បណ្តាញសង្គម

ព្រះ​អង្គ​ម្ចាស់​បញ្ជាក់​ពីការ​ទារ​សំណង $៣៦ ម៉ឺន

ភ្នំពេញៈ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច បានបដិសេធ ចំពោះព័ត៌ មានដែលថា ព្រះអង្គ បានទាមទារ ប្រាក់សំណង ៣៦ ម៉ឺនដុល្លារ ប៉ុន្តែថា គឺមេធាវីរបស់ ទ្រង់ទៅវិញទេ ដែលជាអ្នកទាមទារសំណង ពីជនបង្កគ្រោះថ្នាក់ ចរាចរណ៍ ដល់ក្បួនរថយន្ត របស់ទ្រង់ នៅខេត្តកំពង់ចាម កាលពីខែមេសា។

ក្នុងពិធីលាបំណន់ ព្រះអង្គដងកើ កាលពីម្សិលមិញ ដែលទ្រង់ធ្លាប់បន់ ស្រន់សូមឲ្យអ្នកម្នាង ផល្លា បានជាសះស្បើយ ពីរបួស ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានមានព្រះបន្ទូល ប្រាប់អ្នកសារព័ត៌មាន ដោយសំដៅឆ្លើយតបទៅ នឹងការចុះផ្សាយ របស់សារព័ត៌មាន កន្លងមកថា ព្រះអង្គ មិនបានទាមទារ សំណង ៣៦ ម៉ឺនដុល្លារ នោះទេ តែនេះជាភារកិច្ច របស់មេធាវី ព្រះអង្គ ដែល ស្នើឡើង តាមរយៈការ វាយតម្លៃ លើការខូចខាតនានា ។

ព្រះអង្គថា៖ «ខ្ញុំបានដឹងថា សារព័ត៌មាន និយាយថា មេធាវីសម្តេច ក្រុមព្រះ ទារលុយគេ ៣៦ ម៉ឺនដុល្លារ ការពិតសម្តេចក្រុមព្រះ មិនបានទារអីទេ តែបើយើងគិត ពីការព្យាបាល ជំងឺនៅមន្ទីរ ពេទ្យប្រទេសថៃ និងការខូចខាត ច្រើន ជាងហ្នឹងឆ្ងាយណាស់ អ៊ីចឹងការងារនេះ អាស្រ័យ លើមេធាវី និងតុលាការ ជាអ្នកសម្រេច តែប៉ុណ្ណោះ » ។ បើតាមព្រះអង្គម្ចាស់ អ្នកម្នាង ផល្លា នាពេលនេះ គឺបានធូរស្បើយ របួសច្រើនហើយ តែនៅបន្តការ ថែទាំនៅឡើយ ។

ក្នុងសំណុំរឿងនេះ  ជនសង្ស័យឈ្មោះ ឈឿន ស៊ី ជាព្រូរថយន្ត ដឹកដី ដែលបានបុក ទៅលើក្បួនព្រះទីនាំង របស់ព្រះអង្គម្ចាស់ និងបានបង្កឲ្យ របួសអ្នកមា្នង អ៊ុក ផល្លា និងកងអង្គរក្ស មានរបួសធ្ងន់ ស្រាលរហូតដល់ ៨ នាក់។ ឈឿន ស៊ី ត្រូវបានសាលាដំបូង ខេត្តកំពង់ចាម បើកសវនាការកាត់ក្តី កាលពីថ្ងៃអង្គារ ទី ២២ ខែ កញ្ញា និងគ្រោងប្រកាស សាលក្រម នៅថ្ងៃទី ២០ ខែតុលា ខាងមុខ ។

បើតាមលោក មាន ព្រហ្មមុនី អ្នកស៊ើបអង្កេត សមាគមសិទ្ធិ មនុស្សអាដហុក ខេត្តកំពង់ចាម ដែលធ្លាប់ត្រូវបាន ក្រុមគ្រួសារជនសង្ស័យ ពឹងសុំសេវាមេធាវី ការពារធ្លាប់បានឲ្យដឹងថា លោក ឈឿន ស៊ីមិនគួរត្រូវបានចោទប្រកាន់ឡើយ ព្រោះមិនមែនជា អ្នកបើកបរ ខណៈអ្នកបើកបរ នាគ្រានោះ បានរត់គេចខ្លួនបាត់ ក្រោយពីបង្កហេតុ ៕