Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាគ្រោងធ្វើពិធីស្វាគមន៍ទេសចរចិននៅអាកាសយានដ្ឋានយ៉ាងពិសេសមួយ នាពេលឆាប់ៗខាងមុខ

  • បោះពុម្ព

(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសបាន ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នោះមក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា ចាប់ផ្ដើមទទួលជើងហោះហើរពីចិនចាប់ពី៤-៥ជើងក្នុង១ថ្ងៃបណ្ដើរៗហើយ និងក្រសួងទេសចរណ៍ក៏គ្រោងរៀបចំពិធីស្វាគមន៍ភ្ញៀវទេសចរមកពីចិនដំបូងពិសេសមួយនាពេលឆាប់ៗខាងមុខ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១១ ខែមករា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងកំពុងសហការជាមួយរដ្ឋលេខាដ្ឋានអាកាសចរណ៍ស៉ីវិល ដើម្បីរៀបចំពិធីស្វាគមន៍ភ្ញៀវទេសចរមកពីចិនដំបូងយ៉ាងពិសេសមួយនាពេលឆាប់ៗខាងមុខ។

លោកថ្លែងថា «យើងកំពុងតែធ្វើការជាមួយខាងអាកាសចរណ៍ស៉ីវិល ដើម្បីមើលកម្មវិធីហោះហើរ ថាតើក្រោយថ្ងៃ៨មករា មានជើងហោះហើរណាថ្មី»។

លោករដ្ឋមន្ត្រីបានបន្តថា ចាប់ពីថ្ងៃទី៨ ខែមករា មានការហោះហើរពីប្រទេសចិនមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងចំនួនតិចនៅឡើយ គឺមានចាប់ពី៤-៥ជើងក្នុងមួយថ្ងៃប៉ុណ្ណោះ។

នៅខេត្តព្រះសីហនុនឹងចាប់ផ្ដើមការហោះហើរពីទីក្រុងគួនមីង ចាប់ពីថ្ងៃទី២០ ខែមករាតទៅ។ ដោយឡែកនៅឯខេត្តសៀមរាបមិនទាន់មានការហោះហើរមកពីប្រទេសចិននៅឡើយទេ។

លោក ថោង ខុន បានរំលឹកថា នៅមុនវិបត្តិជំងឺកូវីដ១៩ កម្ពុជាបានរៀបចំកិច្ចការច្រើនណាស់សម្រាប់ទទួលភ្ញៀវទេសចរចិន ក្នុងនោះនៅក្នុងប្រទេសគឺបានរៀបចំឱ្យមានសៀវភៅស China Ready ដើម្បីប្រើប្រាស់សម្រាប់ទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរចិន

គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវតែមានបុគ្គលិកចេះភាសាចិន សូម្បីតែនៅច្រកទ្វារអន្តរជាតិរបស់កម្ពុជាក៏មានមន្ត្រីនគរបាលអន្តោប្រវេសន៍ដែលចេះភាសាចិន ឬក៏មានជំនួយការដែលជួយបកប្រែភាសាចិនអមជាមួយ។

ម្យ៉ាងទៀតនៅក្នុងលិខិតទិដ្ឋការដែលបំពេញមុនចូលប្រទេសកម្ពុជា ក៏មានបន្ថែមនូវភាសាចិនផងដែរ។

ក្រៅពីនេះមានការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ភាសាចិនរាប់ម៉ឺននាក់ នៅក្រៅប្រទេសក៏មានការឃោសនាផ្សព្វផ្សាយទៅដល់ទីផ្សារទេសចរណ៍ចិន ពិសេសរាជរដ្ឋាភិបាលក៏បានសម្រេចឱ្យគ្រប់សេវាកម្មទេសចរណ៍ទាំងអស់អាចទទួល និងទូទាត់ប្រាក់យ័នរបស់ចិនបានថែមទៀត។

លោកថា ចាប់ពីពេលនេះ គឺត្រូវបន្តអនុវត្តការងារទាំងអម្បាលម៉ាននៅក្នុងសៀវភៅស China Ready ឱ្យបានល្អប្រសើរឡើងវិញ។ លោកបានបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍មួយប្រកបដោយសុវត្ថិភាព សុខសន្តិភាព និងមានភាពទាក់ទាញ។

ក្នុងពេលកូវីដនេះ ទោះបីជាកម្ពុជាបានជួបនូវវិបត្តិ តែក៏ជាឱកាសដែលកម្ពុជាបានខិតខំអភិវឌ្ឍ ដូចជានៅតំបន់សៀមរាប-អង្គរ នៅក្រុងព្រះសីហនុ នៅរាជធានីភ្នំពេញ និងគ្រប់គោលដៅផ្សេងទៀត ដែលសុទ្ធតែមានការអភិវឌ្ឍបន្ថែមប្រកបដោយសោភ័ណភាព បរិយាកាសល្អ ហើយសេវាកម្មក៏កាន់តែល្អជាងមុន។

