Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួន​សត្វ​ត្រយង​ចង្កំ​កស និង​សត្វ​ស្លាប​ដ៏​កម្រ​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​កំពុងមាន​និន្នាការ​កើនឡើង​

  • បោះពុម្ព

នំពេញ៖ មន្ត្រីនៃក្រសួងបរិស្ថាន និង ដៃគូ កំពុងបានបង្ហាញមោទកភាពបន្ទាប់ពីរកឃើញនៃចំនួនសត្វត្រយងចង្កំកស និងសត្វស្លាបដ៏កម្រមួយចំនួនទៀតកំពុង មាននិន្នាការកើនចំនួនឡើងរួចមក។

គួរបញ្ជាក់ថា៖សត្វត្រយងចង្កំកសគឺជាប្រភេទសត្វស្លាបដ៏កម្របំផុតនៅលើពិភពលោក ហើយមានការប្រឈមនឹងហានិភ័យខ្ពស់នៃការផុតពូជជាសកល ប្រសិនបើកត្តាគំរាមកំហែងនានានៅតែបន្តកើតមាន ក្នុងនោះមានការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។

ចំនួនប្រជាសាស្ត្រជាសកលនៃសត្វស្លាបប្រភេទនេះមានចំនួនប្រហែល១.០០០ក្បាលតែប៉ុណ្ណោះ។

ការធ្វើជំរឿនទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ បានកត់ត្រាចំនួន ៧៩២ក្បាល ដែលស្មើនឹង ៨០ភាគរយនៃរបាយលើពិភពលោក។

សត្វត្រយងចង្កំកស (Pseudibis davisoni) ត្រូវបានគេប្រទះឃើញនៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍ ប៉ុន្តែសព្វថ្ងៃនេះ គេប្រទះឃើញ ប្រភេទសត្វសត្វត្រយងចង្កំកស មានវត្តមាននៅតំបន់ព្រៃរល្បោះភាគខាងជើង និងខាងកើតនៃប្រទេសកម្ពុជា និងចំនួនរបាយផ្សេងទៀតត្រូវបានគេរកឃើញនៅលើកោះ Borneo នៃឧបទ្វីបអាស៊ីខាងត្បូង។

សត្វត្រយងចង្កំកសត្រូវបានគេចាត់ចូលជាប្រភេទរងគ្រោះជិតផុតពូជក្នុងបញ្ជីក្រហម IUCN Red List។

នៅក្នុងឆ្នាំ២០១៩ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងក្រុមអង្គការអភិរក្ស បានរួមគ្នាចាប់ផ្តើម អង្កេតតាមដានចំនួនសត្វត្រយងចង្កំកសនៅក្នុងប្រទេសកម្ពុជា ដោយធ្វើការរាប់ចំនួនសត្វនៅក្នុងរដូវវស្សា។

ការរាប់នេះត្រូវបានធ្វើឡើងជារៀងរាល់ខែចាប់ពីខែកក្កដា ដល់ខែតុលា ដោយធ្វើការរាប់ចំនួននៅពេលសត្វហើរចូលទ្រនំ នៅពេលល្ងាច និងរាប់ចំនួននៅពេលសត្វហើរចាកចេញពីទ្រនំនៅព្រឹកបន្ទាប់។

ការធ្វើបែបនេះជាការប៉ាន់ប្រមាណចំនួន និងការបម្រែបម្រួលចំនួនប្រជាសាស្ត្រនៃប្រភេទសត្វនេះ។

ចំនួនខ្ពស់បំផុតត្រូវបានរាប់ក្នុងឆ្នាំ២០១៣ ដែលបានកត់ត្រាសត្វស្លាបប្រភេទនេះចំនួន ៩៧៣ក្បាល និងមានការកត់ត្រាទាបបំផុតត្រឹមចំនួន៥៣១ក្បាល ក្នុងឆ្នាំ២០១៨ គឺមានការថយចុះប្រមាណ ៤៧ភាគរយ។

ក្នុងកំឡុងពេលនៃការថយចុះនេះ ប្រទេសកម្ពុជាបានទទួលរងនូវការបាត់បង់ព្រៃឈើកម្រិតខ្ពស់ ពិសេសនៅទីតាំងសម្បទានដីសេដ្ឋកិច្ច។

ការបាត់បង់ទីជម្រកគួបផ្សំនឹងមានការរំខាននៅកន្លែងសំបុកពងកូន និងទ្រនំរកចំណី បានជះឥទ្ឋិពលយ៉ាងខ្លាំងដល់ការធ្លាក់ចុះនៃរបាយសត្វប្រភេទនេះក្នុងប្រទេសកម្ពុជា។

នៅឆ្នាំ២០២២ ជាឆ្នាំទី៤ ដែលបានបង្ហាញពីចំនួននៃការធ្វើជំរឿនបានកត់ត្រទិន្ន័យខ្ពស់បន្តបន្ទាប់គ្នា។

លទ្ឋផលនេះ គឺជាការលើកទឹកចិត្តដែលបានបង្ហាញថា ការអភិរក្សមានភាពល្អប្រសើរឡើង ទោះជានៅតំបន់ខ្លះមានការថយចុះ តែចំនួនសរុបមានការកើនឡើង។

ចំនួនខ្ពស់បំផុតត្រូវបានកត់ត្រានៅដែនជម្រកសត្វព្រៃសៀមប៉ាង (៣៧៧ក្បាល) និងនៅតំបន់ព្រៃលិចទឹកទន្លេមេគង្គ (៣២៦ក្បាល)។

ការរាប់ចំនួនផ្សេងទៀត ត្រូវបានធ្វើឡើងនៅតំបន់កោះស្រឡាយ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព លំផាត់ ស្រែពក និងភ្នំព្រេច។

ការធ្វើជំរឿនប្រចាំឆ្នាំ ត្រូវបានសម្របសម្រួលដោយក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា (CIWG) ដែលបានបង្កើតឡើងដោយ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC) ក្រុមហ៊ុន រ៉ាយហ្ស៊ីងហ្វីនិក(RP) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF)។

ទាក់ទិនក្នុងរឿងនេះលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដែលលទ្ធផលពេលនេះបានបង្ហាញពីការកើនឡើងនូវប្រភេទសត្វព្រៃមួយចំនួនក្នុងនោះមានសត្វត្រយងកង្កំកសផងដែរ។

នេះបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពនានារបស់ក្រសួងបរិស្ថាន និងអង្គការដៃគូ និងបង្ហាញពីភាពប្រសើរឡើងនៃការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ការយល់ដឹងរបស់ប្រជាពលរដ្ឋ ការផ្លាស់ប្តូរឥរិយាបថសាធារណជនចំពោះសត្វព្រៃ”។

លោក ប៊ូ វរសក្ស នាយកអង្គការធម្មជាតិនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាគាំទ្រដល់ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសច្រើនជាងគេនៅលើពិភពលោក លទ្ធផលជំរឿនក្នុងឆ្នាំ ២០២២នេះ បានបង្ហាញពីអនាគតដ៏ជោគជ័យ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា សូមថ្លែអំណរគុណចំពោះក្រសួងបរិស្ថាន ដែលបានដឹកនាំក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា។

យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រដល់ក្រុមការងារអភិរក្សនេះ ដើម្បីរៀបចំនិងអនុវត្តផែនការសកម្មភាពអភិរក្សសត្វត្រយងកម្ពុជាកុំឱ្យផុតពូជ»៕

ដកស្រង់ពី៖ រស្មីកម្ពុជា