Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រយៈពេល១០ខែ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាង កម្ពុជា-កូរ៉េ សម្រេចបានជាង ៦៥០ លានដុល្លារ កើនឡើង ៤ ភាគរយ

  • បោះពុម្ព

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថាៈ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្ម សម្រេចបាន ៦៥៩ លានដុនល្លារអាម៉េរិក គឺកើនឡើងដល់ ៤% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសទទួលជួបការងារ និង ជម្រាបលារបស់លោក ផាក ហ៊ឹងខ្យង់ (PARK HEUNG-KYENONG) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា

ដែលត្រូវបញ្ចប់អាណត្តិ កាលពីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ នៅទីស្តីការក្រសួង បានសម្ដែងការអរគុណចំពោះ

លោកឯកអគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្ម ដ៏ជោគជ័យនៅកម្ពុជា ជាពិសេស បានជួយសម្របសម្រួល ក្នុងការចរចាឱ្យសម្រេចបាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីកម្ពុជា-កូរ៉េ ដែលទើបបានចូលជាធរមាន នាថ្ងៃទី១ ខែធ្នូ កន្លងទៅនេះ។បន្ថែមពីនេះ លោករដ្ឋមន្ត្រី

បានជម្រាបជូនអំពី ទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេស ទាំងពីរ ហាក់មានផលវិជ្ជមាន គួរឱ្យកត់សម្គាល់ ដោយក្នុងនោះ មានការកើនឡើង ដល់ទំហំទឹកប្រាក់ប្រមាណ ៧៧២ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០ បើធៀបទៅនឹង ឆ្នាំ២០១៩ សម្រេចបានត្រឹមតែ ៧២៩ លានដុល្លារអាម៉េរិក គឺមានការកើនឡើង ប្រមាណ៦%។

ក្នុងន័យនេះដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី គ្រាន់តែពីរសប្តាហ៍ ក្នុងខែធ្នូ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សម្រេចបាន ០,៥ លានដុល្លារអាម៉េរិក។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្ដី ក៏បានអរគុណ និងកោតសរសើរ ចំពោះភាគីកូរ៉េ ខាងត្បូង នូវសមិទ្ធផលនានា ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា លើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែស្អិតរមួត និងរីកចម្រើន។

លោក ក៏បានសង្កត់ធ្ងន់ នូវការផ្តល់ជំនួយហិរញ្ញប្បទាន និងបច្ចេកទេសពីសំណាក់ រដ្ឋាភិបាល និងប្រជាជនកូរ៉េ ក្នុងការគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានា ដើម្បីជួយស្ដារ សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិ នៃជំងឺកូវីដ-១៩ ក្នុងនោះ រួមមាន ការកសាងស្ពាន មិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ។

លោកបានបន្តទៀតថាៈ ក្រសួងពាណិជ្ជកម្មកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើ ការយ៉ាងជិតស្និទ្ធ ជាមួយលោកឯកអគ្គរដ្ឋទូតថ្មី សំដៅបន្តកិច្ចសហប្រតិបត្តិការ ដើម្បីឈានដល់សម្រេចបាន នូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្រ្តី ដែលបានឆ្លៀតពេល ដ៏មមាញឹកទទួលជួប ក្នុងពេលនេះ និងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង ដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការផ្លាស់ប្តូរធនធានមនុស្ស។

ជាមួយគ្នានេះ លោកក៏បាន ថ្លែងអំណរគុណចំពោះកម្ពុជា ដែលធ្លាប់បានផ្តល់ការគាំទ្រកូរ៉េ ជាបេក្ខភាពអគ្គនាយក អង្គការពាណិជ្ជកម្មអន្តរជាតិ កាលពីឆ្នាំ២០២១ កន្លងទៅ។

លើសពីនេះទៀត លោកឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរ និងថ្លែងកោតសរសើរ ចំពោះភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ ២០២២ ជាពិសេសបានកោតសរសើរ ចំពោះលោករដ្ឋមន្រ្តីផ្ទាល់ ដែលបានទទួល ជោគជ័យ ក្នុងការធ្វើជាប្រធាន កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលទទួលបានលទ្ធផល គួរជាទីមោទនៈ។

លោក បានវាយតម្លៃខ្ពស់ និងមានជំនឿចិត្តថា ការចូលជាធរមាន នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា នឹងបង្កើន

ទំនុកចិត្ត និងជំរុញបន្ថែមទៀត នូវការវិនិយោគ និងធុរកិច្ចកូរ៉េ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិ ការ ឱ្យកាន់តែជិតស្និទ្ធិ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

ដកស្រង់ពី៖ រស្មីកម្ពុជា