លោកបន្ថែមថា នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ២.២លាននាក់ ក្នុងនោះមានភ្ញៀវទេសចរចិនតែជាង១១ម៉ឺននាក់ប៉ុណ្ណោះ។

ប៉ុន្តែក្រោយពេលរដ្ឋាភិបាលចិនបើកឱ្យប្រជាជនខ្លួនអាចចេញក្រៅប្រទេសបានចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ មកនោះ កម្ពុជាក៏រំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរចិនប្រមាណយ៉ាងតិច១លាននាក់ នៅឆ្នាំ២០២៣ ហើយប្រសិនបើបូកសរុបទាំងភ្ញៀវទេសចរចិននិងភ្ញៀវអន្តរជាតិផ្សេងទៀត កម្ពុជានឹងទទួលភ្ញៀវអន្តរជាតិសរុបយ៉ាងតិច៤លាននាក់ នៅឆ្នាំ២០២៣នេះ។

ប្រសិនបើដូចការរំពឹងនេះមែន គឺស្របទៅនឹងផែនទីចង្អុលផ្លូវស្ដីពីការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលបានគូសវាសទុករួចមកហើយនោះ ដោយក្នុងឆ្នាំ២០២៥ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ៦-៧លាននាក់ ដែលស្មើនឹងឆ្នាំ២០១៩កាលពីមុនវិបត្តិនោះ។

អ្វីដែលសំខាន់នោះ នៅឆ្នាំ២០២៣នេះ គឺជាឆ្នាំទស្សនាកម្ពុជា (ឆ្នាំទស្សនាកម្ពុជា២០២៣ Visit Cambodia Year 2023) ដែលមានព្រឹត្តិការណ៍ធំៗជាច្រើន រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរមកពីបរទេស ដូចជា ខួបអនុស្សាវរីយ៍លើកទី៦៥នៃចំណងមិត្តភាពការទូតកម្ពុជា-ចិន ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម

និងអាស៊ានប៉ារ៉ាហ្គេម ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែលភ្ញៀវទេសចរចិនមានឱកាសឈប់សម្រាក និងចេញដើរកម្សាន្តនៅក្រៅប្រទេសច្រើនដែរ។

លោកថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆាប់ៗខាងមុខនេះ ក៏មានព្រឹត្តិការណ៍កីឡា Ultra Trail ដ៏ធំមួយនៅខេត្តសៀមរាបផងដែរ។

លើសពីនេះនៅមានព្រឹត្តិការណ៍ជាច្រើនទៀត រាប់ទាំងព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡា ពិសេសគឺមានពិធីបុណ្យទន្លេលើកទី៧ ដែលគ្រោងធ្វើឡើងនៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣។

លោកថា «ធ្វើយ៉ាងម៉េចឱ្យមានព្រឹត្តិការណ៍ក្នុង១ខែយ៉ាងតិច១ព្រឹត្តិការណ៍នៅតាមខេត្តនានា ព្រឹត្តិការណ៍ទេសចរណ៍ ព្រឹត្តិការណ៍វប្បធម៌ថ្នាក់ខេត្ត។

យើងបានលើកពាក្យស្លោកមួយគឺថា រាល់ថ្ងៃគឺជាអច្ឆរិយភាព Everyday is A Wonder អ៉ីចឹង Everything ក៏ជា Wonder ដែរ Every View, Every Moment, គ្រប់ពេលក៏ជាអច្ឆរិយៈ គ្រប់ទស្សនីយភាពក៏ជាអច្ឆរិយៈ គ្រប់ទេសភាពក៏ជាអច្ឆរិយៈ និយាយរួមគឺធ្វើបដិសណ្ឋារកិច្ចឱ្យកាន់តែល្អ ម្ហូបអាហារឆ្ងាញ់ មានគុណភាព តម្លៃសមរម្យ»។

គួរជម្រាបថា តាមការវាយតម្លៃរបស់អង្គការទេសចរណ៍ពិភពលោក ដោយនៅឆ្នាំ២០១៩ ភ្ញៀវទេសចរចិនបានចេញក្រៅប្រទេសប្រមាណ១៥០លាននាក់

ក្នុងចំណោមភ្ញៀវទេសចរសរុបរបស់ពិភពលោក១,៥០០លាននាក់ (ស្មើនឹងជិត២០ភាគរយ) ហើយនាំមកនូវចំណូលប្រមាណ២៥៨ពាន់លានដុល្លារអាមេរិក ចូលទៅក្នុងសេដ្ឋកិច្ចពិភពលោក លើចំណូលរួម១,៣០០ពាន់ពាន់លាន នៃចំណូលសេដ្ឋកិច្ចពិភពលោកដែលបានពីវិស័យទេសចរណ៍ពិភពលោក។

ដូច្នេះការចេញកម្សាន្តរបស់ភ្ញៀវទេសចរចិន គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ៕