បណ្តាញសង្គម

ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបព្រឹកថ្ងៃទី២ ដំណើរការយ៉ាង មានរបៀបរៀបរយល្អ ខណៈបេក្ខជន មួយចំនួន ដួលសន្លប់

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាស តាមរយៈបណ្តាញ ទំនាក់ទំនងសង្គម Facebook ថា ព្រឹកនេះ ដំណើរការ នៃការប្រឡង សរសេរវិញ្ញាសាទី១ អក្សរសាស្ត្រ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងគណិតវិទ្យា សម្រាប់ថ្នាក់ វិទ្យាសាស្ត្រសង្គម នៅព្រឹកថ្ងៃទី២ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ប្រព្រឹត្តទៅដោយ ភាពស្ងៀមស្ងាត់ មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ នៅគ្រប់មណ្ឌលប្រឡង ទាំងអស់ទូទាំងប្រទេស ក្រោមសហការត្រួតពិនិត្យ និងសង្កេតការណ៍ ពីអ្នកសង្កេតការណ៍ និងដៃគូអភិវឌ្ឍវិស័យអប់រំនានា ។


បើទោះបី ការប្រឡងដំណើរការ រលូនយ៉ាងណាក្តី ក៏មានបេក្ខជន ប្រឡងសញ្ញាបត្រនេះ មួយចំនួនបានខ្យល់គ ដួលសន្លប់ផងដែរ ។ ជាក់ស្តែង បេក្ខជន ម្នាក់បាន សន្លប់ឈ្មោះ ផេត មករា ភេទស្រី ឆ្នាំកំណើត ១៩៩៦ មណ្ឌលប្រលង វត្តកោះខាងជើង បន្ទប់លេខ២១  តុលេខ៥០៨ នៅម៉ោង ៨និង១៥នាទីព្រឹក ត្រូវបានក្រុមជួយសង្គ្រោះ បញ្ជូនទៅទេព្យ សម្ភពក្រុង ។

ជាមួយគ្នានេះ នៅខេត្តបន្ទាយមានជ័យ ក្នុងមណ្ឌលវិទ្យាល័យ អូរអំបិល បេក្ខជន បន្ទប់លេខ២៧ តុលេខ៦៥៧ ឈ្មោះ យ៉ន សុធា ខ្យល់គ ។ ដោយឡែក សេចក្តីរាយកាណ៍ពី ខេត្តសៀមរាប និងខេត្តព្រៃវែង ក៏មានករណីបេក្ខជន ប្រឡងខ្យល់គ ផងដែរ ។

លើសពីនេះ មិនត្រឹមតែបេក្ខជនទេ ដែលខ្យល់គ វិលមុខនោះ សូម្បីតែអ្នកគ្រូ និងលោកជាអនុរក្ស នៅមណ្ឌលវិទ្យាល័យ អូរអំបិល ខេត្តបន្ទាយ មានជ័យ ខ្យល់គ ក្តៅខ្លួន វិលមុខ និងត្រូវបានយកចិត្តទុកដាក់ តានដានសុខភាព ពីលោកគ្រូពេទ្យ ប្រចាំមណ្ឌលប្រឡង ផងដែរ ៕