្លាំង មន្រ្តីរបស់ខ្លួន រហូតដល់ ១២.០៤៥នាក់ អង្គភាពប្រឆាំង អំពើពុករលួយ ប្រើកម្លាំងចូលរួម សង្កេតការណ៍ ៥.៦២៥នាក់ សហភាពសហព័ន្ធ យុវជនកម្ពុជា ១.១១៧នាក់ ខណៈដែលកម្លាំង សមត្ថកិច្ចត្រូវបាន ដាក់យាមនៅជុំវិញ បរិវេណប្រឡងផងដែរ ។

បើតាមលោក រស់ សាលីន កន្លែងរកស៊ី ថតចម្លងឯកសារ ដែលមានទីតាំង នៅជិតមណ្ឌលប្រឡង ក៏ត្រូវបានបិទ បណ្តោះអាសន្ន រហូតដល់ការប្រឡង បញ្ចប់សព្វគ្រប់ ។ មន្រ្តីពេទ្យ រថយន្តសង្រ្គោះជាតិ ក៏ត្រូវបានដាក់ពង្រាយ នៅគ្រប់មណ្ឌលប្រឡង ទូទាំងប្រទេសផងដែរ ត្រៀមជួយ សង្រ្គោះសិស្ស មានបញ្ហាសុខភាព នៅពេលប្រលង ។

មុខវិជ្ជាដែលប្រលង នៅថ្ងៃចន្ទនេះ រួមមាន ភូមិវិទ្យា ប្រវត្តិវិទ្យា ជីវវិទ្យា និងភាសាបរទេស ។ សម្រាប់ថ្ងៃអង្គារវិញ មានមុខវិជ្ជា គណិតវិទ្យា សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សសាស្រ្តខ្មែរ ។ ឯកឧត្តម ហង់ ជូនណារ៉ុន ធ្លាប់បានបញ្ជាក់ថា សិស្សនឹងធ្លាក់ ដោយស្វ័យប្រវត្តិ ប្រសិនបើពួកគេ ធ្វើល្មើសលក្ខខណ្ឌ ចំនួន៥ ដែលក្រសួងបានកំណត់ ។ 

លក្ខខណ្ឌទាំង ៥នោះរួមមាន៖

១. លួចយកសៀវភៅ សំណៅឯកសារ លូចចម្លង ប្រើទូរស័ព្ទ និងឧបករណ៍ អេឡិចត្រូនិកផ្សេងៗ នៅក្នុងមណ្ឌល ប្រឡង

២. ការពិនិត្យឃើញថា សន្លឹកកិច្ចការរបស់បេក្ខជន អង្គុយជិតគ្នា មានខ្លឹមសារដូចគ្នា រកឃើញថា លួចចម្លងគ្នា ឬសន្លឹក កិច្ចមានខ្លឹមសារ ដូចគ្នាទាំងស្រុង ទៅនឹងសំណៅឯកសារ ដែលសរសេរទុកមុន ឬដូចទៅនឹង ឯកសារបង្ហោះតាម ហ្វេសប៊ុក ជាដើម  

៣. ផ្តល់សន្លឹកកិច្ចការ ទៅមិត្តភក្តិចម្លង បោះឯកសារទៅក្រៅ បន្ទប់ប្រឡង ធ្វើជាមេខ្លោង ប្រមូលលុយឲ្យគ្រូ (ចំណុចនេះ មិនត្រឹមតែឲ្យធ្លាក់ ដោយស្វ័យប្រវត្តិនោះទេ ថែមទាំងមិនអនុញ្ញាត ឲ្យប្រឡងនៅឆ្នាំ បន្ទាប់ថែមទៀត)

៤. យកអាវុធជាតិផ្ទុះ ចូលក្នុងបន្ទប់ប្រឡង ឲ្យអ្នកដទៃ ប្រឡងជំនួស ឬ ធ្វើឲ្យខូចខាត ឧបករណ៍សម្ភារៈ ក្នុងបន្ទប់ប្រឡង (ចំណុចនេះ ឲ្យធ្លាក់ដោយស្វ័យប្រវត្តិ ហើយមិនអនុញ្ញាត ឲ្យប្រឡងរយៈពេលពីរឆ្នាំ បន្តបន្ទាប់គ្នា)

៥. ធ្វើឲ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយ ឬធ្វើជាក្លិប រៀបចំចម្លើយ និងបង្ករបួសស្នាម ទៅលើមន្រ្តីអនុរក្ស (ចំណុចនេះ ធ្លាក់ដោយស្វ័យប្រវត្តិ ហើយត្រូវប្រឈមមុខ និងច្បាប់) ។

លក្ខខណ្ឌមិនមែនដាក់ រឹតបន្តឹងតែលើ បេក្ខជនប្រឡងនោះទេ បុគ្គលិកសិក្សា របស់ក្រសួងអប់រំ ដែលទៅធ្វើ ជាអនុរក្សក្នុងការប្រឡង ក៏មានលក្ខខណ្ឌដែរ ហើយបើធ្វើខុស នឹងប្រឈមការពិន័យ និងបញ្ឈប់ពីការងារ ។

ឯកឧត្តម ហង់ ជួនណារ៉ុន បានអំពាវនាវ ឲ្យបេក្ខជនប្រឡង និងលោកគ្រូ អ្នកគ្រូ ជាអនុរក្សទាំងអស់ ចូលរួមគោរពនូវលក្ខខណ្ឌ ដែលបានដាក់ចេញ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីនាំមកនូវ លទ្ធផលនៃការប្រឡងមួយ ដ៏ល្អប្រសើរ ៕